ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ស្នេហា​លោក កឹ​ម សុខា និង​ស្រី​មុំ តុលាការ​បើក​សវនាការ​វិនិច្ឆ័យ​អ្នក​សូកប៉ាន់​សាក្សី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ខាង​មុខ​នេះ តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ​លើ​សំណុំរឿង​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ខាង​មុខ​នេះ តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ​លើ​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​បុគ្គលិក​សមាគម​ការពារសិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​៣​នាក់ ដែល​បាន​ប្តឹង​សាទុក្ខ​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​បន្ត​ឃុំខ្លួន​ពួក​គាត់​ក្នុង​ចំណោម​៤​នាក់ ។

សវនាការ​នេះ គ្រោង​នឹង​ដឹកនាំ​ដោយ​លោកស្រី គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ឈួ​ន ចាន់​ថា ជា​តំណាង​មហាអយ្យការ ។ កម្មវត្ថុ​នៃ​សវនាការ​នេះ គឺ​បណ្តឹងសុំ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យោង​តាម​ដីកា​របស់​តុលាការ​កំពូល គឺ​បង្គាប់​ឲ្យ​ពន្ធនាគារ​នាំ​ខ្លួន​ជនជាប់ចោទ​ជាដើម​បណ្តឹងសាទុក្ខ​ចំនួន​៣​នាក់ គឺ​លោក ណៃ វ៉ង់​ដា អាយុ​៤២​ឆ្នាំ លោក នី សុខា អាយុ​៥១​ឆ្នាំ និង​លោក យី សុខសាន្ត អាយុ​៥៣​ឆ្នាំ ។ ជនជាប់ចោទ​ទាំង​៣​នាក់ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១) ត្រូវ​នាំ​មក​កាន់​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ដើម្បី​ចូលរួម​សវនាការ ។

តុលាការ​បាន​ចោទប្រកាន់​ជនជាប់ចោទ​ទាំង​៣​នាក់​ក្នុង​ចំណោម​៤​នាក់ ពី​បទ​សូកប៉ាន់​សាក្សី និង​បាន​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​«​សូកប៉ាន់​សាក្សី​» ប្រព្រឹត្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ កំឡុង​ខែមីនា​-​មេ​សា​ឆ្នាំ​២០១៦ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្ម​ទ​ណ្ខ ។

ជនជាប់ចោទ​៤​នាក់​ជា​បុគ្គលិក​ជាន់ខ្ពស់​នៃ​សមាគម​អា​ដ​ហុ​ក ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​បើក​ការ​ស៊ើបអង្កេត​មួយ​លើ​សំណុំរឿង​ខ្សែអាត់​សំឡេង​សាសង​ស្នេហា​រវាង​នាង ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ​អាយុ​២៦​ឆ្នាំ និង​លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

ក្នុង​សំណុំរឿង​នេះ​ផង​ដែរ តុលាការ​ក៏​បាន​កោះហៅ​លោក ធន សារាយ ប្រធាន​សមាគម​អា​ដ​ហុ​ក​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ពី​បទ​សូកប៉ាន់​សាក្សី​នេះ តែ​លោក​មិន​ទាន់​បាន​ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដោយសារ​លោក​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស ។

ជនជាប់ចោទ​ចំនួន​៣​នាក់ បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​នីតិវិធី​ឃុំខ្លួន ឬ​ប្តឹង​សុំ​មោឃភាព​នីតិវិធី  ក៏​ប៉ុន្តែ​តុលាការ​ថ្នាក់​ក្រោម​ចំនួន​២​បាន​ច្រាន​ចោលការ​ស្នើ​សុំ​នេះ ៕