ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរអន្តរជាតិ កំពុងកើនឡើងវិញជា​បណ្តើរៗ ​៦ខែដើម ឆ្នាំ២០២២​ ទេសចរមក​ពីអឺរ៉ុប និងអាមេរិក កើនឡើងច្រើន​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើក​ស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំ “បូកសរុបលទ្ធផល​ការងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹមឆមាសទី១ ឆ្នាំ២០២២” នាព្រឹកថ្ងៃទី០៨…

រាជធានីភ្នំពេញ៖ លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើក​ស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំ “បូកសរុបលទ្ធផល​ការងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹមឆមាសទី១ ឆ្នាំ២០២២” នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍។ កិច្ចប្រជុំ បានកត់សម្គាល់ថា ​ភ្ញៀវទេសចរអន្តរជាតិ កំពុងកើនឡើងវិញជាបណ្តើរៗ ​៦ខែដើម ឆ្នាំ២០២២​ ទេសចរមកពីអឺរ៉ុប និងអាមេរិក កើនឡើងច្រើន​។

ឯកឧត្តម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្ដិការអន្តរជាតិ និងជាប្រធាន​លេខាធិការដ្ឋានស្ដីទីនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយ​វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំ “បូកសរុបការងារឆមាសទី១ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ ” ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានអង្គភាព នាយកដ្ឋានពាក់ព័ន្ធទទួលខុសត្រូវ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តតាមរយៈប្រព័ន្ធវីដេអូ Zoom សរុបប្រមាណ ៧០នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ថោង រដ្ឋសក្ដិ បានបញ្ជាក់​ពីស្ថានភាពភ្ញៀវទេសចរអន្តរជាតិជារួម ដែលកំពុងមានកំណើនត្រលប់មកវិញជាបណ្តើរៗ ដោយក្នុងនោះ គិតត្រឹម៦ខែដើម​ឆ្នាំ២០២២នេះ ស្ថានភាពទេសចរក្នុងតំបន់អ៊ឺរ៉ុប និងអាមេរិកមានការកើនឡើងពី ២០%-២៥% និងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើង ១% ដោយសារមិនទាន់មានដំណើរការទេសចរ​ជនជាតិចិន។ ក្នុងនោះផងដែរ ក្នុងខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានការហោះហើរ​ចូលមកបន្ថែមគួរឱ្យកត់សម្គាល់។

ឯកឧត្តម បានមានប្រសាន៍ថា បច្ចុប្បន្ននេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជារួមកើនឡើងជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ បច្ចុប្បន្ននេះ ប្រទេសជាសមាជិកអាស៊ាន​ទាំងអស់ កំពុងដាក់អាទិភាពអនុវត្តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ លើស្ថានភាពទេសចរណ៍ ដោយផ្តោតសំខាន់ចំនួន ០៣ចំនុចគឺ៖ ១. ជំរុញបន្ថែមនូវ​ការស្តារសេដ្ឋកិច្ចឡើងវិញ រួមជាមួយនឹងការគិតគូរពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ២. ការធ្វើឌីជីថលូបណីយកម្ម និង៣. ការគិតគូរពីការរៀបចំសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ជាផលិតផលទាក់ទាញទេសចរណ៍។

បន្ថែមពីនេះទៀត ឯកឧត្តម ថោង រដ្ឋសក្ដិ បានពិនិត្យលើលទ្ធផលការងារ ដែលសម្រេចបានជារួមកន្លងមក និងបានវាយតម្លៃថា អង្គភាពពាក់ព័ន្ធទាំងអស់ បានបំពេញការងារស្របតាមផែនទីចង្អូលផ្លូវដោយសម្រេចបាន ៨០% បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ។

យ៉ាងណាមិញ លេខាធិការដ្ឋានរង់ចាំរបាយការណ៍បន្ថែមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីដាក់បញ្ចូល និងបំពេញបន្ថែមក្នុងរបាយការណ៍សមិទ្ធផលរបស់ក្រុមការងារ។

ជាចុងក្រោយ ឯកឧត្តម បានសំណូមពរដូចខាងក្រោម៖ ទី១. ស្នើឯកឧត្តម លោកប្រធាន​លេខាធិការដ្ឋាន នៃអនុក្រុមការងារទាំង៣ ដើរតួនាទីបន្ថែមលើកិច្ចការសម្របសម្រួល​ជាមួយគ្រប់នាយដ្ឋាន និងអង្គភាពដែលពាក់ព័ន្ធ សម្រាប់អនុក្រុមការងាររៀងៗខ្លួន ដើម្បីពន្យល់ និងជម្រុញ ដល់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធទាំងនោះបំពេញសកម្មភាពរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ទី២. ស្នើឯកឧត្តម លោកប្រធានលេខាធិការដ្ឋាន នៃអនុក្រុមការងារទាំង៣ រៀបចំជារបបរបាយការណ៍ និងរបបប្រជុំជាប្រចាំសម្រាប់អនុក្រុមការងាររៀងៗខ្លួន ដើម្បីប្រមូល​លទ្ធផលពីនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ជាប្រចាំខែ ឬយ៉ាងហោចប្រចាំត្រីមាស និងធ្វើការបូក​សរុប រួមនឹងការវាយតម្លៃជាមុន មុននឹងបញ្ចូលមកលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ធ្វើបូកសរុប ទី៣. ស្នើឯកឧត្តម លោកជំទាវ ប្រធានអង្គភាព នាយកដ្ឋានពាក់ព័ន្ធ មេត្តាតាមដានសកម្មភាពអនុវត្តប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំការបញ្ជាក់ពីលេខាធិការដ្ឋានភ្លាមៗ ក្នុងករណីមានចម្ងល់ ឬយល់ថាជាន់ភារកិច្ច​នៅក្នុងចំនុចសកម្មភាពអនុវត្តណាមួយ ដើម្បីជម្រុញការងារទៅមុខ។

សម្រាប់លទ្ធផលការងារដែលសម្រចបានទាំងនេះ នឹងដាក់ផ្សព្វផ្សាយរួមសម្រាប់សមិទ្ធិផល​ការងារ​របស់ក្រសួង​ទេសចរណ៍ក្នុងអង្គសន្និបាតបូកសរុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខនេះ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ