ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ «​សួន​រុក្ខជាតិ​អង្គរ​» ទាក់​ទាញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

ក្រោយ​ពេល​សម្ភោ​ធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ «​សួន​រុក្ខជាតិ​អង្គរ​» កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២​ថ្មី​ៗ​នេះ ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ​បាន​សម្រុក​ទៅ​ទស្សនា​

ខេត្តសៀមរាប ៖ ក្រោយ​ពេល​សម្ភោ​ធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ «​សួន​រុក្ខជាតិ​អង្គរ​» កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២​ថ្មី​ៗ​នេះ ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ​បាន​សម្រុក​ទៅ​ទស្សនា​«​សួន​រុក្ខជាតិ​អង្គរ​» ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។ ក្នុង​នោះ​សម្រាប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ នេះ ភ្ញៀវ​ទេសចរ​ប្រមាណ​៧,៧១៥​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​៧,៦៦៤​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​៥១​នាក់ បាន​ចូល​មក​ទស្សនា «​សួន​រុក្ខជាតិ​អង្គរ​» នឹង​បាន​កោតសរសើរ​ភាព​ស្រស់​ស្អាត​នៅ​ក្នុង​សួន​នេះ​ផង​ដែរ​។

ក្នុង​នោះ​ផង​ដែរ កញ្ញា ឌិន គឹ​ម​រា​ណ អាយុ​១៦​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​អញ្ជើញ​មក​ពី​ស្រុក​ពួក ខេត្តសៀម​រាប បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ​នូវ​ពេល​បាន​មក​ទស្សនា «​សួន​រុក្ខជាតិ​អង្គរ​» ក្រោយ​ពេល​អាជ្ញាធរ​ជាតិ​អប្សរា បើក​សម្ភោ​ធ និង​ដាក់​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ​។

កញ្ញា​បន្ត​ទៀត​ថា សួន​នេះ​មាន​ទីធ្លា​ធំ​ទូលាយ និង​មាន​ប្រភេទ​រុក្ខជាតិ​កម្រ​ៗ​ជា​ច្រើន​ប្រភេទ ដែល​កញ្ញា​មិន​ដែល​ធ្លាប់​ឃើញ​ពី​មុន​មក ហើយ​ដើមឈើ​ទាំងនេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ជា​ពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្គាល់ និង​សិក្សា​ស្វែង​យល់​។

ចំណែក​លោក ជា ម៉េ​ង​លី ដែល​ជា​ប្រជាពលរដ្ឋ​មក​ពី​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​លើក​ឡើង​ដែរ​ថា លោក​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​ជា «​សួន​រុក្ខជាតិ​អង្គរ​» យ៉ាង​ស្រស់​ស្អាត​លើ​ទឹកដី​ក្រុង​សៀមរាប​។

លោក​បន្ត​ថា «​សួន​រុក្ខជាតិ​អង្គរ​នេះ​» ពិតជា​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង ដោយសារ​ការ​រៀបចំ​សួន​ក្នុង​រចនា​បទ​ខ្មែរ មាន​ធម្មជាតិ​ស្រស់បំព្រង ផ្កា​រីក​ស្គុះស្គាយ​ចោល​ក្លិនក្រអូប ធ្វើ​ឱ្យ​អ្នក​ទេស​មក​ទស្សនា​មិន​ចេះ​ជិនណាយ​ឡើយ​។

លោក​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​សួន​រុក្ខជាតិ​អង្គរ​នេះ សូម​ចូលរួម​ថែរក្សា​អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ថែរក្សា​ដើមឈើ ផ្កា ស្មៅ​ដែល​បាន​ដាំ​ដុះ ដើម្បី​ភាព​បៃតង​ស្រស់​ស្អាត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

សូម​បញ្ជាក់​ថា «​សួន​រុក្ខជាតិ​អង្គរ​» បាន​ក្លាយជា​សមិទ្ធផល​ទេសចរ​ថ្មី​មួយទៀត នៅ​ក្នុង​ក្រុង​សៀម​រាប ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​ឡើង ដោយ​មាន​ដាំ​រុក្ខជាតិ​ចម្រុះ​រាប់​ម៉ឺន​ដើម នៃ​ពូជ​ជាង​៥០០​ប្រភេទ ដូច​ជា ដើម​ផ្កា ស្មៅ ឈើ​ហូប​ផ្លែ ដោយ​អាច​ចាត់​ទុក​ថា ជា​សួន​មាន​លក្ខណៈ​ពិសេស​លើស​សួន​កំសាន្ត​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​សួន​នេះ ស្ថិត​ក្នុង​រចនា​បទ​បែប​ខ្មែរ មាន​ដាំ​បន្លែ​ចម្រុះ​ជា​ច្រើន​មុខ មាន​សួន​រុក្ខជាតិ​ធ្វើ​ឱសថ សួន​គ្រឿង ទេស សួន​អំបូរ​ត្នោត សួន​លំនៅ​ដ្ឋា​ន​ខ្មែរ សួន​ព្រៃឈើ និង​បន្ថែម​លើ​នេះ ក៏​មាន​សួនសត្វ​ជា​ច្រើន​ប្រភេទ ដូច​ជា អណ្តើក ក្ងោក ព្រាប ទន្សាយ និង​សត្វ​ស្លាប​ប្រ​វាំង​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ