ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេសិតពិសេសរបស់ប្រធានអាស៊ានទទូចឱ្យបញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្ដី​ពី​មី​យ៉ា​ន់​ម៉ា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្ដី​ពី​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា បាន​ជម្រាប​ជូន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) នៃ​សហភាព​មី​យ៉ា​ន់​ម៉ា​នូវ «​ក្តី​កង្វល់​យ៉ាង​ខ្លាំង​របស់​សហសេវិក​អាស៊ាន​» ចំពោះ​របាយការណ៍​ស្តី​ពី ការ​ផ្ទេរ​លោកស្រី អោ​ង​សាន ស៊ូ​ជី ពី​លំនៅ​ដ្ឋា​ន​ទៅ​កាន់​ពន្ធនាគារ​នៅ​ក្នុង​ទីក្រុង​ណៃ​ពិដោ និង​បាន​ទទូច​ឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​សម្របសម្រួល​ដល់​ការ​បញ្ជូន​លោកស្រី​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ដែល​ជាទី​តាំង​លោកស្រី​ត្រូវ​បាន​ឃុំខ្លួន​ពី​ដំបូង ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ជុំ ស​ន្ទ​រី ។

តាម​ប្រកាស​ព័ត៌មាន​របស់ ឯកឧត្តម ជុំ ស​ន្ទ​រី បាន​បញ្ជាក់​ថា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​លើក​ឡើង​ក្នុង​លិខិត​ផ្ញើ​ជូន ឯកឧត្តម Wunna Maung Lwin រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ៖ «​ខ្ញុំ​មិន​មាន​មន្ទិល​សង្ស័យ​ទេ​ថា ក្តី​បារម្ភ​ដូច​គ្នា​នេះ​កើតឡើង​ហួស​ពី​ក្នុង​រង្វង់​អាស៊ាន ដោយហេតុ​ថា​លោក​សី អោ​ង​សាន ស៊ូ​ជី ត្រូវ​បាន​ចាត់​ទុក​ក្នុង​រង្វង់​អន្តរជាតិ និង​ដោយ​ប្រជាជន​ជា​ច្រើន​នៅ​មី​យ៉ា​ន់​ម៉ា​ថា មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព និង​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ​នៅ​ក្នុង ប្រទេស​មី​យ៉ា​ន់​ម៉ា​តាម​រយៈ​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​មួយ​» ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ក្នុង​តួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា «​ខ្ញុំ​សូម​លើក​ឡើង​ពី​ការ​ទទូច​របស់​សហស​វិក​អាស៊ាន សូម​អោយ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​មី​យ៉ា​ន់​ម៉ា ប្រកាន់​យកក្តី​អនុគ្រោះ និង​សម្រួល​ដល់​ការ​វិល​ត្រឡប់​របស់​លោកស្រី អោ​ង​សាន ស៊ូ​ជី ទៅ​កាន់​លំនៅ​ដ្ឋា​ន​ដែល​លោកស្រី​ត្រូវ​បាន​ឃុំខ្លួន​ពី​ដំបូង​ដោយ​ហេតុផល​សុខភាព និង​សុខមាលភាព​ទ្រុឌទ្រោម​របស់​លោកស្រី ក៏​ដូច​ជា ការ​អនុវត្ត​នីតិរដ្ឋ​ប្រកបដោយ​យុត្តិធម៌ និង​សុភ​វិនិច្ឆ័យ​» ។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន បាន​លើក​ឡើង​ថា «​យើង​ទាំងអស់​គ្នា​មាន​ទស្សនៈ​ដូច​គ្នា​ថា ការ​ផ្សះផ្សា​ជាតិ​ដោយ​សន្តិវិធី មិន​អាច​កើតឡើង​បាន​ឡើយ នៅ​ពេល​ដែល​ភាគី​មួយ​នៃ​ជម្លោះ​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​សមីកា (equation) ដំណោះស្រាយ​» និង​បាន​គូសបញ្ជាក់​ថា «​អាស្រ័យ ហេតុនេះ​សហស​វិក​អាស៊ាន​ទាំងអស់​ជំរុញ​យ៉ាង​ខ្លាំង​អោយ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​របស់​មី​យ៉ា​ន់​ម៉ា​ចាប់ផ្តើម​ដំណើរការ​ប្រកបដោយ​បរិ​យា​ប័ន្ន​នៃ​ការ​ផ្សះផ្សា​ជាតិ ដោយ​មិន​មានការ​ពន្យារពេល​បន្ថែម​ទៀត​នោះ​ឡើយ​» ។

ឯកឧត្តម​ប្រេសិត​ពិសេស​បាន​បន្ថែម​ថា ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​មួយ​ទោះបីជា​មាន​ភាព​ស្មុគស្មាញ​យ៉ាងណា​ក៏​ដោយ​ត្រូវ​តែ​មានការ​ចែករំលែក​លំហ​នយោបាយ​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ