ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ថ្ងៃ​ហើយ ភរិយា​នៅ​តែ​អាឡោះអាល័យ​លោក​ប្តី​ជា​វេជ្ជបណ្ឌិត​បាត់បង់​ជីវិត​ទាំង​វ័យក្មេង ដោយ​គាំងបេះដូង

1 ឆ្នាំ មុន

ខេត្តកណ្តាល ៖ គិត​មក​ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ គឺ​ដល់​ថ្ងៃ​បុណ្យ​គម្រប់ ៧​ថ្ងៃ របស់​ស​.​ព​វេជ្ជបណ្ឌិត​វ័យក្មេង​ម្នាក់ ដែល​ធ្លាប់តែ​ព្យាបាល​ជំងឺ​ដល់​ក្មេង​ៗ និង​ទារក​ជា​ច្រើន​នាក់…

ខេត្តកណ្តាល ៖ គិត​មក​ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ គឺ​ដល់​ថ្ងៃ​បុណ្យ​គម្រប់ ៧​ថ្ងៃ របស់​ស​.​ព​វេជ្ជបណ្ឌិត​វ័យក្មេង​ម្នាក់ ដែល​ធ្លាប់តែ​ព្យាបាល​ជំងឺ​ដល់​ក្មេង​ៗ និង​ទារក​ជា​ច្រើន​នាក់ អោយ​រស់រាន​មានជីវិត ប៉ុន្តែ​បែរជា​ត្រូវ​លាចាក​លោក​ទាំង​វ័យក្មេង ដោយសារ​តែ​ជំងឺ​គាំងបេះដូង ។

លោក​វេជ្ជបណ្ឌិត ធី សា​មឺ​ឌី ជា​វេជ្ជបណ្ឌិត​ឯកទេស​ទារក និង​កុមារ​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​ទទួលមរណភាព​កាលពី​វេលា​ទាប​ភ្លឺ នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ ដោយ​ជំងឺ​គាំងបេះដូង ចោល​ភរិយា និង​កូន ២​នាក់ ជាទី​ស្រលាញ់ ។

ស​.​ព​វេជ្ជបណ្ឌិត ធី សា​មឺ​ឌី ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែឧសភា ឆ្នាំ​២០២២ ក្នុងភូមិ​ស៊ី​ធរ​កើត ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជា​វេជ្ជបណ្ឌិត​មួយ​រូប​លោក ធី សា​មឺ​ឌី បាន​ព្យាបាល​ជំងឺ​ដល់​ក្មេង​ៗ និង​ទារក​ដែល​ចូល​មក​សម្រាក និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បានជា​សះស្បើយ​ពី​ជំងឺ​ជា​ច្រើន​នាក់ ដោយ​លោក​វេជ្ជបណ្ឌិត​ព្យាបាល​យ៉ាង​ម៉ឺងម៉ាត់ ហ្មត់ចត់ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ក្នុង​ការ​ព្យាបាល​ក្មេង​ៗ និង​ទារក​ទាំង​អស់នោះ ។

លោក​វេជ្ជ​បណ្ឌិត្យ គឺជា​មិត្ត​ភ​ក្កិ​ដ៏​ល្អ ប្ដី​ដ៏​ល្អ និង​ដ៏​ស្លូតបូត​ម្នាក់ ដែល​ដឹកនាំ​ក្រុម​គ្រួសារ​ប្រកបដោយ​សុភមង្គល និង​ស្នាមញញឹម ។ ការ​ចាកចេញ​របស់​លោក​វេជ្ជបណ្ឌិត គឺជា​ការ​បាត់បង់​ធនធានមនុស្ស​មួយ​រូប​ដ៏​សំខាន់ សម្រាប់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​វិស័យ​សុខាភិបាល ។

ការ​បាត់បង់​លោក​វេជ្ជបណ្ឌិត ពិតជា​គួរ​អោយ​សោកស្តាយ បន្ថែម​លើ​នេះ​កាន់តែ​ក្តុកក្តួល​ក្នុង​ចិត្ត​ថែម​ទៀត​នោះ នៅ​ពេល​ឃើញ​សារ​របស់​ភរិយា​នៅ​អាឡោះអាល័យ​ស្វាមី​ជាទី​ស្រលាញ់​ពេញ​បេះដូង ដោយ​រូប​នាង​រៀបរាប់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា ៖ «​ប្ដី​ល្អ​របស់​អូន​អើយ បង​អើយ​បង ហេតុ​អី​បង​អាយុ​ខ្លី​បែប​នេះ បង​សន្យា​ថា មើលថែរ​អូន និង​កូន​អោយ​រស់​ដោយ​ស្នាមញញឹម ហេតុ​អី​ថ្ងៃនេះ បង​អោយ​ទឹកភ្នែក​មក​អូន បង​ទៅ​ចោល​អូន​មិន​លា​មួយ​ម៉ាត់ ប្ដី​អើយ​ប្ដី បង​ជា​គ្រូពេទ្យ​ល្អ ស្លូតបូត​ណាស់ ហេតុ​អី​ក៏​ព្រហ្ម​លិខិត​ពង្រាត់​យើង​ទៅ​វិញ​បង ទ្រូង​អូន​ស្ទើរ​ប្រេះ​ស្លាប់​ហើយ​បង​» ។

ភរិយា​របស់​ស​.​ព​លោក​វេជ្ជបណ្ឌិត រៀបរាប់​បន្ត​ថា «​បង​ថា​ស្រលាញ់​អូន បង​តែង​និយាយ​ប្រាប់​កូន​រាល់​យប់ បង​តែង​អោយ​កូន​យើង​បង្រៀន យើង​ធ្វើ​សិស្ស អាន​តាម​កូន រាល់​មុន​ពេល​គេង កូន​យើង​ច្រៀង បង​ជា​អ្នក​រាំ អោយ​អូន​មើរ​រាល់​យប់ អូន​ឈឺ​ជើង បង​តែង​យក​អី​មក​អោយ​លាប បារម្ភ​ប្រពន្ធ​គ្រប់​ដង្ហើម​ចេញចូល បង​ថា យើង​នឹង​ប្រឹង​ទៅ​មុខ អោយ​ដល់​គោលដៅ ប្ដី​អើយ ០៣​យប់​ហើយ អូន​គេង​ម្នាក់អែង គ្មាន​បង កូន​យើង​សួរ​ថា ពេល​ណា​បង​មក​វិញ ? កូន​ថា មាន​អ្នក​ណា​ឌុ​ប​កូន​ដើរ​លេង​ទៀត ? ហេតុ​អី​លេងសើច​ជីវិត​ខ្ញុំ​ម្ល៉េះ ប្ដី​អើយ​.. អោយ​អូន​ធ្វើ​អ្វី​បន្ត​ទៀត អូន​គ្មាន​កម្លាំង​ទេ​បង ឈឺចាប់​ណាស់​បង​អើយ​! សុំ​ទោស អូន​ជួយ​បង​មិន​បាន បង​ជា​គ្រូពេទ្យ​ចិត្តធម៌ ចិត្តធ្ងន់ ស្លូតបូត គ្រប់​គ្នា​ច្រណែន​អូន​ណាស់ ដែល​មាន​បង​ជា​ប្ដី បង​ដឹង​ទេ អូន​ស្រលាញ់​បងធំ​ជាង​ជីវិត​អូន​ទៀត បើ​ដូរ​បាន អូន​សូម​អោយ​អូន​ស្លាប់ ជំនួស​បង បង​ត្រូវ​ជួយ​ក្មេង​ៗ​ច្រើន​ទៀត​បង កូន​យើង ត្រូវការ​បង​មើលថែ ថ្ងៃ​ទី​២៥ ឧសភា​នេះ កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ហើយ បង​បាន​អ្នក​ណា​ចាក់​អោយ​កូន​យើង​ទៅ គ្រូពេទ្យ​ប្រចាំជីវិត​អូន​អើយ តើ​មាន​អ្នក​មើល​អូន​ទៀត ? អូន​លេបថ្នាំ​ងុ​យ​គេង តែ​គេង​មិន​លក់ ឃើញ​តែ​មុខ​បង​រហូត ហេតុ​អី​ប្ដី​អូន អាយុ​ខ្លី​យ៉ាងនេះ បង​ខំរៀន​ណាស់ ដើម្បី​បាន​ដូច​បំណង តែ​ឥឡូវ​បង​ទៅ​បាត់ មិន​លា​អូន​មួយ​ម៉ាត់ បង​ធ្វើបុណ្យ​ណាស់ សូម​បង​ទៅ​អោយ​បាន​សុខ​ណា កុំ​បារម្ភ​អូន​និង​កូន​អី អូន​នឹង​រឹង​មាំ ក្រោកឈរ ចិញ្ចឹម​កូន​យើង​ទាំង​២ អោយ​ល្អ​តាម​ដែល​បង​ចង់បាន សូម​ជាតិ​ក្រោយ អោយ​ប្ដី​អូន អាយុ​វែង និង​ជា​ដុក​ទ័​រ ចិត្តល្អ​ដូច​ជាតិ​នេះ​ទៀត ហើយ​សូម​អោយ​អូន​បាន​ជួប នឹង​ជា​ប្រពន្ធ​បងគ្រប់​គ្រប់​ជាតិ លា​ហើយ​ប្ដី​សំលាញ់​» ។

ស្ត្រី​ជា​ភរិយា ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ (​ម៉ាក់ នី​សា​) បាន​រៀបរាប់​ទៀត​ថា «​រូប​នេះ គឺ​អូន​ថត​អោយ​បង​ចុង​ក្រោយ ប្ដី​អូន​ល្អ​លើស​ហើយ​ដឹង​ទេ ៦​ឆ្នាំ​៣​ខែ​ហើយ ដែល​យើង​រៀប​ការ បង​មិន​ដែល​ទៅ​ណា ចោល​អូន​បាត់​មួយ​យប់​ទេ ទោះ​ត្រូវ​ថ្ងៃ​បង​យាម​ពេទ្យ ក៏​រត់​មក​ផ្ទះ​ជួយ​បិទទ្វារ​អោយ​ប្រពន្ធ ហើយ​ទៅ​យាម​វិញ ប្រពន្ធ​ឈរ​លក់​យូរ មិន​បានរ​ត់ទៅ​ជួយ​ជំនួស អោយ​អូន​អង្គុយ មិន​អោយ​ឈរ​យូរ​ទេ ខ្លាច​ឈឺ​ជើង ៦​ឆ្នាំ អូន​មិន​ដែល​ហត់​ចិត្ត​សោះ បង​ថ្នម​ផ្លូវចិត្ត និង​កាយ​ប្រពន្ធ​ណាស់ មក​ពី​ធ្វើការ​ហត់ យ៉ាងណា ក៏​រត់​ថើប​កូន​សិន​ដែរ ជីវិត​បង​ហត់នឿយ​ណាស់ យើង​តស៊ូ​ជាមួយ​គ្នា តាំងពី​ញាំ​មី​មួយ​កញ្ចប់​២​នាក់ យើង​អត់​ណាស់ កាល​២០១៧ អូន​យំ បង​ជូត​ទឹកភ្នែក​អូន​ហើយ សុំ​ទោស​អូន​ថា នាំ​អូន​មក​ពិបាក​ជាមួយ តែ​អូន​ពេញចិត្ត អូន​សុខចិត្ត​គ្រប់យ៉ាង​អោយ​តែ​បាន​ក្បែរ​បង បង​ចាំ​ទេ ? កាល​យើង​មានកូន​ទី​មួយ បង​សប្បាយចិត្ត នឹង​កូន​មុខ​ដូច​បង​១០០% បង​ប្រាប់​អូន​ថា បង​នឹង​ធ្វើ​អោយ​អូន​មាន​ក្ដី​សុខ ទោះ​បង​គ្មាន​សម្ភារ​និយម​ក៏​ដោយ បង​ដឹង​ទេ ប្រពន្ធ​បង​ពេល​នេះ មាន​អារ​ម្ម​ណ៏​យ៉ាងណា ពេល​បង​ទៅ​មិន​លា មិន​បំពេញ​សន្យា មិន​មើល​មុខ​អូន និង​កូន អូន​ដឹង​ថា បង​ធ្វើការ​រាល់ថ្ងៃ លើស​កម្លាំង ឈឺ​មិន​ប្រាប់​អូន ខ្លាច​អូន​បារម្ភ ប្ដី​ដឹង​ទេ ការ​ចាកចេញ​នេះ ប្រពន្ធ​បង​ជិត​ឆ្កួត​ហើយ ប្ដី​អូន​សង្ហា​ណាស់ ចំណេះដឹង​ខ្ពង់ខ្ពស់ មាន​ច​រិ​ក​ស្លូតបូត ស្មោះត្រង់​ណាស់ ៥​ថ្ងៃ​ហើយ ដែល​បង​ទុក​អូន អោយ​គេង​គ្មាន​បង អូន​នឹក​បង ចង់​អោប​បង អោយ​ពេញដៃ​ដូច​មុន ចង់អោយ​បងកាន់ដៃ​អូន​ពេល​គេង អូន​ស្រលាញ់​ប្ដី​ណាស់ អូន​នឹង​រក្សា​ការ​ស្រលាញ់​ប្ដី​ក្នុង​បេះដូង អូន​អស់​មួយ​ជីវិត នាទី​ចុង​ក្រោយ បង​មាន​ត្រឹម​រូបថត អូន​នឹង​សន្យា​ថា មើល​កូន​យើង​ទាំង​២ អោយ​ល្អ​បំផុត សូម​ប្ដី​ទៅ​កាន់​សុគតិភព សូម​ជាតិ​ក្រោយ កុំ​អាយុ​ខ្លី​ចឹ​ង​ទៀត​ណា​បង សូម​អោយ​បង​ល្អ​គ្រប់យ៉ាង ដូច​ជាតិ​នេះ ហើយ​កុំ​ស្គាល់​ពាក្យ​ថា ហត់នឿយ អាយុ​វែង ដល់​ចាស់​កោង​ខ្នង លា​ហើយ​មនុស្ស​ល្អ​របស់​អូន​អើយ អូន​ដឹង​ថា បង​បារម្ភ​រឿង​អូន​ឈឺ​ជើង តែ​បង​កុំ​បារម្ភ​អី ពេល​អូន​ឈឺ អូន​នឹង​ទៅ​ពេទ្យ​ខ្លួនអែង បង​ដឹង​ហើយ​ថា ប្រពន្ធ​បង​ខ្លាំង​គ្រប់យ៉ាង អូន​នឹង​ដើរទៅ​រួច អូន​សន្យា​ណា​ប្ដី​សំលាញ់​ចិត្ត thy samedy» ។

យ៉ាងណា ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ក្រុម​គ្រួសារ​នៃ​សព​លោក​វេជ្ជបណ្ឌិត ហើយ​សូម​វិញ្ញាណក្ខន្ធ​របស់​លោក​វេជ្ជបណ្ឌិត ធី សា​មឺ​ឌី ទៅ​កាន់​ឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ