រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានស្នើឲ្យមានការប្រុងប្រយ័ត្នចំពោះជនខិលខូចបានផ្ញើសារអ៊ីម៉ែលក្លែងក្លាយ ដើម្បីលួចទិន្នន័យសំខាន់ៗក្នុងកុំព្យូទ័រ ឬទូស័ព្ទ ។
![Picture]()
យោងតាមបណ្តាញសង្គមរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា Phishing គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឱ្យក្រុមជនខិលខូចបញ្ចូលកម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗ ដែលមាននៅក្នុងឧបករណ៍ទាំងនោះ ។
ប្រភពបានបន្តថា ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើនទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះ គឺនៅតែមានចំនួនច្រើន ។ ដូចកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញមានជនខិលខូចបានផ្ញើអ៊ីម៉ែល បន្លំធ្វើជាអ៊ីម៉ែលមកពីក្រុមហ៊ុន McAfee ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ កម្មវិធីការពារមេរោគដ៏ល្បីមួយ ។
![Picture]()
នៅក្នុងអ៊ីមែលនោះ ជនខិលខូចបានធ្វើការបំភិតបំភ័យជនរងគ្រោះថា សុពលភាពក្នុងការប្រើប្រាស់របស់កម្មវិធី McAfee ត្រូវបានផុតកំណត់ហើយកុំព្យូទ័ររបស់ពួកគេត្រូវបានរកឃើញថា មានមេរោគ ។
ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឱ្យចុចនៅលើតំណភ្ជាប់ភ្លាមៗនោះ ពួកគេក៏បានប្រើវិធីសាស្ត្របញ្ចុះតម្លៃ ដើម្បីបន្តប្រើកម្មវិធី ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះវានឹងបើកគេហទំព័រមួយដែលអាចឱ្យពួកគេបញ្ចូលកម្មវិធីមេរោគទៅវិញ ។
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ទាំងឡាយណាដែលលោកអ្នក ទទួលបានតាមរយៈអ៊ីមែល ឬតាមរយៈកម្មវិធីទំនាក់ទំនងសង្គមជាពិសេស សូមកុំចុចនៅលើតំណភ្ជាប់ ដែលលោកអ្នកជួបប្រទះនៅក្នុងគេហទំព័រមួយចំនួនដែលមិនមានប្រភពច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ