ដង្កូវព្រូនគឺជាសត្វល្អិតតូចៗ ដែលរស់នៅបានដោយការស្រូបយកជីវជាតិពីមនុស្សសត្វជាអាហារ ហើយត្រូវបានគេេហៅថាបរាសិត ។ ដង្កូវព្រូននិងតេនញ៉ារស់នៅក្នុងខ្លួនមនុស្សសត្វនិងរស់នៅគ្រប់ទីកន្លែងដូចជាក្នុងទឹក ដីសើម ភក់ និងចំណីអាហារដែលមិនមានអនាម័យ ។ ព្រូមានច្រើនប្រភេទដូចជា៖
-ព្រូនតម្ពក់ និងព្រូនអង្គីលីល ៖ ជាប្រភេទព្រូនម្យ៉ាងមានទំហំតូច ដែលមិនអាចមើលឃើញនិងភ្នែកទទេបាន ។ វារស់នៅនិងលូតលាស់ក្នុងដីសើម និងដីភក់ដែលមិនស្អាត។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមការជៀតចូលតាមស្បែក ។ នៅក្នុងខ្លួនមនុស្ស វាស្រូបយកជីវជាតិ និងជញ្ជក់ឈាមមនុស្សជាចំណីអាហារ ។
-ព្រូនចង្កឹះ ៖ ជាប្រភេទព្រូនមូលដែលមានទំហំធំជាងគេក្នុងចំណោមព្រូនមូលទាំងអស់ ។ វាមានប្រវែងពី២០ទៅ៣០សង់ទីម៉ែត្រ ស្តួចចុងដើមមានពណ៌ផ្កាឈូក ឬពណ៌ស។ វាឆ្លងចូលទៅក្នុងខ្លួនមនុស្សតាមការបរិភោគអាហារ ឬទឹកដែលគ្មានអនាម័យ (ដែលមានពងព្រូន) ។ នៅក្នុងខ្លួនមនុស្សវាស្រូបយកជីវជាតិដែលមនុស្សបានបរិភោគជាចំណីអាហារ ។
-អៀន ៖ អៀនមានប្រវែង១សង់ទីម៉ែត្រ ពណ៌ស មានរាងដូចសរសៃអំបោះ ។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈការបរិភោគអាហារឬទឹកដែលគ្មានអនាម័យ (ដែលមានពងព្រូន) ។ ភាគច្រើនអៀនចេញពងនៅខាងក្រៅរន្ធគូទនៅពេលយប់ (ធ្វើឲ្យរន្ធគូទរមាស់) ។
-ព្រូនរំពាត់សេះ ៖ ជាប្រភេទព្រូនដែលមានប្រវែងពី៣៥ទៅ៥០មីលី្លម៉ែត្រ មានពណ៌ផ្កាឈូករាងស៊ីជម្ពូ ខាងមុខតូចវែង (ខាងក្បាល) ហើយខាងក្រោយ(កន្ទុយ)ធំខ្លី វារស់នៅក្នុងពោះវៀនធំ ។ ព្រូនញី អាចពងពី៣០០០ទៅ២០០០០ពងក្នុងមួយថ្ងៃ បើវាមានចំនួនតិចវាមិនអាចមានផ្តល់អាការៈរោគអី្វទេ តែបើព្រូនេះមានចំនួនច្រើន វានឹងធ្វើឲ្យរាកមានឈាម ស្លេកស្លាំងនិងលៀនក្រសាល់គូទ ហើយវាអាចធ្វើឱ្យកើតមានជំងឺក្រិនទៀតផង ។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈការបរិភោគអាហារឬទឹកដែលគ្មានអនាម័យ ។
-តេនញ៉ាគោ(តេនញ៉ា សាស៊ីណាតា) ៖ តេនញ៉ាគោមានប្រវែងពី៤ទៅ៦ម៉ែត្រ ក្នុងស្ថានភាពខ្លះវាអាចមានប្រវែងរហូតដល់ទៅ២០ម៉ែត្រ ។ វាមានចុងម្ខាងរៀវឆ្មារ និងក្បាលកំប៉ោងដែលមានតម្ពក់៤សម្រាប់ភ្ជាប់ទៅនឹងផ្ទៃពោះវៀនមនុស្សឬសត្វ ។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈ ការបរិភោគអាហារឬទឹកដែលគ្មានអនាម័យ (ដែលមានពងតេនញ៉ា) និងសាច់ចម្អិនមិនបានឆ្អិនល្អ ។
-តេនញ៉ាជ្រូក(តេនញ៉ាសូល្យូម) ៖ វាមានប្រវែងពី២ទៅ៧ម៉ែត្រ ។ វាមានចុងម្ខាងរៀវឆ្មារ និងក្បាលកំប៉ោង មានតម្ពក់ព័ទ្ធជុំវិញសម្រាប់ភ្ជាប់ទៅនឹងផ្ទៃពោះវៀនមនុស្សឬសត្វ។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈការបរិភោគអាហារឬទឹកមិនស្អាត និងសាច់ចម្អិនមិនបានឆ្អិនល្អ ។ ពងតេនញ៉ាជ្រូកអាចធ្វើដំណើរចេញពីពោះវៀន ហើយបង្ករោគនៅកន្លែងដទៃទៀតនៃដងខ្លួនដូចជា ថ្លើម សួត និងខួរក្បាល ៕
ចែករំលែកព័តមាននេះ