ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ខ្លាំង​ណាស់ ! រត់​ទៅ​ដេក​ប៉ុស្តិ៍​ប៉ូលិស​ទាំង​យប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដោយសារ​តែ​ខ្លាច​ខ្លាំង​ពេក​មិន​ហ៊ាន​ដេក​នៅផ្ទះ​ខ្លួនឯង​ក៏​បាន​រត់​ដេក​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​តាំងពី​យប់​ថ្ងៃ​ទី​២៤ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដោយសារ​តែ​ខ្លាច​ខ្លាំង​ពេក​មិន​ហ៊ាន​ដេក​នៅផ្ទះ​ខ្លួនឯង​ក៏​បាន​រត់​ដេក​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​តាំងពី​យប់​ថ្ងៃ​ទី​២៤ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ព្រោះតែ​ត្រូវ​ប្តី​វាយ​ទាត់​ធាក់ និង​ដាល់​ឡើង​ហើម​មុខ​ហើម​មាត់​អស់រលីង ។

ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​រត់​មក​ដេក​នៅ​ប៉ុស្តិ៍​ទាំង​យប់​នេះ​ឈ្មោះ ម៉េ​ង ធូ អាយុ​៣២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានកូន​ជាមួយ​ប្តី​មុន​៣​នាក់ និង​មានកូន​ជាមួយ​ប្តី​ក្រោយ​១​នាក់ ។ ចំណែក​បុរស​ជា​ប្តី​ក្រោយ​ដែល​វាយ​ធ្វើ​ស្ត្រី​រង​គ្រោះ​នេះ​ឈ្មោះ ម៉ៅ គឹ​ម​ហៀ​ង ហៅ ចាន់​នី អាយុ​៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ ។ ទាំង​២​នាក់​នេះ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៧​ក ស្ថិត​ក្នុងភូមិ​ជម្ពូរ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពីមុន​រស់នៅ​ភូមិ​ពាម​ស្តី ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វា​ឯង ខេត្តកណ្ដាល ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នាង​និង​អ្នក​ជិតខាង​ឧស្សាហ៍​ខ្ចី​លុយ​គ្នា​ចាយ​ពេល​ដែល​មានការ​ខ្វះ​ណាស់ ហើយ​មុន​ពេល​កើតហេតុ​នាង​បាន​ឲ្យ​អ្នក​ជិតខាង​ម្នាក់​ខ្ចី​លុយ​១​ម៉ឺន​រៀល លុះ​ល្ងាច​ថ្ងៃ​ទី​២៤​វិច្ឆិកា ដោយសារ​តែ​អ្នក​ខ្ចី​លុយ​នោះ​គាត់​លក់​ទូរស័ព្ទ​បាន​លុយ​ក៏​យក​លុយ​មក​សង​វិញ ។ ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា នៅ​ពេល​ប្តី​ឃើញ​នាង​មាន​លុយ​ក៏​ចោទប្រកាន់​នាង​ថា​មាន​សហាយស្មន់​ជាមួយ​អ្នក​ជិតខាង ពេល​នោះ​ប្តី​ក្រោយ​របស់​នាង​ក៏​វាយ ទាត់ ធាក់ និង​ដាល់​ចំ​ៗ​កណ្ដាល​មុខ​នាង បណ្ដាល​ឲ្យ​នាង​ហើម​មុខ​ហើម​មាត់​ប៉ុន​ៗ​ណា​ណី ។ ហើយដោយ​សារ​តែ​នាង​ខ្លាច​ខ្លាំង​ពេក​មិន​ហ៊ាន​ដេក​ផ្ទះ​ព្រោះ​ខ្លាច​ប្តី​នាង​វាយ​ទៀត ក៏​រត់​មក​ដេក​នៅ​ប៉ុស្តិ៍​ប៉ូលិស​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា លុះ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ចំណុច​ផ្ទះ​ជួល​ដែល​ស្ត្រី​ខាងលើ​រស់នៅ​ដើម្បី​នាំ​ខ្លួន​បុរស​ជា​ប្តី​យក​មក​សាកសួរ ប៉ុន្តែ​បុរស​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ៕