ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លួច​កា.ប់​ដើម​ធ្នង់​២៣​ដើម មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កសាង​សំណុំរឿង​ដល់​តុលាការ​ហើយ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កំពង់ឆ្នាំង បាន​បញ្ជូន​សំណុំរឿង ជន​លើ្ម​ស​លួច​កា.ប់​ដើម​ធ្នង់ ជា​ប្រភេទ​ឈើ​ប្រណីត​២៣​ដើម ពី​ក្នុង​ព្រៃ​សហគមន៍

ខេត្តកំពង់ឆ្នាំង ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កំពង់ឆ្នាំង បាន​បញ្ជូន​សំណុំរឿង ជន​លើ្ម​ស​លួច​កាប់​ដើម​ធ្នង់ ជា​ប្រភេទ​ឈើ​ប្រណីត​២៣​ដើម ពី​ក្នុង​ព្រៃ​សហគមន៍ ព្រៃឈើ​ពោធិ​ជ្រក​ជម្រក​ឬ​ទ្ធិ​សែន ដល់​តុលាការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ សូម​រំ​ឮ​កថា ក្នុង​អំឡុង​បុណ្យកាន់បិណ្ឌ មាន​ជន​ពុំ​ស្គាល់​មុខ​បាន​លួច​កាប់ ដើម​ធ្នង់​មានមុខ​កាត់​ធំ​ចំនួន​២៣​ដើម យក​ចេញពី​ព្រៃ​សហគមន៍​ខាងលើ ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ  ឃុំ​ពោធិ ស្រុក​កំពង់លែង ហើយ​បាន​បែក​ការណ៍​ដឹង​ដល់​សហគមន៍ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ទើប​ដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​ជំនាញ ទើប​ចុះ​ស្រាវជ្រាវ​ក្នុង​ករណី​ខាងលើ​នេះ​។

លោក ហោ ដា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​បញ្ជូន​សំណុំរឿង លួច​កាប់​ដើម​ធ្នង់​២៣​ដើម​ពី​ក្នុង​ដែន​សហគមន៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ដល់​ដៃ​តុលាការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ ដោយ​ចោទប្រកាន់​ឈ្មោះ ជៀប តឿ​ង មាន​ទីលំនៅ ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ឈ្មោះ​នេះ​ក៏​ជា​ម្ចាស់​សិប្បកម្ម​ឈើ​អត់​ច្បាប់​ផង​ដែរ​។ ឈ្មោះ​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ លួច​កាប់​ដើម​ធ្នង់​២៣​ដើម មានមុខ​កាត់​ធំ​ៗ ពី​ក្នុង​សហគមន៍ ហើយ​បើ​យោង​តាម​ផ្លូវច្បាប់ ត្រូវ​ផាកពិន័យ និង​ត្រូវ​ដាក់​ពន្ធនាគារ​ទៀត​។

តែ​ត្រង់​ថា តុលាការ​ចោទប្រកាន់​បែប​ណា នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។ ក្រៅពី​ចោទប្រកាន់​ក្នុង​បទល្មើស​ខាងលើ ឈ្មោះ​នេះ​នៅ​មានការ​ចោទប្រកាន់​ពី​បទ​ដឹក​ដើម​ធ្នង់​មានមុខ​កាត់​ធំ​ៗ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​កាលពី​ជាង​៣​ខែ​មុន​ផង​ដែរ​។ ជុំវិញ​ការ​ចោទប្រកាន់​ឈ្មោះ ជៀប តឿ​ង ដែល​ជា​មេខ្លោង លួច​កាប់​ដើម​ធ្នង់​២៣​ដើម ពី​ក្នុង​ព្រៃ​សហគមន៍​នេះ​ដែរ លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង មាន​ប្រសាសន៍​ថា ការ​ចោទប្រកាន់​របស់​មន្ត្រី​ជំនាញ គឺ​ជាក់ច្បាស់​របស់​គេ ព្រោះ​គេ​បាន​សហ​ការណ៍​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ និង​រក​ឃើញ​ភស្តុ​តាង សាក្សី​ដាក់បន្ទុក គ្រប់គ្រាន់​ទើប​គេ​ចោទប្រកាន់​បាន​។ ចំណែក​ខាង​អាជ្ញាធរ ក្រោយ​ពី​ទទួល​ព័ត៌មាន​គឺ រាយ​ការ​ទៅ​ស្ថាប័ន និង​ទៅ​ជំនាញ​។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ឈ្មោះ ជៀប តឿ​ង គឺ​មិនសូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ​ប៉ុន្មាន​ទេ ដល់​ពេល​មានរឿង​ទើបរ​ត់ម​ករក លោក​ធ្លាប់​បាន​អប់រំ​ច្រើន​ដង​ហើយ តែ​មិន​ស្តាប់​។ តាម​ព័ត៌មាន​ក្រៅផ្លូវការ​ថា ករណី​លួច​កាប់​ដើម​ធ្នង់​២៣​ដើម​នេះ អាច​នឹង​ពាក់ព័ន្ធ​ដល់​មនុស្ស​មួយ​ចំនួន​ទៀត ដែល​មានការ​ឃុបឃិត​គ្នា ហើយ​គេ​រង់ចាំ​មើល​ថា តើ​ឈ្មោះ ជៀប តឿ​ង នឹង​ត្រូវ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ដែរ​ទេ ចំណែក​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត អាច​រួចខ្លួន​ដែរ​ឬ​អត់​៕