ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ចូលរួម​ធ្វើ​ជំរឿន​សត្វ​ត្មាត លើក​ទី​៣ នៅ​ឆ្នាំ​២០២២

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រុមការងារ​អភិរក្ស​សត្វ​កម្ពុជា បាន​ចាប់ផ្តើម​ដំណើរការ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​របស់​ខ្លួន ស្ថិត​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​ធ្វើ​ជំរឿន​ប្រចាំឆ្នាំ​ចំនួន​៥​ដង ដើម្បី​តាមដាន​លើ​ទិន្នន័យ​វត្តមាន​របស់​សត្វ​ត្មាត…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រុមការងារ​អភិរក្ស​សត្វ​កម្ពុជា បាន​ចាប់ផ្តើម​ដំណើរការ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​របស់​ខ្លួន ស្ថិត​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​ធ្វើ​ជំរឿន​ប្រចាំឆ្នាំ​ចំនួន​៥​ដង ដើម្បី​តាមដាន​លើ​ទិន្នន័យ​វត្តមាន​របស់​សត្វ​ត្មាត និង​ការ​ត្រៀម​រៀបចំ​ផែនការ​បន្ត​ក្នុង​ការ​ការពារ ថែរក្សា និង​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​កម្រ​នេះ​ឲ្យ​បាន​គង់វង្ស ។

ទីតាំង​ជំរឿន​ចំនួន ៤​កន្លែង ត្រូវ​បាន​បើក​ក្នុង​ពេល​ដំណាលគ្នា នា​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ គឺ ៖
ទី​១-​ដែនជម្រកសត្វព្រៃ​សម្បូណ៌​ក្នុង​ខេត្តក្រចេះ
ទី​២-​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ក្នុង​ខេត្តស្ទឹងត្រែង
ទី​៣-​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ
និង​ទី​៤-​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ចូលរួម​ការ​ធ្វើ​ជំរឿន​សត្វ​ត្មាត​លើក​ទី​៣ ប្រចាំឆ្នាំ​២០២២ នេះ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​សម្បូណ៌ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​អង្គការ WWF និង​អង្គការ​អភិរក្ស​អន្តរជាតិ CI ។ ទិន្នន័យ​រួម​ចុង​ក្រោយ​មួយ នឹង​ត្រូវ​បូក​សរុប បន្ទាប់​ពី​ប្រមូល​បាន​ទិន្នន័យ​ពី​ទីតាំង​ជំរឿន​នានា ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​ថា ការ​ធ្វើ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​នេះ គឺ​ដើម្បី​ដឹង​ពី​កា​រវិ​វត្ត នៃ​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ដាក់ចុះ​វិធានការ​ផ្សេង​ៗ​ក្នុង​បំណង​ការពារ ឲ្យ​បាន​នូវ​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ ។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា ទិន្នន័យ​ជំរឿន​សត្វ​ត្មាត​កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ​បង្ហាញ​ថា សត្វ​ត្មាត​៣ ប្រភេទ​ដែល​មាននៅ​ប្រទេស​កម្ពុជា គឺ​ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាត​កស​ផេះ មាន​វត្តមាន​សរុប​ចំនួន ១២១​ក្បាល នៅ​ក្នុង​អាហារ​ដ្ឋា​ន​ត្មាត​ចំនួន ៤​កន្លែង​នៅ​តំបន់ការពារធម្មជាតិ​កម្ពុជា ក្នុង​នោះ​មាន​ត្មាតភ្លើង ២០​ក្បាល ត្មាតផេះ ៦៦​ក្បាល និង​ត្មាត​ត្នោត ៣៥ ក្បាល ។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា លទ្ធផល​នៃ​ការ​រាប់​ចំនួន​សត្វ​ត្មាត​ដោយ​អាហារ​ដ្ឋា​ន​ត្មាត នៅ​ដែនជម្រកសត្វព្រៃ​សំបូរ នៃ​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ​មាន​ចំនួន ៤១ ក្បាល និង​បាន​បង្ហាញ​ថា ចំនួន​សត្វ​ត្មាត​សរុប​ទាំង ៣ ប្រភេទ បញ្ចូល​គ្នា​បាន​កើនឡើង​ទ្វេ​ដង សម្រាប់​តំបន់​នេះ​ពោល​គឺ​ពី​ចំនួន ២០​ក្បាល ដល់​ចំនួន ៤១​ក្បាល សម្រាប់​ចន្លោះ​ចុងខែ​មិថុនា ដល់​ចុងខែ​សីហា​ឆ្នាំ ២០២១ កន្លង​ទៅ ។

លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា កម្ពុជា​គឺជា​ក្តី​សង្ឃឹម​ចុង​ក្រោយ សម្រាប់​ប្រភេទ​សត្វ​ត្មាត​ទាំងនេះ នៅ​ក្នុង​តំបន់​អាស៊ី អាគ្នេយ៍ ប៉ុន្តែ​ចំនួន​នេះ បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មក ។ ដើម្បី​ការពារ​និង​អភិរក្ស​សត្វ​ត្មាត​ឱ្យ​បាន​គង់វង្ស សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ២០០៤ ដែល​នៅ​ពេល​នោះ​ចំនួន​សត្វ​ត្មាត ដែល​បាន​កត់ត្រា​ពេល​ធ្វើ​ជំរឿន មាន​ចំនួន ១៦២ ក្បាល ដែល​ជា​ទិន្នន័យ​ធ្វើ​ជំរឿន​លើក​ដំបូង ។

ទិន្នន័យ​ជំរឿន​ឆ្នាំ ២០១០ ចំនួន​សត្វ​ត្មាត បាន​កើន​ដល់ ២៨៩ ក្បាល ក៏​ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០១១ ដល់ ២០១៤ ចំនួន​សត្វ​ត្មាត​មានការ​ថយ​ចុះ​គួរ​ឱ្យ​បារម្ភ ចាប់ពី​ពាក់កណ្តាល ឆ្នាំ ២០១៤ រហូត​ដល់​បច្ចុប្បន្ន ចំនួន​សត្វ​ត្មាត​ទាំង ៣ ប្រភេទ​មាន​ចន្លោះ​ពី ១២០ ទៅ ១៤០ ក្បាល ។ ដោយឡែក​ចំនួន​សម្បុក​ដែល​បាន​រក​ឃើញ និង​ការពារ​ក៏​មានការ​ធ្លាក់​ចុះ​ពី ២៧ សម្បុក នៅ​ក្នុង​ឆ្នាំ ២០១៥ មក​សល់​ត្រឹម ១៤ សម្បុក​ក្នុង​ឆ្នាំ ២០២១ ។ សត្វ​ត្មាត​ទាំង ៣ ប្រភេទ​នេះ សុទ្ធសឹងតែ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត ក្នុង​បញ្ជី​ក្រហម នៃ​អង្គការ IUCN ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ