ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងមួយឆ្នាំ កសិករដាំបន្លែសុវត្ថិភាព សល់​បាន​ប្រហែល ៥០០០ដុល្លារ

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ រស់នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម បច្ចុប្បន្ននាំគ្នាប្រកបរបរដាំបន្លែបង្ការសុវត្ថិភាព ដើម្បីលក់លើទីផ្សារផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយមានគ្រួសារខ្លះ បានឱ្យកូនចៅរៀនថ្នាក់មហាវិទ្យាល័យ នៅរាជធានីភ្នំពេញទៀតផង។…

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ រស់នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម បច្ចុប្បន្ននាំគ្នាប្រកបរបរដាំបន្លែបង្ការសុវត្ថិភាព ដើម្បីលក់លើទីផ្សារផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយមានគ្រួសារខ្លះ បានឱ្យកូនចៅរៀនថ្នាក់មហាវិទ្យាល័យ នៅរាជធានីភ្នំពេញទៀតផង។

អ្នកស្រី ឃាង ស៊ីផូ អាយុ ៦០ឆ្នាំ បានឱ្យដឹងថា គាត់បានចាប់ផ្ដើមដាំបន្លែតាំងពីក្នុងអំឡុង​ឆ្នាំ១៩៨៣ ដើម្បីហូបក្នុងគ្រួសារ និងលក់នៅលើទីផ្សារ ដើម្បីដោះស្រាយជីវភាព ដែលក្នុងគ្រានោះ មានការលំបាកច្រើន។ ទោះជាយ៉ាងណា ក៏ក្រុមគ្រួសាររបស់គាត់ នៅតែតស៊ូចាប់យកមុខរបរនេះ បន្តទៀត។

អ្នកដាំបន្លែរូបនេះ ប្រាប់បន្តថា លុះមកដល់ឆ្នាំ២០១១ ការិយាល័យកសិកម្មក្រុងកំពង់ចាម បានមកជួយបង្ហាត់បង្រៀនពីរបៀបដាំដុះកសិកម្មបែបទំនើប ដោយប្រើប្រាស់ជីធម្មជាតិ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ បន្ទាប់ពីទទួលបានចំណេះដឹង គាត់ប្រឹងប្រែងដាំម្ទេសម៉ាឡេ ត្រប់ ត្រសក់ ប៉េងប៉ោះ និងបន្លែស្លឹក នៅលើទីតាំងដីចំនួនពីរកន្លែង នៅក្នុងភូមិជាប្រភេទដីបឹង ដែលលិចទឹកក្នុងរដូវវស្សា។ ​មកដល់ឆ្នាំ២០១៩ ជំនាញកសិកម្ម​ក្រុងកំពង់ចាម បានជួយសាងសង់ផ្ទះសំណាញ់ ដែលមានទំហំ ១០គុណនឹង ៣៣ម៉ែត្រ ដោយក្នុងនោះ មានដាំស្ពៃ ខាត់ណាស្ពៃតឿ។ ចំពោះជីវិញ គឺប្រើជីកំប៉ុស្តិ៍ ដែលផ្សំឡើងពីស្លឹកឈើ​ធម្មជាតិ សម្រាប់បាញ់លើបន្លែបង្ការ ដោយធានាមិនប៉ះពាល់សុខភាព។ បន្លែខ្លះ មិនដល់ ១ខែ និងខ្លះទៀតជាង ១ខែ ហុចផល គាត់ត្រូវប្រមូលយកទៅបោះឱ្យគេនៅតាមម៉ាត និងតាមផ្សារ នៅចុងសប្តាហ៍ ដោយបន្លែ ដែលប្រមូលបាន គឺមានគេកម៉្មង់ទិញយកទៅលក់អស់ៗ មិនមាន​នៅសល់នោះទេ។

អ្នកស្រី ស៊ីផូ បញ្ជាក់ថា ដោយសារតែមានការអំណត់លើមុខរបរដាំដុះបន្លែ​ទាំងនេះ ថវិកាដែល​លក់បាន អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារ ក្នុងនោះ ថែមទាំងបានជួយឲ្យចៅចំនួនពីរនាក់ ទៅសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ នៅរាជធានីភ្នំពេញទៀតផង។

បើគិតទៅ ជាមធ្យមក្នុងមួយឆ្នាំ អ្នកស្រី ស៊ីផូ អាចទទួលប្រាក់ចំណេញបានប្រហែល ៥០០០ដុល្លារ។

ជាមួយនោះគាត់ ក៏ថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយសាងសង់អាងទឹកមួយធំ សម្រាប់ឱ្យប្រជាពលរដ្ឋបូមទឹកដាក់បន្លែ ដោយកាត់បន្ថយលើការចំណាយមួយផ្នែកធំ។

សម្រាប់មុខរបរនេះ គាត់នៅតែស្រឡាញ់ និងខិតខំដាំដុះបន្តទៅមុខទៀត ហើយក៏សំណូមពរដល់​ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម សូមនាំគ្នាទទួលទានបន្លែសុវត្ថិភាព ឱ្យបានច្រើន ព្រោះមិនប៉ះ​ពាល់សុខភាពឡើយ​។

ចំណែកលោក អ៊ុក គោរព មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឲ្យដឹងដែរថាសម្រាប់​ទីតាំងបន្លែសុវត្ថិភាព នៅខេត្តកំពង់ចាម រួមមាន នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កោះរកា ស្រុកកំពង់សៀម ស្រុកកងមាស និងមួយផ្នែកទៀត នៅស្រុកចំការលើ។ ចំពោះបន្លែសុវត្ថិភាព ដែលកសិករផលិតបាន នៅកោះរកា ស្រុកកងមាស ត្រូវបានលោកហាន លីណា អភិបាលរងក្រុង​កំពង់ចាម ប្រមូលទិញ មកដាក់លក់នៅក្នុងហាងរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅជិតមាត់​ទន្លេក្រុងកំពង់ចាម៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ