ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពេជ្រ ស្រស់​ ចាប់ផ្តើម​ប្រមូលផល​ផ្លែទុរេនធម្មជាតិ ​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិករ​ ចាប់ផ្តើមប្រមូលផ្លែទុរេនធម្មជាតិ នៅលើដីចំការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន…

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិករ​ ចាប់ផ្តើមប្រមូលផ្លែទុរេនធម្មជាតិ នៅលើដីចំការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ការប្រមូលផលនេះ ធ្វើឱ្យគាត់មានការសប្បាយ​រីករាយយ៉ាងខ្លាំង ព្រោះមានអតិថិជន នៅក្នុងខេត្តប៉ៃលិន និងខេត្តផ្សេងៗ កុម្មង់ទិញ យកទៅ​ទទួលទាន អាចឱ្យគាត់បានថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោក ពេជ្រ ស្រស់ អាយុ ៥៥ឆ្នាំ បានឱ្យភ្នាក់ងារយើងដឹងថា ​នៅលើដីចម្ការរបស់គាត់​បានដាំដំណាំទុរេនអស់រយ:ពេលជាច្រើនឆ្នាំមកហើយ ដែលមានចំនួនជាង ១០០ដើម ហើយក៏បានទទួលផលបេះលក់ដូរជាហូរហែ ខណ:ដែលភ្ញៀវទេសចរធ្វើដំណើរមកពី​តាមបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងរាជធនានីភ្នំពេញ ដែលបាននាំគ្នាចូលទៅលេងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ក៏ឆៀងចូលទិញផ្លែឈើរបស់គាត់តែម្តង។

លោកបន្តទៀតថា ដំណាំទុរេនរបស់លោកដែលទិញពូជមកពីប្រទេសថៃ ប្រភេទម៉ាន់ថង ដោយក្នុង ១ផ្លែមានទម្ងន់ ៣ ទៅ ៥គីឡូក្រាម ក៏មានផ្លែខ្លះ មានទម្ងន់រហូតដល់ ៦ ទៅ ៧គីឡូក្រាមដែរ ដោយគាត់ថ្លឹងលក់ ១គីឡូក្រាម តម្លៃ ៣០០០០រៀល។ ទោះបីជាមាន​ផ្លែច្រើនប៉ុណ្ណោះ ក៏មិនសល់ដែរ ព្រោះម៉ូយនាំគ្នា ចូលទៅទិញជាច្រើនគួរឱ្យកត់សម្គាល់។

លោកបានបញ្ជាក់ទៀតថា ដំណាំទុរេននេះ មានការលំបាកក្នុងការថែទាំបន្តិច ដោយត្រូវ​បូមទឹកស្រោចជាប្រចាំ ហើយត្រូវចំណាយថវិកាអស់ជាច្រើន ខណដែលតម្លៃទីផ្សារប្រេងសាំង​មានការហក់ឡើងថ្លៃខ្ពស់គួរឱ្យកត់សម្គាល់។

ទោះបីជាយ៉ាងណា លោកក៏បានដាំកូនទុរេនបន្ថែមទៀត នៅលើដីចម្ការប្រមាណ៦ហិកតា អាចនឹងឱ្យលោកលក់ដូរបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។

សូមបញ្ជាក់ថា ​អតិថិជនភាគច្រើន គឺចូលចិត្តទិញផ្លែទុរេនដល់ក្នុងចម្ការ ខណ:ពួកគាត់មិន​សូវហ៊ានទិញផ្លែឈើនេះ ពីអ្នកលក់ដូរនៅក្នុងផ្សារ ឬតាមរទេះនោះទេ ព្រោះក្រែងជារបស់ ដែលនាំចូលមកពីប្រទេសថៃ ដែលទិញមកក្នុងតម្លៃថោក យកមកលក់ដូរក្នុងតម្លៃខ្ពស់ ព្រោះមានអ្នកលក់ដូរខ្លះបោកប្រាស់ ដោយកុហកអ្នកទិញថា ជារបស់ធម្មជាតិ ដាំនៅក្នុងខេត្តប៉ៃលិនផ្ទាល់៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ