ទីក្រុងហាណូយ ៖ រដ្ឋបាលចំណីអាហាររបស់ប្រទេសវៀតណាម បានចេញការព្រមាន អំពីផលិតផលកាហ្វេ ដែលមានសារធាតុហាមឃាត់ ដែលអាចបង្កើនហានិភ័យ នៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល នេះបើយោងតាមសាសរព័ត៌មាន vnexpress ចេញផ្សាយនៅថ្ងៃទី២៧ ឧសភា ២០២២នេះ ។
រដ្ឋបាលចំណីអាហារវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា សំណាកចំនួនបួន នៃផលិតផលកាហ្វេ ម៉ាក “Max Health Go Coffee” មានផ្ទុក sibutramine ដែលជាថ្នាំទប់ស្កាត់ចំណង់អាហារ ពោលគឺមិនអោយយើងឃ្លាន ។
កាលពី ០៣ថ្ងៃមុន រដ្ឋបាលចំណីអាហារ ក៏បានចេញការព្រមាន អំពីផលិតផលអាហារ ០៣ផ្សេងទៀត ដែលមានសារធាតុហាមឃាត់ ៖ “Giam tao slim ho tro giam beo” (ទឹកខ្មេះប៉ោម cider ដើម្បីជួយសម្រកទម្ងន់) ដែលមានផ្ទុកសារធាតុ sibutramine និង “Bo hoan duong plus” និង “Stony bo than trang duong tang cuong sinh luc” (អាហារបំប៉នផ្លូវភេទទាំង០២មុខនេះ គឺដើម្បីជួយដល់ការងាប់លិង្គមនុស្សប្រុស) ដែលមានផ្ទុកសារធាតុ sildenafil ។
ទាំង sibutramine និង sildenafil គឺជាសារធាតុហាមឃាត់ ក្នុងអាហារបំប៉ន ដូចៗគ្នា ព្រោះថា Sibutramine អាចបណ្តាលឲ្យឈឺក្បាល ឈឺខ្នង អាឡែរហ្សី និងអាចមានគ្រោះថ្នាក់ ប្រសិនបើប្រើប្រាស់ដោយមនុស្សដែលមានជំងឺសរសៃឈាមបេះដូង ខណៈដែល sildenafil អាចប្រើបានតែជាមួយវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ រដ្ឋបាលចំណីអាហារ បានណែនាំប្រជាពលរដ្ឋវៀតណាម កុំទិញ និងប្រើប្រាស់ផលិតផលទាំងនោះ ហើយរាយការណ៍ មកសមត្ថកិច្ច ប្រសិនបើពួកគេរកឃើញផលិតផលដូចខាងលើនេះ ចរាចរលក់លើទីផ្សារ ។
ជាក់ស្តែង ករណីនៃផលប៉ះពាល់បណ្តាលមកពីការទទួលទាន ផលិតផលដែលមានសារធាតុហាមឃាត់នេះ កាលពីខែមុន ស្ត្រីអាយុ៣៧ឆ្នាំម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Bach Mai បន្ទាប់ពីបានប្រើផលិតផលកាហ្វេ ដើម្បីសម្រកទម្ងន់ ។ នាងបានបង្ហាញរោគសញ្ញា ដូចជាពិបាកដកដង្ហើម សីតុណ្ហភាពរាងកាយចុះទាប និងសន្លប់ ។ ផលិតផលដែលនាងបានប្រើ “Max Health Go Coffee” ក្រោយមក ត្រូវបានគេបង្ហាញថា មានផ្ទុកសារធាតុហាមឃាត់ ដែលអាចបង្កើនហានិភ័យ នៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ឈានដល់ការស្លាប់បាន ៕
ចែករំលែកព័តមាននេះ