ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ នាំកូនទៅទទួលអាហារូបករណ៍ លុះ​កូន​មិនបានស្លៀកពាក់ឯកសណ្ឋានសិស្ស បែរជានាយកសាលាបឋមសិក្សាភ្នំដំបង មិនព្រមបើកឱ្យ តែយកទៅឱ្យអ្នកផ្សេងវិញ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ស្រ្តីមេម៉ាយវ័យក្មេងម្នាក់ កើតទុក្ខមិនសុខចិត្ត ខណ:នាំកូនតូចរបស់ខ្លួន ដែលមិនបានស្លៀកពាក់ឯកសណ្ឋានសិស្សទៅទទួលថវិកា (អាហារូបករណ៍) ចំនួន ៨០០០០រៀល នៅក្នុងបរិ​វេណសាលា លុះពេលទៅដល់…

ខេត្តប៉ៃលិន៖ ស្រ្តីមេម៉ាយវ័យក្មេងម្នាក់ កើតទុក្ខមិនសុខចិត្ត ខណ:នាំកូនតូចរបស់ខ្លួន ដែលមិនបានស្លៀកពាក់ឯកសណ្ឋានសិស្សទៅទទួលថវិកា (អាហារូបករណ៍) ចំនួន ៨០០០០រៀល នៅក្នុងបរិ​វេណសាលា លុះពេលទៅដល់ ស្រាប់តែលោកគ្រូ និងលោកនាយកសាលាស្តីបន្ទោស ធ្វើឱ្យនាងខឹងមិនព្រមទទួល ស្រាប់តែ​ឱ្យកូនរបស់នាងផ្តិតមេដៃរួច យកថវិកានោះ ទៅបើកឱ្យអ្នកដទៃ។

ចំណែក​លោកគ្រូ និងនាយកសាលា បានបដិសេធចំពោះការចោទប្រកាន់បែបនេះ ព្រោះនាងមិនព្រមទទួល ទើបយកទៅឱ្យអ្នកផ្សេង ដែលកំពុងខ្វះខាត ហើយត្រូវការ ក៏បង្កឱ្យមានបញ្ហាជជែកគ្នាតែម្តង។

ហេតុការណ៍ស្ត្រីមេម៉ាយវ័យក្មេងម្នាក់ អះអាងថា លោកនាយកសាលាមិនព្រមប្រគល់​អាហារូបករណ៍​ដល់កូនរបស់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្បែរសាលាបឋមសិក្សាភ្នំដំបង ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា ​ការបើកប្រាក់ (អាហារូបការណ៍) ជូនសិស្សក្រីក្រ ចំនួន ៥៤នាក់ នៅក្នុងបរិវេ​ណសាលាបឋមសិក្សាភ្នំដំបង កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយបន្ទាប់ពីលោកគ្រូ ស្តីបន្ទោសដល់ស្រ្តីវ័យក្មេងខាងលើ ចំពោះបញ្ហាកូនរបស់ខ្លួន មិនពាក់ឯកសណ្ឋានសិស្ស ក៏បង្កជាបញ្ហាកើតឡើងតែម្តង។

​ស្រ្តីមេម៉ាយវ័យក្មេងនោះ មានឈ្មោះ ទូច សារ៉ាន់ អាយុ ៣០ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូនតូចម្នាក់ ឈ្មោះ វ៉ាន ផានិត ភេទប្រុស អាយុ ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី០១ នៃសាលាបឋមសិក្សាភ្នំដំបង បានឱ្យភ្នាក់ងារយើងដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ លោកគ្រូ និងលោកនាយកសាលា បានប្រាប់ឱ្យ​អាណាព្យាបាលនាំកូនទៅទទួលអាហារូបការណ៍ ជាថវិកាចំនួន ៨ម៉ឺនរៀល នៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំដំបង លុះពេលទៅដល់​លោកនាយកខាងលើ មិនបានណែនាំប្រាប់ឱ្យទៅប្តូរ​សម្លៀកបំពាក់តាមសម្រួលនោះទេ គិតតែស្តីបន្ទោសដៀលត្មេះ​ មើលងាយ ខណ:ដែលធ្វើជាគ្រូ បែរជាមើលងាយដល់នាង ហើយចាប់ទាញដៃកូនរបស់ខ្លួនទៅផ្តិតមេដៃ តែយកថវិកានោះ ទៅបើកឱ្យអ្នកផ្សេងជំនួសវិញ។

ប្រភពបន្តទៀតថា ជារៀងរាល់ ៣ខែម្តង គឺខាងសាលារៀន តែងតែបើកអាហារូបករណ៍ជូន​ដល់សិស្សក្រីក្រ ដោយកូនរបស់ខ្លួន បានទទួលថវិកា ចំនួន ២លើកមកហើយ លុះដល់លើ​កទី៣ ស្រាប់តែមានបញ្ហាជាមួយនឹងលោកនាយកសាលានេះតែម្តង។

ពេលនេះ នាងបានដាក់ពាក្យបណ្តឹងទៅខាងសាលាសង្កាត់ និងខាងកងរាជអាវុធហត្ថ ដើម្បីជួយអន្តរាគមន៍។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក អ៊ុន សុខា នាយកសាលាបឋមសិក្សាភ្នំដំបង បានឱ្យដឹងដែរថា​ ស្រ្តីខាងលើ មិនព្រមទទួលយកថវិកាជាអាហារូបករណ៍នោះទេ ក្រោយពីគាត់បានស្តីប្រដៅ​ពាក់ព័ន្ធ​ទៅ​នឹង​កូនអត់បានស្លៀកពាក់ឯកសណ្ឋានសិស្សចូលទៅទទួលអាហារូបករណ៍។

លោកបន្តទៀតថា ស្រ្តីខាងលើ នាំកូនទៅបើកអាហារូបករណ៍ បែរជាស្លៀកពាក់បែបក្មេងឃ្វាល​គោ ព្រោះខាងសាលាតម្រូវ ឱ្យស្លៀកពាក់ឯកសណ្ឋានសិស្ស ដើម្បីថតរូបផ្ញើទៅឱ្យថ្នាក់លើ ដោយខាងលោកមិនប្រាប់ជាមុននោះទេ ព្រោះធ្លាប់ទទួលរយ:ពេល ២ដងមកហើយដែរ។

លោក​បន្តទៀតថា បន្ទាប់ពីបានណែនាំ មានម្តាយសិស្សដទៃទៀត ដែលកូនស្លៀកពាក់មិន​សមរម្យ បាននាំគ្នាទៅប្តូរសម្លៀកបំពាក់ រីឯនាងបែរជាមិនទៅហើយបន្តរករឿង ថែមទាំងមិនព្រម​ទទួលយកអាហារូបករណ៍​នោះឡើយ ហើយខាងលោក ក៏បានផ្ទេរថវិកានេះ ទៅឱ្យសិស្សផ្សេង​ជំនួសវិញបាត់ទៅហើយ។

ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន បានឱ្យ​ដឹងថា ខាងលោក នឹងធ្វើការសម្របសម្រួល ដោះស្រាយបញ្ហានេះ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ