ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុងពេល​ទស្សនកិច្ចនៅកម្ពុជា មន្ត្រីជាន់ខ្ពស់​នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ជួបសំណេះ​សំណាល និងពិភាក្សាការងារ​ជាមួយ​លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត

1 ឆ្នាំ មុន
  • ភ្នំពេញ

 រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង…

 រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ​លោក Bertrand LORTHOLARY ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាព​ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិល្អលើគ្រប់វិស័យ និងបានថ្លែងអំណរគុណចំពោះប្រទេសបារាំង និងប្រជាជនបារាំង ដែលកន្លងមកតែងបានគាំទ្រ​ជួយជ្រោមជ្រែងកម្ពុជា ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក្នុងដំណើរការកសាង​អភិវឌ្ឍប្រទេស ហើយនៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កន្លងមកនេះ ប្រទេសបារាំង ក៏បានជួយដល់កម្ពុជាក្នុងប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ តាមរយៈ​ការឧបត្ថម្ភ​ជាថវិកាដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវដ៏សំខាន់មួយ នៅក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ នៅក្នុងវិស័យការពារជាតិវិញ កងទ័ពបារាំងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​បណ្តុះបណ្តាល និងការកសាងសមត្ថភាពយោធិនកម្ពុជានៅសាលានាយទាហានសកម្មត្មាតពង និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។ ​

ជាការឆ្លើយតប លោក Bertrand LORTHOLARY បានថ្លែងអំពីមនោសញ្ចេតនា និងចំណង​ផ្សារភ្ជាប់ដ៏ជិតស្និទ្ធរបស់លោកជាមួយនឹងប្រទេសកម្ពុជា ខណៈដែលលោកធ្លាប់​ជាកម្លាំង​ថែរក្សាសន្តិភាពរបស់ប្រទេសបារាំង ដែលបំពេញបេសកកម្មនៅកម្ពុជាកាលពី ៣០ ឆ្នាំមុន ក្នុងសម័យកាល UNTAC និងបានរំលេចថា ការណ៍នេះក៏អាចជាសក្ខីភាពមួយ​នៃកិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធរវាងបារាំង និងកម្ពុជា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ។ មកទល់សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ក៏នៅបន្តអនុវត្តរួមគ្នាចាប់ជាប្រចាំ តាមរយៈការ​បណ្តុះ​បណ្តាលធនធានមនុស្ស និងការឧបត្ថម្ភគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជា​លើការងារថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ក្រៅពីនេះ ការពិភាក្សាក៏បានផ្តោតផងដែរលើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាសាកល និងតំបន់មួយ​ចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយ​នឹង​សុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែក​ដោះស្រាយបញ្ហា ដែលកើតមាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ