ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ទៅ​៣​ខែ​ទើប​ចូល​ផ្ទះ​ម្តង ដើម្បី​បាន​ប្រាក់​តិច​តួច​​ផ្ញើ​ប្រពន្ធ​កូន​ទុក​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ ដែល​ប្រកប​មុខរបរ​ជួសជុល​កង្ហារ ឆ្នាំងបាយ​អគ្គិសនី និង​ចង្ក្រានហ្គាស បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​មក​តាំងពី​ខេត្តសៀមរាប ចូល​មក​ជួសជុល​តាម​ភូមិ​នានា​

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ ដែល​ប្រកប​មុខរបរ​ជួសជុល​កង្ហារ ឆ្នាំង​បាយ​អគ្គិសនី និង​ចង្ក្រានហ្គាស បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​មក​តាំងពី​ខេត្តសៀមរាប ចូល​មក​ជួសជុល​តាម​ភូមិ​នានា​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​រក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ លុះដល់​ពេល​យប់ ក៏​នាំ​គ្នា​ឈប់​សម្រាក​នៅ​តាម​វត្ត និង​តាម​ទីធ្លា​សាលាសង្កាត់​ជាដើម​។

ហេតុការណ៍​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ប្រកប​របរ​បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក ជួសជុល​សម្ភារៈ​ប្រើប្រាស់​ផ្ទះបាយ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​បរិវេណ​វត្ត​ពោធិ៍​មា​រាម ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​មានឈ្មោះ ថៃ សឺ​ង អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្ត សៀមរាប បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ លោក​ហើយនឹង​ក្រុម​អ្នក​ជួសជុល​សម្ភារៈ​ផ្ទះបាយ​ចំនួន​៣​ម៉ូតូ​រ៉ឺ​ម៉ក​ផ្សេង​ទៀត បាន​បើកបរ​ម៉ូតូ​រៀង​ៗ​ខ្លួន​ចេញពី​ស្រុក​កំណើត​នៅ​ខេត្តសៀមរាប ដើម្បី​ស្វែងរក​ជួសជុល​កង្ហារ ចង្ក្រានហ្គាស និង​សម្ភារៈ​ផ្ទះបាយ ដែល​ប្រជាពលរដ្ឋ​ប្រើ​ខូច ទុក​ចោល​ឱ្យ​ដំណើរការ​ឡើង​វិញ​។

លោក​បន្ត​ទៀត​ថា ការ​ជួសជុល គិតថ្លៃ​តាម​ការ​ខូចខាត​តិច ឬ​ខ្លាំង ពោល​គឺ​ចាប់ពី​៥០០០​រៀល​ឡើង​លើ ដោយ​លោក​បាន​ចេញ​មក​រក​ថវិកា​ក្នុង​ខេត្ត​ប៉ៃលិន តាម​រយៈ​ជំនាញ​មួយ​នេះ អស់​រយៈពេល​៤​ទៅ​៥​ថ្ងៃ​មក​ហើយ​។ លុះ​ពេល​យប់​ឡើង ខាង​លោក​តែងតែ​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​តាម​វត្ត រហូត​ដល់​ព្រឹក ទើប​នាំ​គ្នា​ចេញដំណើរ​ទៅ​តាម​ភូមិ​នានា លុះដល់​ថ្ងៃត្រង់​ទើប​ទិញ​បាយ និង​ម្ហូបអាហារ​យក​ទៅ​ទទួលទាន​ជួបជុំ​មិត្តភក្តិ រួច​ក៏​នាំ​គ្នា​បន្ត​បើកបរ​ម៉ូតូ​ជួសជុល រហូត​ដល់​ល្ងាច ក៏​ចូល​ទៅ​ស្នាក់​នៅ​តាម​វត្ត ឬ​សាលាឃុំ ដោយ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ​។

លោក​បញ្ជាក់​ទៀត​ថា ក្នុង​១​ថ្ងៃ​ៗ ម្នាក់​ៗ អាច​រក​ប្រាក់​ចំណូល​បាន​ប្រហែលជា​៥​ម៉ឺន ទៅ​១០​ម៉ឺន​រៀល លុះ​កាច់​កង​ថ្លៃ​សាំង នៅ​សល់​តិចតួច​សម្រាប់​ផ្ញើ​ឱ្យ​ប្រពន្ធ​កូន​នៅ​ឯ​ផ្ទះ ដើម្បី​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

លើស​ពី​នេះ ការ​ធ្វើ​ដំណើរ​ជួសជុល​សម្ភារៈ​ផ្ទះបាយ​នេះ គឺ​ចេញ​ទៅ​គ្រប់​ទីកន្លែង​តាម​បណ្តា​ខេត្ត​នានា យប់​កន្លែង​ណា​សម្រាក​នៅ​កន្លែង​នោះ រហូត​ដល់​រយៈពេល​២​ទៅ​៣​ខែ ទើប​នាំ​គ្នា​ចូល​ផ្ទះ​ម្តង​។ ម្យ៉ាងវិញទៀត ខាង​លោក​ក៏​មាន​គ្រឿង​បំ​លាស់​គ្រប់​ប្រភេទ ក្នុង​ការ​យក​ទៅ​ជួសជុល​សម្ភារៈ​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ