ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! មិន​ត្រឹម​យក​របស់ ថែម​ទាំង​រុញច្រាន​នាង​ទៀត នាង​ស្រែក​ផ្អើល​ដេញចាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ បន្ទាប់​​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន បង្ក​ឱ្យ​មាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​​ជិះ​រត់គេច​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២២ ទល់មុខ​បុរី​ពិភព​ថ្មី​៣ ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ គឹ​ម ណា​រី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​កង្ហារ ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់​នៅ​កន្លែងធ្វើការ ផ្លូវ​៣៧១​សូ​ឡា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ចំណែក​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​នោះ ម៉ាក RIMI តម្លៃ​ជាង​១០០​ដុល្លារ ។ ដោយឡែក​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ តែ​គ្រាន់តែ​ដឹង​ថា សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DC 1850 ។

តាម​សម្តី​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BD 2273 ចេញពី​កន្លែងធ្វើការ ក្នុង​គោលបំណង​យក​អីវ៉ាន់​ទៅ​អោយ​​ភ្ញៀវ​នៅ​ម្តុំ​បុរី​ភព​ថ្មី​៣ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រី​ម ពណ៌​ខ្មៅ​មួយ​គ្រឿង បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក RIMI ពី​ក្នុង​ហោប៉ៅ​ខោ​វ​របស់​នាង​បាន​ហើយ ក៏​រុញច្រាន​ម៉ូតូ​របស់​នាង​ថែម​ទៀត តែ​សំណាងល្អ​មិន​ដួល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឆក់​ទូរស័ព្ទ​បាន​ហើយ ជនសង្ស័យ​ក៏​បាន​ជិះ​រត់​ចូល​ទៅ​ក្នុង​បុរី​បាត់ ហើយ​ពេល​នោះ​នាង​បាន​ស្រែ​កថា «​ចោរ​ៗ» ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ និង​ដកហូត​ម៉ូតូ​១​គ្រឿង​ជា​របស់​ជនសង្ស័យ ចំណែក​ទូរស័ព្ទ​របស់​នាង​វិញ​ត្រូវ​បាន​ជនសង្ស័យ​បោះចោល​ទៅ​ក្នុង​ទឹក​បាត់ ។ ដោយឡែក​បក្ស​ជនសង្ស័យ​ម្នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​.​ស ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​.​ស អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការ​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ