ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​លើស​សម្ពាធ​ឈាម​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​-​បេះដូង​-​សរសៃឈាម និង​តម្រងនោម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំងឺ​លើស​សម្ពាធ​ឈាម​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​សុខភាព​សាធារណៈ ដែល​ជា​ទូទៅ​វា​ជា​មូលហេតុ​ចម្បង​ដែល​តម្រូវ​ឱ្យ​អ្នកជំងឺ​មក​ជួប​គ្រូពេទ្យ​។ នេះ​ជា​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភ័ក្ត្រ ឯកទេស​ជំងឺ​បេះដូង សរសៃឈាម មន្ទីរពេទ្យ​កាល់​មែ​៉​ត​ថ្លែងប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​ជំងឺ ។  លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បន្ត​ទៀត​ថា ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្ក​នូវ​ផលវិបាក​ជា​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល បេះដូង សរសៃឈាម និង​តម្រងនោម​។

ក​-​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​បាន​ធ្វើ​រោគ វិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​ហើយ​ត្រូវ​បាន​បែងចែក​សម្ពាធ​ឈាម​ទៅ​តាម​ចំណាត់ថ្នាក់​ដូច​តទៅ ៖
-​សម្ពាធ​ឈាម​នៅ​ពេល Systole (mmHg)
-​សម្ពាធ​ឈាម​ធម្មតា តូច​ជាង ១២០
-​ជិត​លើស​សម្ពាធ​ឈាម ចាប់ពី​១២០-១៣៩
-​លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១  ចាប់ពី ១៤០-១៥៩
-​លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២ ធំ​ជាង ១៦០ សម្ពាធ​ឈាម​នៅ​ពេល Diastole (mmHg) 
-​សម្ពាធ​ឈាម​ធម្មតា តូច​ជាង​៨០
-​ជិត​លើស​សម្ពាធ​ឈាម​ចាប់ពី ៨០-៨៩
-​លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១​ចាប់ពី ៩០-៩៩ 
-​លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២ ធំ​ជាង ១០០

ខ​-​ក្នុង​ចំណោម​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ប្រហែលជា​៩០​ភាគរយ យើង​ពុំ​អាច​រក​ឃើញ​ពី​មូលហេតុ​បង្ក​នៅឡើយ​ទេ (Hypertension artérielle essentielle ou primitive) តែ​មាន​ប្រហែលជា​១០​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ដែល​នៅ​ក្នុង​នោះ​រួម​មាន​៖
-​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប្រភេទ AINS, Corticoïdes
-​ជំងឺ Cushing (Maladie de Cushing)
-​ជំងឺ​ដុំ​ក្រពេញ​លើ​តម្រងនោម (Phéochromocytose)
-​ជំងឺ​ដុំ​គីស​ច្រើន​នៅ​តម្រងនោម (Polykystose rénale)
-​ជំងឺ​លើស​សម្ពាធ​ឈាម​ដោយសារ​សរសៃឈាម​តម្រងនោម (Hypertension artérielle rénovasculaire)
-​ជំងឺ​ត្បៀត​សរសៃឈាម​អា​អក (Coartation aortique)
-​ជំងឺ​សរសៃឈាម​អា​អក (Maladie aortique)

គ​-​រោគ​សញ្ញា​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ជា​ទូទៅ​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​មាន​រោគ​សញ្ញា​អ្វី​ឱ្យ​ច្បាស់លាស់​ទេ តែ​ភាគច្រើន​នៃ​រោគ​សញ្ញា ស្តែង​ចេញ​ជា​ផលវិបាក​នៃ​ជំងឺ​នោះ ។

ឃ​-​ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម
១-​ការ​ប៉ះពាល់​ទៅ​លើ​បេះដូងៈ ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​កត្តា​ដែល​បង្ក​ឱ្យ​មាន​កំណកខ្លាញ់​នៅ​ក្នុង​សរសៃឈាម​បេះដូង (athérome) ដែល​អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (cardiopathie ischémique) ។ ជំងឺ​នេះ​ក៏​ជា​កត្តា​ធ្វើ​ឱ្យ​សាច់ដុំ​បេះដូង​ឡើង​ក្រាស់ (Hypertrophie ventriculaire gauche) ដែល​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​សាច់ដុំ​បេះដូង​ត្រូវការ​អុក​ស៊ី​សែន​លើស​ពី​ធម្មតា ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​បេះដូង​កាន់តែ​ធ្ងន់ធ្ងរ ។ រោគ​សញ្ញា​ដែល​ស្ដែង​ចេញ​មាន​ដូច​ជា ៖

-​ឈឺទ្រូង​ចាក់​មក ក ឬ​ដើមដៃ​ឆ្វេង (Angine de poitrine)
-​ហត់​នៅ​ពេលធ្វើការ​ងារ​ប្រចាំ​ថ្ងៃ ឬ​ក៏​ហត់​នៅ​ពេល​សម្រាក

២-​ការ​ប៉ះពាល់​ទៅ​លើ​សរសៃឈាម ៖ ជំងឺ​លើស​សម្ពាធ​ឈាម​បង្ក​ឱ្យ​មាន
-​កំណកខ្លាញ់​នៅ​ក្នុង​សរសៃឈាម (arthérome)
-​ការ​រីក​ប៉ោង​ធំ​នៃ​សរសៃឈាម (Anévrysmes) 
-​ការ​បែក​នូវ​សរសៃឈាម​ធំ (dissections aortiques)
-​ការ​ស្ទះ​សរសៃឈាម​នៅ​ជើង (artériopathie oblitérante des membres inférieurs) ដែល​ស្ដែង​ចេញ​ឱ្យ​ថមថយ​នៅ​ចម្ងាយ​ដើរ​របស់​អ្នកជំងឺ (claudication intermittente)

៣-​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ ៖ ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្ក​ឱ្យ​មាន​ជា​ជំងឺ​ស្ទះ សរសៃឈាម​ខួរក្បាល ឬ​បែក​សរសៃឈាម​នៅ​ខួរក្បាល (Accident vasculaire cérébral ischémique ou hémorragique) ដែល​រោគ​សញ្ញា ស្ដែង​ចេញ​ដោយ​អ្នកជំងឺ​ទន់ដៃទន់ជើង ឬ​ស្ពឹក​មួយ​ចំហៀង​ខ្លួន និយាយ​មិន​ច្បាស់ ឈឺក្បាល និង​បាត់បង់​ស្មារតី ។

៤-​ការ​ប៉ះពាល់​ទៅ​លើ​តម្រងនោម ៖ ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ខ្សោយតម្រងនោម ដែល​ធ្វើ​ឱ្យ​មាន​ជាតិ​សាច់​ចេញ​តាម​ទឹកនោម (​ទឹកនោមប្រៃ​) ដោយសារ​តែ​ផល​ប៉ះពាល់​ទៅ​លើ​សរសៃឈាម​តម្រងនោម ហើយ​ធ្វើ​ឱ្យ​លើស​សម្ពាធ​ឈាម​កាន់តែ​ធ្ងន់ធ្ងរ ដែល​រោគ​សញ្ញា​ស្ដែង​ចេញ​មាន​ដូច​ជា ហើមជើង​ទាំង​សងខាង ហើម​មុខ ពិសេស​ត្របកភ្នែក ។

៥-​ការ​ប៉ះពាល់​ទៅ​លើ​ភ្នែក ៖ វា​អាច​ធ្វើ​ឱ្យ​គំហើញ​របស់​ភ្នែក​មានការ​ធ្លាក់​ចុះ ឬ​ធ្ងន់ធ្ងរ​រហូត​ដល់​មើល​ពុំ​ឃើញ​។ ជា​ទូទៅ​ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ត្រូវ​បាន​ធើ្វ​ការ​បង្ការ  ដោយ​អ្នកជំងឺ​ត្រូវ​៖

-​ពិសា​ថ្នាំ​តាម​វេជ្ជបញ្ជា
-​មក​តាមដាន តាម​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ជាប់លាប់ 
-​អនុវត្ត​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ តាម​រយៈ​ការ​ពិសា​តម​ប្រៃ ខ្លាញ់ និង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​។

លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភ័ក្ត្រ ឯកទេស​ជំងឺ​បេះដូង សរសៃឈាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​សំណូមពរ​ថា បើសិន​លោក​អ្នកមាន​រោគ​សញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀងរាប់​ខាងលើ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ស្វែងរក​ការ​ការពារ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕