រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា សារាចរណ៍ ឆ្នាំ២០២២នេះនឹងមានការតម្លើងប្រាក់បៀវត្សដល់មន្ត្រីរាជការ បន្ទាប់ពីខានរយៈពេល២ឆ្នាំមកនេះ ដោយសារជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ -២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាសន្និជ្រោយចង្វា សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា ៖«សម្រាប់សារាចរណ៍ណែនាំរៀបចំការថវិកាឆ្នាំ២០២២ គ្រោងនឹងតម្លើងប្រាក់បៀវត្សដល់មន្ត្រីរាជការ ដោយឆ្នាំ២០២០ និង២០២១មិនបានឡើង ។ សម្រាប់ឆ្នាំ២០២២នេះ យើងនឹងរៀបចំតម្លើងជូនមន្ត្រីរាជការ ប៉ុន្តែមិនគិតជាភាគរយទេ»។

សម្តេចតេជោ បានលើកឡើងថា ៖«សូមនិយាយទុកឲ្យហើយ«…»មានរៀបឡើងរបស់វាបានសេចក្តីថា អ្នកដែលមានប្រាក់ខែតិចឡើងបានច្រើនជាង អ្នកដែលមានប្រាក់ខែខ្ពស់ឡើងបានតិចជាង ។ គ្រាន់តែប្រាប់ថា យ៉ាងណាក៏ឡើងដែរ គឺគ្រូបង្រៀន និងគ្រូពេទ្យទាបបំផុតយ៉ាងណាឲ្យបាន១លាន៥សែនរៀល ។ ដែលកន្លងមក គ្រូបង្រៀន និងគ្រូពេទ្យកន្លងបាន១លាន៣សែនរៀល» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ក្រៅពីគ្រូបង្រៀន និងគ្រូពេទ្យ មន្ត្រីរាជការផ្សេងទៀតដែលកន្លងមកមានប្រាក់ខែ១លាន២សែនរៀលនឹងតម្លើង១លាន៤សែនរៀល ។

សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានលើកឡើងថា សម្តេចក៏ បានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា នៅពេលតម្លើងប្រាក់ខែ គឺត្រូវគិតពីបិដាននៃមន្ត្រីដែលជាប់ពន្ធផងដែរ ។ ឧបមាថា ៖បើគាត់ឡើងប្រាក់បៀវត្សទាបបំផុត១លាន៥សែនរៀល អីញ្ចឹងដាក់អ្នកដែលជាប់ពន្ធថា អ្នកដែលមានប្រាក់បៀវត្សក្រោម១លាន៥សែន១រៀលមិនជាប់ពន្ធ បើឡើងពី១រៀលទៅ គឺជាប់ពន្ធ ។ ការធ្វើបែបនេះដើម្បីចៀសវាងអ្នកដែលមានប្រាក់ខែទាបជាងគេជាប់ពន្ធ ។ អ្នកដែលមានប្រាក់ខែខ្ពស់ គឺជាប់ពន្ធ ។

សម្តេចគូសបញ្ជាក់ថា ៖«អីញ្ចឹងយើងគិតបែបនេះ គឺគិតទាំងវិស័យរដ្ឋ និងវិស័យឯកជន យើងអាចធ្វើទៅបានអាលូវយើងធ្វើបាន ធ្វើការបន្ធូរបន្ថយលើវិស័យជាច្រើន បន្ទាប់ពីជំងឺកូវីដថយ» ៕


ចែករំលែកព័តមាននេះ