ការកើតមានជំងឺគ្រុនផ្តាសាយក្នុងពេលមានផ្ទៃពោះនឹងមិនបណ្តាលឲ្យកូនរបស់អ្នកកើតជំងឺអូទីសិមនោះទេ នេះបើយោងតាមអ្វីដែលអ្នកវិទ្យាសាស្ត្របានរកឃើញ ។
កាលពីមុនក្រុមអ្នកជំនាញបានគិតថា មេរោគផ្តាសាយបណ្តាលឱ្យមានការរលាកនិងធ្វើឲ្យមានការអន់ថយនៃកំណើនកោសិកាប្រសាទចំពោះទារកក្នុងផ្ទៃ។ ប៉ុន្តែឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានបដិសេធនឹងការរកឃើញពីមុន និងបានបញ្ជាក់ថា គ្មានទំនាក់ទំនងនៃហេតុផលដែលបានលើកឡើងខាងលើនោះទេ ។
ទោះជាយ៉ាងណា ពួកគេបានរកឃើញថាមានហានិភ័យបន្តិចបន្តួចចំពោះកុមារ ដែលនឹងអាចកើតជំងឺនេះ ប្រសិនបើម្តាយរបស់ពួកគេទទួលការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយអំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះ ។ ពួកគេបានសិក្សាលើទារកចំនួន196.929 នាក់ដែលមានអាយុ24សប្តាហ៍ក្នុងស្បូន។ មានទារក 3.101 នាក់ ដែលបានកើតមានជំងឺ autism spectrum disorders (ASD) ។ នៅក្នុងក្រុមនេះ មានស្ត្រីពពោះចំនួន1.400 នាក់ប៉ុណ្ណោះ ដែលមានជំងឺផ្តាសាយ ។
ស្ត្រីមានផ្ទៃពោះចំនួន 45.231នាក់ទៀតបានចាក់វ៉ាក់សាំងផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះរបស់ពួកគេ។ ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការចាក់វ៉ាក់សាំងអំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះអាចបង្កើនហានិភ័យដល់ទារកក្នុងការកើតជំងឺអូទីសិម ។
ខណៈពេលការចាក់វ៉ាក់សាំងនេះក្នុងអំឡុងត្រីមាសទីពីរ ឬទីបីនៃការមានផ្ទៃពោះ មិនមានហានិភ័យខ្ពស់ចំពោះកុមារនោះទេ។ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវ Kaiser Permanente នៅភាគខាងជើងកាលីហ្វនីញ៉ា ក្នុងរដ្ឋអូកឡិនកំពុងអំពាវនាវឱ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់ពីទំនាក់ទំនងរវាងវ៉ាក់សាំងជំងឺផ្តាសាយនិងជំងឺASDនេះ ៕
ចែករំលែកព័តមាននេះ