ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​កំពុង​ឌុ​ប​កូន​២​នាក់​ជួប​គ្រោះ ពេល​ត្រូវ​រថយន្ត​បោះពួយ​យ៉ាង​លឿន​ត្រង់​ផ្លូវ​កោង

1 ឆ្នាំ មុន
  • ប៉ៃលិន

ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ចំណែក​កូន​ៗ​ចំនួន​ពីរ​នាក់​ទៀត​រង​របួសស្រាល ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ពេល​មាន​បុរស​ម្នាក់

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ចំណែក​កូន​ៗ​ចំនួន​ពីរ​នាក់​ទៀត​រង​របួសស្រាល ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ពេល​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ទាំង​ព្រឹក ហើយ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ត្រង់​ចំណុច​ផ្លូវ​កោង លុះ​បួង​ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​ពេញទំហឹង ក្នុង​ទិស​ដៅ​ច្រាស​គ្នា បណ្តាល​ឱ្យ​ដួល​ប្រាវ​រង​របួសធ្ងន់​-​ស្រាល​តែ​ម្តង​។

ហេតុការណ៍​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​អ្នក​ស្រវឹង​បើកបរ​លឿន​ត្រង់​ផ្លូវ​កោង ជ្រុល​ទៅ​បុក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​បុស​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បណ្ដាល​ឱ្យ​មនុស្ស​រង​របួស​ចំនួន​០៣​នាក់ ខូចខាត​រថយន្ត​ចំនួន​០១​គ្រឿង និង​ម៉ូតូ​ចំនួន​០១​គ្រឿង​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ជើង​គោក បានឱ្យ​ដឹង​ថា ៖ អ្នកបើកបរ​រថយន្ត​មានឈ្មោះ ជន សុខុម ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3829 (​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​) ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ អូន ចរិយា ភេទ​ស្រី អាយុ​៣០​ឆ្នាំ រង​របួសធ្ងន់ បាន​បើក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-0912 ខូចខាត​ផ្នែក​ខាង​មុខ ។ រីឯ​អ្នក​រួម​ដំណើរ​វិញ ទី​១- ឈ្មោះ លី សា ភេទ​ស្រី អាយុ​០៤​ឆ្នាំ ត្រូវជា​កូន និង​ទី​២- ឈ្មោះ វ៉ិ​ត សុវត្ថិ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ត្រូវជា​កូន ទាំងអស់​គ្នា​រស់នៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​មូលហេតុ​គ្រោះថ្នាក់​ខាងលើ​នេះ គឺ​បណ្ដាល​មក​ពី​បុរស​ភាគី​ខាង​រថយន្ត បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ និង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង ក៏​បួង​ចង្កូត​មិន​ទាន់ ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្រី​រង​គ្រោះ បណ្តាល​ឱ្យ​ដួល​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់​ម្តាយ​និង​កូន​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែក​រថយន្ត និង​ម៉ូតូ ក្រោយ​ពេល​វាស់វែង​រួច ត្រូវ​បាន​នគរបាល​ដកហូត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ