ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តាន់ ដែលជាប្រភេទសត្វកម្រ ក្នុងប្រទេស​កម្ពុជា​យើង មាន ៨៤ក្បាល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពី ស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ក្នុងខេត្តក្រចេះ បានបង្ហាញថា មានសត្វក្តាន់សរុបចំនួនប្រមាណ…

រាជធានីភ្នំពេញ៖ របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពី ស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ក្នុងខេត្តក្រចេះ បានបង្ហាញថា មានសត្វក្តាន់សរុបចំនួនប្រមាណ ៨៤ក្បាល។ លទ្ធផលនៃការស្រាវជ្រាវ​នេះ ក៏បានបង្ហាញពីវត្តមានសត្វក្តាន់វ័យជំទង់ និងកូនជាច្រើន ដែលជាសញ្ញាណវិជ្ជមាន បង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះ នៅក្នុងតំបន់ទីជម្រកធម្មជាតិ។

អ្នកវិទ្យាសាស្រ្តធ្លាប់បានសន្និដ្ឋានថា សត្វក្តាន់ បានផុតពូជទៅហើយពីប្រទេសកម្ពុជា។ ប៉ុន្តែរហូត​ដល់​ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តឡើងវិញ ក្នុងខេត្តក្រចេះ តាមរយៈរូបភាពថត​ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃ​អង្គការ WWF បានរៀបរាប់ថា​ «អស់រយៈកាល ១៦ឆ្នាំ ហើយបន្ទាប់ពីការរកឃើញវត្តមាន​សត្វក្តាន់​ឡើងវិញ។ នេះជាការចងក្រងរបាយការណ៍ ស្តីពី ចំនួនសត្វក្តាន់នៅកម្ពុជាលើកដំបូងសម្រាប់​ការអភិរក្សសត្វដ៏កម្រនៅលើពិភពលោកមួយប្រភេទនេះ»។

សត្វក្តាន់ជាប្រភេទសត្វពិបាកប្រទះឃើញ និងអង្កេតផ្ទាល់ដូចប្រភេទសត្វក្រចកជើង​ចំពាមដទៃទៀតណាស់។ ការសិក្សាស្ថានភាព និងរបាយសត្វប្រភេទនេះ បានធ្វើឡើង ដោយការពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ដែលវារស់នៅ។ ការស្រាវជ្រាវនេះ បានសហការរៀបចំដោយក្រុមជំនាញសត្វព្រៃមកពីមន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន អង្គការWWF អង្គការ BINCO និងមានការចូលរួមពីសំណាក់សមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថាន មានសេចក្តីត្រេកអរ និងមានមោនតភាពជាខ្លាំងដែលធម្មជាតិនៃប្រទេស​កម្ពុជាផ្តល់ទីជម្រកសុខសាន្ត សម្រាប់ការរស់រានរបស់ប្រភេទសត្វសំខាន់ៗជាសកល ដូចជា សត្វក្តាន់ដែលត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ពីវត្តមាន និងការបន្តពូជរបស់វានៅក្នុងដែនជម្រក​សត្វព្រៃព្រែកប្រសព្វ។ ដោយសារកម្ពុជាមានសន្តិភាពពេញេលេញ និងស្ថេរភាពនយោបាយល្អ ប្រសើរ វាបានផ្តល់ឱកាសពេញលេញដល់ក្រសួងបរិស្ថាន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូនានា ដើម្បីគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះក្នុងតំបន់នេះ ដែលក្នុងនោះធនធានធម្មជាតិត្រូវបានការពារ រីឯប្រភេទសត្វមួយចំនួនបានកើនឡើង។ យើងចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀតក្នុងការពារ និងអភិរក្សជីវៈចម្រុះ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិរបស់យើងដើម្បីជាប្រយោជន៍ដល់ការជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យប្រសើរឡើង ជាពិសេសតាមរយៈវិស័យទេសចរណ៍ធម្មជាតិ ក៏ដូចជាប្រយោជន៍​ដល់​ប្រព័ន្ធអេកូឡូស៊ីសម្រាប់កម្ពុជា និងសកលលោក»។

លោក នេត្រ ភក្ត្រា បន្តថា «ក្រសួងបរិស្ថាន រួមជាមួយនឹងអង្គការWWF បាននិងកំពុងបន្ត​កិច្ចខិត​ខំប្រឹង​ប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្ស សត្វក្តាន់ដ៏កម្រនេះតាមរយៈការបង្កើនជីវភាព​សហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់​ទន្ទ្រាន​ដីព្រៃរាល់ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធ្វើយ៉ាងណា ធានា ការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជាសកលដ៏ទៃទៀតនៅក្នុងទីជម្រក​ធម្មជាតិរបស់ពួកវា»។

ក្រៅពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ ក៏មានរស់នៅផងដែរ ក្នុងប្រទេសឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ហើយអ្នកវិទ្យាសាស្រ្តជឿថា សត្វក្តាន់ ប្រហែលបាន​ផុតពូជ​បាត់ទៅហើយពីប្រទេសចិន ឡាវ និងវៀតណាម។

លោកស្រី អេង សុខន សមាជិកសហគមន៍ល្បាតស្ម័គ្រចិត្ត នៅសហគមន៍ជ្រោយបន្ទាយ​នៃដែនជម្រក​សត្វព្រៃព្រែកប្រសព្វ បានរៀបរាប់ថា​ «លោកស្រី មានមោទនភាព ដែលសត្វកម្រ​ដូចសត្វក្តាន់នៅតែមានក្នុងព្រៃធម្មជាតិក្នុងខេត្តក្រចេះ ហើយ លោកស្រីបាន និងកំពុងចូលរួម​ក្នុងការល្បាតព្រៃ និងដោះអន្ទាក់ក្នុងដែន ជម្រកសត្វព្រៃព្រែកប្រសព្វ។

លោកស្រីថា​ “ខ្ញុំក៏ដូចជាសមាជិកក្រុមល្បាតដទៃទៀតដែរ មានចិត្តមោះមុតក្នុងចូលរួម​ការពារ​សត្វព្រៃ ចុះល្បាត ដោះ អន្ទាក់ចេញពីព្រៃទីជម្រក ការពារព្រៃសម្រាប់អោយសត្វជ្រកកោន ធ្វើយ៉ាងណាថែរក្សា សត្វព្រៃ និងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់តទៅមុខទៀត»។

សត្វក្តាន់ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វ កំពុងរងគ្រោះថ្នាក់​ជិតផុតពូជជាសកល។ ការរស់រានរបស់សត្វក្តាន់ ត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែល បណ្តាលមកពីការជួញដូរសត្វព្រៃខុសច្បាប់។

លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា​ «លទ្ធផលស្រាវជ្រាវនាពេលនេះ មិនត្រឹមតែបានធ្វើឲ្យកិត្តនាមរបស់កម្ពុជា លេចត្រដែតលើឆាកអន្តរជាតិប៉ុណ្ណោះទេ វាថែមទាំង​បាន​បង្ហាញពីសារៈសំខាន់ជាសកលនៃតំបន់ទេសភាពមេគង្គជាទីជម្រកដ៏សំខាន់ សម្រាប់ការរស់​រានរបស់សត្វព្រៃទាំងលើគោក និងក្នុងទឹកគ្រប់ប្រភេទ»។

លោកបានបន្ថែមថា៖ «អង្គការWWF សូមកោតសរសើរ និងសូមអរគុណចំពោះកិច្ចខិតខំប្រឹង​ប្រែង​របស់ក្រុមស្រាវជ្រាវ និងការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្ស ដោយមានការ​ចូលរួម​យ៉ាងសកម្មពីអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីការពារតំបន់សត្វព្រៃទាំងនេះ សម្រាប់ជាប្រយោជន៍របស់ធម្មជាតិ និងមនុស្សគ្រប់ជំនាន់»។

វិធានការអភិរក្សរួមគ្នាបន្ទាន់បន្ថែមគឺចាំបាច់ណាស់ ដើម្បីធានាថា ទីជម្រកចុងក្រោយរបស់​សត្វក្តាន់​ដ៏កម្រនេះគ្មានការគំរាមកំហែងដោយសកម្មភាពខុសច្បាប់ ពោលគឺគ្មានការដាក់អន្ទាក់ គ្មានការបរបាញ់ និងការជួញដូរសត្វព្រៃក្នុងតំបន់។ ការស្តារចំនួន និងទីជម្រកសត្វក្តាន់ ព្រមទាំង​ការ​បន្តពង្រឹងជម្រើសជីវភាពរបស់សហគមន៍ក្នុងតំបន់ គឺជាវិធានចាំបាច់ផងដែរដែលគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរៀបចំ និងអនុវត្ត។

​​ក្រុមអ្នកជំនាញស្រាវជ្រាវ នឹងបន្តពង្រឹងទិន្នន័យវិទ្យាសាស្ត្រស្តីពីរបាយសត្វក្តាន់ឲ្យកាន់តែសុក្រិត​ថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដ្រូនជាមួយម៉ាស៊ីនថតប្រើកំដៅនៅទូទាំង​ដែនជម្រក​ទាំងមូល។

ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលជាទីជម្រកធម្មជាតិរបស់សត្វក្តាន់នេះ ស្ថិតក្រោមការ​សហការពារយ៉ាងតឹងរឹង ដោយមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន គាំទ្រដោយអង្គការ WWF និងចូលរួមដោយក្រុមល្បាតសហគមន៍។

បច្ចុប្បន្ន ក្រ​សួងបរិស្ថាន និងដៃគូនានាកំពុងរៀបចំយុទ្ធនាការណ៍ អន្ទាក់សូន្យ ដើម្បីជួយសង្រ្គោះ​សត្វក្តាន់ និងសត្វព្រៃសំខាន់ៗ ជាសកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ ដោយមានគោលដៅលុបបំបាត់ ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញ​ដូរសត្វព្រៃខុសច្បាប់។

WWF បែលហ្សិក រដ្ឋាភិបាលប្រទេសបែលហ្សិក (DGD) មូលនិធិភាពជាដៃគូប្រព័ន្ធអេកូឡូស៊ី​សំខាន់ៗ (CEPF) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចប្រតិបត្តិការ(SDC) និងBinco បានផ្តល់​មូលនិធិ និងការគាំទ្រពីការងារអភិរក្សសត្វក្តាន់ នៅក្នុងប្រទេសកម្ពុជាយើង៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ