ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​ដើរ​លក់​បន្លែ​តាម​ភូមិ ដើម្បី​យក​ថវិកា​រៀនសូត្រ និង​ជួយ​គ្រួសារ

1 ឆ្នាំ មុន
  • ប៉ៃលិន

ជា​រៀងរាល់ថ្ងៃ គេ​សង្កេត​ឃើញ​មាន​ក្មេង​ខ្លះ ត្រូវ​បាន​ឪពុក​ម្តាយ​មិន​អនុញ្ញាត​ឱ្យ​ជួយ​ធ្វើ​ការងារ​អ្វី​នោះ​ទេ គឺ​ត្រឹមតែ​ឱ្យ​ប្រឹងប្រែង​ខិតខំ​រៀនសូត្រ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពួក​គេ​មិន​ត្រឹមតែ​មិន​ប្រឹងប្រែង​រៀនសូត្រ​នោះ​ទេ ថែម​ទាំង

ខេត្ត​ប៉ៃលិន ៖ ជា​រៀងរាល់ថ្ងៃ គេ​សង្កេត​ឃើញ​មាន​ក្មេង​ខ្លះ ត្រូវ​បាន​ឪពុក​ម្តាយ​មិន​អនុញ្ញាត​ឱ្យ​ជួយ​ធ្វើ​ការងារ​អ្វី​នោះ​ទេ គឺ​ត្រឹមតែ​ឱ្យ​ប្រឹងប្រែង​ខិតខំ​រៀនសូត្រ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពួក​គេ​មិន​ត្រឹមតែ​មិន​ប្រឹងប្រែង​រៀនសូត្រ​នោះ​ទេ ថែម​ទាំង​ចាយ​ថវិកា​ឪពុក​ម្តាយ​ផ្តល់​ឱ្យ ហើយ​នាំ​គ្នា​ដើរ​លេង​សេពគប់​ជាមួយ​មិត្តភក្តិ​មិនល្អ ភ្លេច​ការ​រៀនសូត្រ ធ្វើ​ឱ្យ​ខូចអនាគត​ថែម​ទៀត​ផង​។

ចំណែកឯ​ក្មេង​ៗ​មួយ​ចំនួន​ទៀត រស់នៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ខ្វះខាត​មុខក្រោយ ដោយ​នាំ​គ្នា​ដើរ​លក់​នំ ឬ​បន្លែ ដើម្បី​ជួយ​រក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​សល់​តិចតួច យក​ទៅ​រៀនសូត្រ ដើម្បី​បាន​ចំណេះដឹង​សម្រាប់​អនាគត ទាំង​ត្រដាបត្រដួស​។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២​នេះ មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ សួន ដេ​វីត ភេទ​ប្រុស អាយុ​ជាង​១៣​ឆ្នាំ បាន​ដើរ​ទូល​កញ្ច្រែង​បន្លែ​ត្រ​កូន និង​បន្លែ​ក្រអៅឈូក ដើរ​លក់​តាម​ភូមិ​ម្នាក់ឯង ចាប់តាំងពី​ព្រឹក រហូត​ដល់​ថ្ងៃត្រង់ ទើប​ចូល​ផ្ទះ​ទទួលទាន​អាហារ រួច​ចេញ​ទៅ​រៀន​បន្ត​ទៀត​។

បើ​តាម​ការ​រៀបរាប់​ពី​កុមា​រា​ខាងលើ បានឱ្យ​ដឹង​ទាំង​ទឹកមុខ​ស្រពោន​ថា ៖ រូបគេ​មាន​បងប្អូន​ចំនួន​៤​នាក់ ទី​១- ឈ្មោះ ច​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ឈប់​រៀន​, ទី​២- ឈ្មោះ តា​ល់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ឈប់​រៀន ទី​៣- គឺ​រូបគេ ជា​សិស្ស​រៀន​ថ្នាក់​ទី​៤ នៃ​សាលា​បឋម​សិក្សា​ប៉ា​ហ៊ី និង​ទី​៤- ប្អូនប្រុស​ពៅ​ម្នាក់​ទៀត ហើយ​មាន​ម្តាយ​ឈ្មោះ នូ សុភា អាយុ​ជាង​៤០​ឆ្នាំ និង​ឪពុក​ឈ្មោះ វ៉ិ​ត អាយុ​ជាង​៤០​ឆ្នាំ (​ស្លា​.​ប់​) រស់នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ឪពុក​ស្លា​.​ប់​ចោល​ដោយសារ​បញ្ហា​ជំងឺ​រោគា បងប្រុស​ស្រី​២​នាក់ ត្រូវ​បាន​បង្ខំចិត្ត​ឈប់​រៀន ដើម្បី​ស្វែងរក​ការងារ​ធ្វើ ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ នៅ​សល់​តែ​រូបគេ​ជា​កូន​ទី​៣ បន្ត​រៀនសូត្រ​រហូត​ដល់​ថ្នាក់​ទី​៤ ហើយ​មិនដឹង​ជា​អាច​មាន​លទ្ធភាព​រៀនសូត្រ​ដល់​ថ្នាក់​ទី​ប៉ុន្មាន​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ការ​ដើរ​លក់​បន្លែ​ត្រកួន និង​បន្លែ​ផ្សេង​ៗ ដើម្បី​រក​ថវិកា​យក​ទៅ​រៀនសូត្រ​នេះ ជួនកាល​លក់ដាច់​អស់​យក​ទៅ​ឱ្យ​ម្តាយ​ទិញ​អង្ករ និង​ម្ហូប លុះ​ពេល​ដល់​ម៉ោង​ទៅ​រៀន ម្តាយ​ឱ្យប្រាក់​ចំនួន​៥០០​ទៅ​១០០០​រៀល ដើម្បី​យក​ទៅ​ទិញ​នំចំណី​ហូប​នៅ​សាលារៀន ពេល​ឃើញ​សិស្ស​ដទៃ​ហូប កុំឱ្យ​អង្គុយ​មើល​មុខ​គេ ព្រោះ​ពេល​ឃើញ​គេ​ហូប​នំចំណី​ម្តង​ៗ រូបគេ​តែងតែ​ងាក​មុខ​ចេញ បើ​មាន​លុយរ​ត់ទៅ​ទិញ​មក​ហូប​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លើស​ពី​នេះ ម្តាយ​របស់​ខ្លួន​អត់​បាន​ធ្វើ​ការងារ​អ្វី​ទេ ព្រោះ​ជាប់រវល់​មើល​ប្អូនប្រុស​តូច​ពៅ ហើយ​រូបគេ​ជួនកាល​លើក​បន្លែ​ពី​អ្នក​ដទៃ​ទៅ​លក់ដូរ​នៅ​ក្បែរ​ៗ​ផ្សារ​ជាមួយនឹង​ជីដូន​ចំណាស់​របស់​ខ្លួន​ម្នាក់​ដែរ​។

ក្មេង​ប្រុស​ខាងលើ បាន​បញ្ជាក់​ទៀត​ថា ស្ថិត​ក្នុង​ជីវភាព​ខ្សត់ខ្សោយ រវល់​តែ​ដើរ​លក់ដូរ​បន្លែ​នៅ​តាម​ភូមិ មិនសូវ​មាន​ពេល​មើល​មេរៀន​ទេ ហើយ​រូបគេ​ក៏​រៀន​មិន​ពូកែ​ដែរ ដោយ​រៀន​ជាប់​លេខ​២០​ឡើង ព្រោះ​ខ្វះខាត​ថវិកា​រៀន​គួរ ណាមួយ​រៀន​មិនសូវ​យល់ ព្រោះ​គិតតែ​ពី​ការ​ដើរ​លក់​បន្លែ​ច្រើន​ជាង​។ តែ​ទោះបីជា​យ៉ាងណា រូបគេ​ប្តេជ្ញា​ចិត្ត​ខិតខំ​រៀនសូត្រ ទោះបីជា​រៀន​មិន​ពូកែ ដើម្បី​មាន​ដើមទុន​សម្រាប់​អនាគត មិន​ឱ្យ​ភាព​ក្រីក្រ​បន្ត​អូស​បន្លាយ​ដូច​ក្រុម​គ្រួសារ​របស់​គេ​បច្ចុប្បន្ន​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ