បុគ្គលិកក្រុមហ៊ុនឯកជន ទទួលបានប្រាក់ចូលនិវត្ត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ?
- ភ្នំពេញ
ភ្នំពេញ៖ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួង ដោយសម្រេចដាក់ឱ្យអនុវត្ត «របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន» ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ សម្រាប់បុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ តាមន័យនេះ គឺបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនទាំងអស់នៅប្រទេសកម្ពុជាយើង នឹងទទួលបានប្រាក់ចូលនិវត្ត ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។
សេចក្តីសម្រេចដាក់ឱ្យអនុវត្តនេះ ត្រូវបានចុះហត្ថលេខា ដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
ប្រកាសអន្តរក្រសួង បានបញ្ជាក់ថា «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារ ដូចមានចែងក្នុងមាត្រា ៣៩ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ កន្លងមក»។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យ ដែលមាន ១០ជំពូក និង ៤០មាត្រា ស្តីពីការផ្តល់ប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ការសម្រេចដូច្នេះ នាំឱ្យបុគ្គលិក ក្នុងវិស័យឯកជន អាចទទួលបានប្រាក់ចូលនិវត្ត ដូចនឹងបុគ្គលិកក្នុងក្រសួងស្ថាប័នរដ្ឋដែរ។
អនុក្រឹត្យដដែល បានបញ្ជាក់ថា ការសម្រេចផ្តល់ប្រាក់សោធននេះ អនុវត្តចំពោះបុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរាប់បញ្ចូលទាំងបុគ្គល ដែលធ្វើការ ចាប់ពី ២ កន្លែងឡើងទៅ។
បេឡាជាតិសន្តិសុខសង្គម ដែលហៅថា ប.ស.ស គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចមានចែងក្នុងអនុក្រឹត្យនេះ។
អនុក្រឹត្យដដែលនេះ បានកំណត់ថា សម្រាប់រយៈពេល ៥ឆ្នាំដំបូង ភាគទាននេះ ត្រូវកំណត់ក្នុងអត្រាស្មើនឹង ៤ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទាន។ ក្នុងនោះ ២ភាគរយ ជាបន្ទុកនិយោជក និង ២ភាគរយ ជាបន្ទុកកម្មករនិយោជិត។ ការបង់ភាគទានផ្នែកប្រាក់សោធន ត្រូវធ្វើជាប្រចាំខែ។
ពោលគឺបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ ដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីការងារ ត្រូវជាប់កាតព្វកិច្ច បង់ភាគទាន និងទទួលបានអត្ថប្រយោជន៍នេះ ដូចករណីប.ស.ស ផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកពិនិត្យសុខភាព ដែលបានអនុវត្តយូរឆ្នាំមកហើយ។
យ៉ាងណាក៏ដោយ ការសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលគេហៅឱ្យស្រួលស្តាប់ថា ប្រាក់ចូលនិវត្តរបស់បុគ្គលិកក្រុមហ៊ុនឯកជននេះ មិនត្រូវបានផ្សព្វផ្សាយលម្អិត ថាតើកម្មករនិយោជិត ជាបុគ្គលិកក្រុមហ៊ុនឯកជន នឹងទទួលបានអត្ថប្រយោជន៍ កម្រិតណា? ហើយត្រូវចូលនិវត្ត ឈប់ធ្វើការនៅអាយុប៉ុន្មាន? ខណៈដែលមន្ត្រីរាជការ កំណត់ត្រឹមតអាយុ ៦០ឆ្នាំ? ហើយថាតើប្រាក់ចូលនិវត្តរបស់កម្មករនិយោជិត និងបុគ្គលិកក្រុមហ៊ុនឯកជននោះ នឹងទទួលបានប៉ុន្មាននោះឡើយ ឬក៏ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ប.ស.ស ចាប់ផ្តើមតម្រូវឱ្យបុគ្គលិកកម្មករនិយោជិតក្រុមហ៊ុនឯកជន និងថៅកែក្រុមហ៊ុន ត្រូវបង់ប្រាក់សោធន ៤ភាគរយ ( បុគ្គលិកកម្មករនិយោជិត ២ភាគរយ និងថៅកែ បង់ ២ភាគរយ )?។
ភ្នាក់ងារសារព័ត៌មានយើង នឹងព្យាយាមរកសេចក្តីលម្អិតពិស្តារផ្សាយជូនមិត្តអ្នកអាន ជុំវិញរឿងនេះ នៅពេលក្រោយ៕


ចែករំលែកព័តមាននេះ