សារព័ត៌មានបរទេសកាលពីពេល ថ្មីៗ កន្លងមកផ្សាយថា លោក Ben Hooper អ្នកហែលទឹកស្ម័គ្រចិត្ត និងជាអតីតប៉ូលិសអង់គ្លេសអាយុ៣៨ឆ្នាំ ចាប់ហែលទឹកចេញពីឆ្នេរនៃសណ្ឋាគារមួយនៅឈូងសមុទ្រហាន (Hann) ភាគខាងកើតក្រុងដាកា ប្រទេសសេនេហ្គាល់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឆ្ពោះទៅឆ្នេរសមុទ្រក្រុងណាថាល ប្រទេសប្រេស៊ីល មានចម្ងាយប្រហែល៣.២០០គីឡូម៉ែត្រ ក្នុងបំណងបង្កើតឯតទគ្គកម្មហែលទឹកឆ្លងមហាសមុទ្រអាត្លង់ទិក ។
ការហែលទឹករបស់លោក Hooper នោះ មាននាវាជួយសង្គ្រោះចំនួន២គ្រឿងបើកបរតាមពីក្រោយ រួមទាំងមានក្រុមការងារចំនួន១០នាក់ ខណៈក្រុមការងារនៃអង្គភាពចុះបញ្ជីឯតទគ្គកម្មពិភពលោក (Guinness World Record) ជាអ្នកថតរូបពីលើនាវា និងពី Drone ធុនតូចពីលើលំហអាកាស ។
រូបភាពបានបង្ហោះតាមវេបសាយ «Swim The Big Blue» ខណៈពេលលោក Hooper មានគម្រោងហែលទឹកក្នុងមួយថ្ងៃប្រហែលពី៨ទៅ១០ម៉ោង រួចឡើងសម្រាកលើនាវា ដោយរំពឹងថា នឹងទៅដល់ប្រេស៊ីលនៅខែមីនា ។ លោក Hooper និយាយថា «ការហែលទឹកឆ្លងសមុទ្រនេះ ខ្ញុំបានទទួលកម្លាំងចិត្តពីអ្នកហែលទឹកផ្សេងទៀត និងប្រមូលប្រាក់ពីការបរិច្ចាគប្រគល់ឱ្យមូលនិធិសប្បុរសធម៌» ។
កាលពីមុនមានអ្នកហែលទឹកឆ្លងមហាសមុទ្រអាត្លង់ទិកតែម្នាក់គត់ គឺលោក Benoit Lecomte ជនជាតិបារាំង នៅឆ្នាំ១៩៩៨ ពីតំបន់ឆ្នេរ នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ឆ្ពោះទៅក្រុងគីប៊ើរ៉ង់ ភាគខាងលិចឆៀងខាងជើងប្រទេសបារាំង ប៉ុន្តែគេមិនបានចុះបញ្ជីក្នុងសៀវភៅ Guinness Book ទេ ។ ការមិនបានចុះឈ្មោះនោះ ដោយសារគេហត់នឿយខ្លាំងពេក ដូច្នេះត្រូវឈប់សម្រាកនៅលើកោះ Azores ប្រទេសព័រទុយហ្គាល់ កណ្តាលមហាសមុទ្រអាត្លង់ទិករយៈពេលប្រហែលជិត១សប្តាហ៍ ក្រោយមកទើបហែលបន្តរហូតដល់គោលដៅ ៕
ចែករំលែកព័តមាននេះ