ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបករណីគ្រឿងញៀ.ន ធ្លាយដល់រឿង ធាក់ប្លន់ម៉ូតូ! ឃាត់ ៦នាក់ និងម៉ូតូ ៣គ្រឿង ៥នាក់ទៀត រត់បាត់

1 ឆ្នាំ មុន
  • តាកែវ

តាកែវ៖ ក្មេងស្ទាវមួយក្រុម ជាមុខសញ្ញាកាប់ប្លន់លួចម៉ូតូ និងឆក់យ៉ាងកក្រើកនៅក្នុងភូមិសាស្ត្រ​ខេត្តតាកែវ ត្រូវបានកំលាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានចំនួន ៦នាក់ និងម៉ូតូ ៣គ្រឿង។ ក្នុងក្មេងស្ទាវទាំងនេះ…

តាកែវ៖ ក្មេងស្ទាវមួយក្រុម ជាមុខសញ្ញាកាប់ប្លន់លួចម៉ូតូ និងឆក់យ៉ាងកក្រើកនៅក្នុងភូមិសាស្ត្រ​ខេត្តតាកែវ ត្រូវបានកំលាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានចំនួន ៦នាក់ និងម៉ូតូ ៣គ្រឿង។ ក្នុងក្មេងស្ទាវទាំងនេះ ស្ថិតក្នុងចំណោមបក្សពួក ១១នាក់ ដែលបាន​រួមដៃគ្នា ធ្វើសកម្មភាពបទល្មើស។

កាលពី​ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ កងកំលាំងរាជអាវុធហត្ថខេត្តតាកែវ បានបង្ហាញ​មុខសញ្ញា ជាជនសង្ស័យកាប់ប្លន់ម៉ូតូ និងឆក់​យ៉ាងកក្រើក នៅក្នុងខេត្តតាកែវ រយៈពេល ៣ខែកន្លងមកនេះ ចំនួន ​៦នាក់ ក្នុងចំណោមបក្សពួក ១១នាក់។ ជនសង្ស័យទាំងនោះ អាយុចាប់ពី ១៧ឆ្នាំ ដល់ ១៨ឆ្នាំ។ កន្លងមក ក្រុមនេះ បានប្រព្រឹត្ត​បទល្មើសយ៉ាងកក្រើក ដោយកាប់ ធាក់ប្លន់យកម៉ូតូ និងឆក់កាបូបដ៏កក្រើក នៅក្នុងទឹកដីខេត្តតាកែវ។

លោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់​កោះសន្តិភាព​ថា ជនសង្ស័យទាំង ​៦នាក់នេះ គឺជាមុខសញ្ញា បង្កើតបទល្មើស​ជាច្រើនករណី ក្នុងនោះ មានកាប់ប្លន់ ធាក់ផ្តួលប្លន់យកម៉ូតូ និងធ្វើសកម្មភាពឆក់កាបូបយ៉ាងកក្រើកនៅក្នុងទឹកដី​នៃ​ខេត្តតាកែវ រយៈពេលជាង ៣ខែមកនេះ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បន្តថា ការឈានទៅដល់ការឃាត់ខ្លួន​ជនសង្ស័យ​នេះបាន គឺដំបូងកំលាំងយើង បានចុះទៅបង្ក្រាបករណីគ្រឿងញៀនទេ តែនៅពេលឃាត់ខ្លួនជនសង្ស័យ ក៏ឆែកឆេរកឃើញស្លាកលេខម៉ូតូថ្មីមួយ ទើបកំលាំងជំនាញ ធ្វើការស្រាវ​ជ្រាវ និងសាកសួរជនសង្ស័យ ថាជាស្លាកលេខម៉ូតូ កែប 1B-4438 នោះជាស្លាកលេខ​ម៉ូតូរបស់អ្នកណាគេ? ក្រោយពេលសួរនាំ និងអង្កេតយ៉ាងលម្អិត ទើបជនសង្ស័យ ព្រមសារភាព ថា ជាស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ដែលបានមកពីការធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ នៅផ្លូវបំបែក ពេជ្រសារ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ និងមានករណីកាប់ប្លន់ម៉ូតូជាច្រើនករណីទៀត នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពបានសម្រេចកន្លងមក។       

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី  បានបន្តទៀតថា ចំពោះជនសង្ស័យទាំង ៦នាក់ ដែលបង្រ្កាប​បាន នៅពេលនេះ រួមមាន៖ ទី០១ ឈ្មោះ វឿន រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ។ ទី០២ ឈ្មោះ ចែម លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាក់កូដ ឃុំលាយបូរណ៍ ស្រុកត្រាំកក់។ ទី០៣ ឈ្មោះ ម៉ែន វីរៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ទី០៤ មានឈ្មោះ តូច រតនា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបិនម៉ៅ សង្កាត់​រកាក្រៅ ក្រុងដូនកែវ។ ទី០៥ មានឈ្មោះ មឿន ជីវ័ន្ត ភេទប្រុស  អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរច័ន្ទ សង្កាត់រកាក្រៅ ក្រុងដូនកែវ និងទី ០៦ មានឈ្មោះ អ៊ុង សំនាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ។          

ជនសង្ស័យទាំង ០៦នាក់ខាងលើ ត្រូវបានកំលាំងជំ​នាញ បានកសាងសំណុំរឿង បញ្ជូនទៅ​សាលាដំ​បូង​ខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ។ ដោយឡែក ចំពោះជនសង្ស័យ ដែលជាបក្សពួកចំនួន ៥នាក់ កំពុងរត់គេចខ្លួននោះ សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវ​ឃាត់ខ្លួនជាបន្តទៀត។ 

ប្រជាពលរដ្ឋ រស់នៅខេត្តតាកែវ ក្រៅពីសាទរ​នឹងប៉េអឹម ដែលបានចាប់ក្រុមចោរឆក់ប្លន់ នៅតាមផ្លូវសាធារណៈនេះ ប្រជាពលរដ្ឋ ក៏ស្នើដល់​កងកម្លាំងសមត្ថកិច្ច បង្ក្រាប​លើក្រុម​អ្នកទទួលទិញម៉ូតូ​ពីចោរទាំងនោះ។ បើ​មិនមានអ្នកទិញរបស់ចោរ ក៏ចោរ មិនដឹង​ឆក់ប្លន់ យកទៅលក់​នៅឯណាដែរ។ ដូច្នេះ​អាជ្ញាធរសមត្ថកិច្ច ត្រូវតែស្រាវ​ចាប់យក​ឱ្យអស់ ទាំង​ចោរ និងទាំង​អ្នកទទួលទិញរបស់ចោរ៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ