ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​លឿន​ពន្លះ​រថយន្ត​ចត​ស្ងៀម ហើយ​រក​គេចខ្លួន ដោយ​ប្រាប់​ថា គាត់​មិន​ខុស​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ស្រវឹង ហើយ​ក៏​ទៅ​បុក​ជាមួយនឹង​រថយន្ត​ចត​ស្ងៀម​មួយ​គ្រឿង​ពីក្រោយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ស្រវឹង ហើយ​ក៏​ទៅ​បុក​ជាមួយនឹង​រថយន្ត​ចត​ស្ងៀម​មួយ​គ្រឿង​ពីក្រោយ បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត តែ​អ្នក​បើករថយន្ត​បង្ក​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​«​គាត់​មិនមែន​ជា​អ្នក​ខុស​ទេ គឺ​រថយន្ត​នោះ​ចត​លើ​ផ្លូវ​ហាមឃាត់​» ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សុធារស ទល់មុខ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន ។

បើ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​AS-4080 ចត​ស្ងៀម​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សុធារស ជាប់​សួនច្បារ​សកល​វិទ្យាល័យ បៀ​ល​ប្រាយ ដោយ​មិនដឹង​ថា តើ​ម្ចាស់​ទៅ​ណា​នោះ​ទេ?​។

ពលរដ្ឋ​បន្ត​ថា ភ្លាម​ៗ​នោះ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​2T-7356 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​សុធារស ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ រួច​ក៏​បុក​ចំ​រថយន្ដ​តូ​យ៉ូ​តា​ព្រូស ពីក្រោយ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រូស ខ្ទាត​ឡើង​ឃឿ​ន​សួនច្បារ ហើយ​ក៏​ទៅ​បុក​ជាមួយនឹង​បង្គោលរបង​ថ្ម ធ្វើ​ឱ្យ​បាក់​អស់​មួយ​ដើម​ទៀត ទើប​ធ្វើ​ឲ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រូស រង​ការ​ខូចខាត​ក្រពឹត​មួយ​កំណាត់​ក្រោយ និង​ចំហៀង​ខាងឆ្វេង​រថយន្ត ។ ចំណែកឯ​រថយន្ត​តា​កូ​ម៉ា​វិញ រង​ការ​ខូចខាត​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​នៅ​ក្នុង​ហេតុការណ៍​នោះ មិន​បង្ក​ឲ្យ​មនុស្ស​រង​របួស​ឡើយ ។

បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ប្រចាំការ​នៅ​ប៉ុស្ដិ៍​នគរបាល បាន​ចេញ​ទៅ​ឃាត់​រថយន្ដ​បង្ក​ភ្លាម​ៗ ចំណែក​ម្ចាស់​រថយន្ត​បង្ក​វិញ​បាន​ព្យាយាម​គេច​ចេញពី​កន្លែង​កើតហេតុ ដោយ​អះអាង​ថា រូបគេ​មិន​បាន​ខុស​ទេ ព្រោះតែ​រថយន្ដ​តូ​យ៉ូ​តា​ព្រូស​នោះ ចត​នៅ​លើ​ផ្លូវ​ហាមឃាត់ ប៉ុន្តែ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យទៅ​ទេ ដោយ​ទាមទារ​អោយ​បុរស​រូប​នោះ បង្ហាញ​អត្តសញ្ញាណ និង​ប័ណ្ណបើកបរ​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សិន ទើប​អនុញ្ញាត​ឱ្យទៅ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​ព្រម​សហការ ទើប​មានការ​ទាស់សម្តី​គ្នា​មួយ​ប្រាវ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ដ​តូ​យ៉ូ​តា​ព្រូស សមត្ថកិច្ច​រក​ម្ចាស់​រថយន្ត​មិន​ទាន់​ឃើញ​នៅឡើយ ចំណែកឯ​ម្ចាស់​រថយន្ត​តា​កូ​ម៉ា បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​ចប់ ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ នៅ​សល់​តែ​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ