ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជប៉ុន​ជួយ​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ​និង​គុណភាព​ទឹក​នៅ​តំបន់​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​តាម​រយៈ​ក្រុម​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​សហការ​ជាមួយ​ក្រុម​អ្នកជំនាញ​នៃ​បណ្តា​សាកលវិទ្យាល័យ​ចំនួន​៥ ក្នុង​ប្រទេស​ជប៉ុន ដើម្បី​សិក្សា​ស្រាវជ្រាវ​ឡើង​វិញ​អំពី​ជីវៈចម្រុះ

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​តាម​រយៈ​ក្រុម​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​សហការ​ជាមួយ​ក្រុម​អ្នកជំនាញ​នៃ​បណ្តា​សាកលវិទ្យាល័យ​ចំនួន​៥ ក្នុង​ប្រទេស​ជប៉ុន ដើម្បី​សិក្សា​ស្រាវជ្រាវ​ឡើង​វិញ​អំពី​ជីវៈចម្រុះ និង​គុណភាព​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដងស្ទឹង​សៀមរាប និង​បឹង​ទន្លេសាប ។ គម្រោង​នេះ​មានឈ្មោះ​ថា «​គម្រោង​វាយតម្លៃ​ឡើង​វិញ​នូវ​យន្តការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៃ​ជីវៈចម្រុះ (EMSB) » នឹង​ត្រូវ​ចំណាយពេល​៣​ឆ្នាំ ដោយ​ចាប់ពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៨ ។

គោលបំណង​នៃ​ការ​សិក្សា​ពេល​នេះ គឺ​ដើម្បី​ផ្ទៀត​ផ្ទាត់​ឡើង​វិញ​នូវ​ប្រភេទ​ជីវៈចម្រុះ ដូច​ជា​រុក្ខជាតិ​ទឹក ត្រី ចំណី​ត្រី ជាដើម ដែល​មាននៅ​ក្នុង​តំបន់​អង្គរ ស្ទឹង​សៀមរាប និង​បឹង​ទន្លេសាប បន្ទាប់​ពី​គម្រោង​សិក្សា​លើ​បញ្ហា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ម្តង​រួច​មក​ហើយ កាលពី​១០​ឆ្នាំ​មុន​។ តាម​រយៈ​ការ​សិក្សា​ផ្ទៀងផ្ទាត់​ឡើង​វិញ​នេះ នឹង​ធ្វើ​ឲ្យ​អ្នកជំនាញ​កំណត់​បាន​ថា រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ តើ​មាន​ជីវៈចម្រុះ​ដែល​ធ្លាប់​មាន​វត្តមាន​ក្នុង​ទីតាំង​ខាងលើ​ណាខ្លះ​បាន​ថយ​ចុះ បាត់បង់ ឬ​មានការ​កើនឡើង ។

លោក​សាស្ត្រាចារ្យ Ohtaka ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​សត្វ​ត្រី និង​ចំណី​ត្រី​បាន​លើក​ឡើង​ថា ការ​សិក្សា​អំពី​ជីវៈចម្រុះ​ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​លំនឹង​ធម្មជាតិ​។ ការ​សិក្សា​នេះ​នឹង​ជួយ​ឲ្យ​យើង​ដឹង​ថា ត្រូវ​មាន​វិធានការ​បែប​ណា​ចំពោះ​ជីវៈចម្រុះ​ដែល​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ និង​អាច​ឲ្យ​យើង​ដឹង​ថា រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ​មាន​អ្វី​ប្រែប្រួល​ខ្លះ​ក្នុង​បឹង​ទន្លេសាប និង​បណ្តាញទឹក សំខាន់​ៗ​ក្នុង​តំបន់​អង្គរ​ទាំងមូល ។

លោក​សាស្ត្រាចារ្យ Oyagi អ្នកជំនាញ​ផ្នែក​ទឹកបាន​លើក​ឡើង​នូវ​ករណី​សិក្សា​អំពី​ទឹកស្ទឹង​សៀមរាប​ថា ដោយ​ប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់​គុណភាព​ទឹក​នៅ​លើ​ទីតាំង​ចំនូ​ន​៤​គឺ ទំនប់​តា​សោម នៅ​ក្បែរ​ស្ពាន​នាគ នៅ​ស្ពាន​ក្រវាត់ក្រុង និង​នៅ​ចុងស្រុក ឃើញ​ថា ផ្នែក​ខាងលើ​ទីក្រុង ទឹក​មាន​លក្ខណៈ​ប្រក្រតី តែ​ចំណុច​ស្ទឹង​ដែល​ហូរ​កាត់​ទីក្រុង​ទាំងមូល​មាន​សារធាតុពុល​កើនឡើង​។ ទោះជា​យ៉ាងណា អ្នកជំនាញ​រូប​នេះ​បញ្ជាក់​ថា ទឹកស្ទឹង​នៅ​ពេល​នេះ​នៅ​មាន​សុវត្ថិភាព​នៅឡើយ ដោយសារ​មាន​ទឹកភ្លៀង​ច្រើន និង​ទឹក​ហូរ​មក​ពី​ផ្នែក​ខាង​ជួយ​រុញ​សំអាត​ជាតិពុល​ទៅ​ផុត ។

លោក​ឡៃ ប៉ូ​ទី មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ទឹក និង​ជា​អ្នកសម្របសម្រួល​ការងារ​នេះ​បញ្ជាក់​ថា ក្រុម​ជំនាញ​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​ពេល​នេះ​មាន​ច្រើន​ផ្នែក​ផ្សេង​គ្នា គឺ​ផ្នែក​រុក្ខជាតិ​ទឹក ផ្នែក​បឹង សត្វវិទ្យា ជល​សាស្ត្រ​វិទ្យា​ជាដើម ។ លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​សិក្សា​ស្រាវជ្រាវ​នឹង​ត្រូវ​បោះពុម្ពផ្សាយ និង​រាយការណ៍​ក្នុង​កិច្ចប្រជុំ ធំ​ៗ​ដូច​ជា​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​ជាដើម ដើម្បី​រិះរក​វិធីសាស្ត្រ​យ៉ាងណា​រក្សា​តុល្យភាព​ប្រព័ន្ធ​អេកូ​ឡូ​ជី​ក្នុង​តំបន់​អង្គរ​ឲ្យ​បាន​ល្អ​ប្រសើរ ៕