ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវរបស់ប្រធាន និងអនុប្រធានមន្ទីរកសិកម្ម និងនាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ស្ពឺ មិនទាន់ចប់ទេ នៅពេលនេះគឺករណីលោក ឈាង តុលា, លោក យឹមណន និងលោក ផល មុនី ត្រូវតំណាងក្រុមហ៊ុនដាក់បណ្ដឹងពីបទ «គំរា.មកំហែង» ដែលមកដល់ពេលនេះ រឿងនៅតំណាងអយ្យការចំណាត់ការនៅឡើយ។
មហាជនរង់ចាំមើលថា តើវាសនារបស់លោកទាំង៣នឹងទៅជាយ៉ាងណា? ក្រោយរងនូវបណ្តឹងជាច្រើនបែបនេះ ព្រោះម្នាក់ៗសុទ្ធតែជាមន្ត្រីធំៗក្នុងខេត្ត ស៊ីក៏ធំដែរ។
ទោះជាយ៉ាងណា បើតាមប្រភពគឺលោក ឈាង តុលា បានស្នើសុំអោយតំណាងក្រុមហ៊ុនដកពាក្យបណ្តឹងវិញ តែត្រូវបដិសេធ ។ ករណីនេះ បើតាមមន្ត្រីកសិកម្មមួយរូបដែលដឹងរឿងក៏បានបង្ហើបផងដែរថា ថ្នាក់លើបានអោយសាមីខ្លួនធ្វើរបាយការណ៍ផ្ញើទៅក្រសួងផងដែរ តែគេមិនដឹងថា តើអស់លោកទាំងនោះសរសេរយកល្អ ឬក៏ទទួលស្គាល់ការពិតនោះទេ?។
![Picture]()
មហាជនដែលដឹងរឿង បាននាំគ្នារង់ចាំមើលថា តើក្នុងសាច់រឿងនេះ នឹងវិវត្តន៍ដល់ណា? ម្ខាងជាក្រុមហ៊ុនមកវិនិយោគ ម្ខាងជាមន្ត្រីរបស់ខ្លួន តើថ្នាក់ដឹកនាំក្រសួងនឹងជួយខាងណា? អ្នកខ្លះលើកឡើងថា អ្នកដឹកនាំមិនបណ្តោយអោយមន្ត្រីរបស់ខ្លួនមានរឿងនោះទេ តែអ្នកខ្លះទៀតក៏លើកឡើងបែបបញ្ចេញទស្សនៈផ្ទុយគ្នាថា ខាងក្រុមហ៊ុនដែលចូលមកវិនិយោគ គេក៏មិនព្រមចាញ់ដែរ ដរាបណាក្រុមហ៊ុនគេជាក្រុមហ៊ុនស្របច្បាប់ ម្យ៉ាងទៀតថ្នាក់ដឹកនាំលោកមិនកាន់ជើងមន្ត្រីខិលខូលដែលធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការទូទាំងប្រទេសដែរ ។
ទោះជាយ៉ាងណា រឿងនេះវិវត្តន៍ដល់ណាទៀតនោះ មានតែនាំគ្នារង់ចាំមើលតែប៉ុណ្ណោះ គឺរង់ចាំមើលថា ក្រោយពីពាក្យបណ្ដឹងលេខ៥១២ ដែលទទួលបានចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ដែលភ្នាក់ងារកោះសន្តិភាពទទួលបាន ដែលបានដាក់ចូលតាមរយៈលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ស្ពឺ របស់តំណាងក្រុមហ៊ុនដែលសុំប្ដឹងចោទប្រកាន់លោក យឹម ណន ជាអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងលោក ផល មុនី ជានាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ។
នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ និងជម្រាបជូនលោកជំទាវ ព្រះរាជអាជ្ញាថា កាលពីអំឡុងចុងឆ្នាំ២០២១ ជំនួយការផ្ទាល់របស់ក្រុមហ៊ុនមានឈ្មោះ ស៊ិន សាវ៉ុន ដែលក្រុមហ៊ុនបានឲ្យគាត់ទៅមើលថែទីតាំងដីរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយមកលោក ស៊ិន សាវ៉ុន បានប្រាប់ថា មានឈ្មោះ យឹម ណន មុខងារជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ឈ្មោះផល មុនី មុខងារជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានទំនាក់ទំនងសុំប្រាក់ពីខាងក្រុមហ៊ុនជាថ្នូរនឹងការមិនមករំខាន ឬធ្វើទុក្ខបុកម្នេញដល់ការអភិវឌ្ឍស្របច្បាប់របស់ក្រុមហ៊ុនឡើយ។
![Picture]()
ដោយយល់ឃើញឃើញថា ការចំណាយប្រាក់បន្តិចបន្តួចទៅខាងមន្ត្រីជំនាញក៏ជាការសម្រួលដល់ការងារអភិវឌ្ឍរបស់ក្រុមហ៊ុនដែរ ។ ក្រុមហ៊ុនក៏ឯកភាពនឹងបានអោយប្រាក់ឈ្មោះ យឹម ណន និងឈ្មោះ ផល មុនី ជាបន្តបន្ទាប់តាមរយៈលោក ស៊ិន សាវុន ដោយការប្រគល់នោះ មានទាំងការប្រគល់ដោយផ្ទាល់ និងតាមរយៈធនាគារ អេប៊ីអេ (ABA) ដែលសរុបជាទឹកប្រាក់ចំនួនជាងដប់ម៉ឺនដុល្លារអាមេរិក ចាប់តាំងពីប្រគល់រួច ឈ្មោះ យឹមណន និងឈ្មោះ ផល មុនី តែងតែទំនាក់ទំនងទារប្រាក់រហូតដល់គាត់បានលើកឡើងថា រឿងលុយគាត់យល់ថា អាចស្ទះ ប៉ុន្តែគាត់នៅតែនិយាយថា ឲ្យខាងក្រុមហ៊ុនឱ្យប្រាក់គាត់បន្តទៀត ទោះជាមិនបានទាំងអស់ ឬច្រើន ក៏សុំជាចំរៀកចំរៀកក៏បានដែរ កុំឲ្យតែដាច់ឈឹង ជួនកាលលោក យឹម ណន លើកឡើងថា ឈ្មោះ ផល មុនី ចង់ជួបនិយាយការងារថ្មីជាដើម។
ប៉ុន្តែដោយការទាមទារមិនចេះចប់មិនចេះហើយ ហើយមិនដឹងថា លោកទាំងពីរយកប្រាក់ទៅណានោះទេ ឮតែថាយកឱ្យថ្នាក់លើមិនចេះអស់បែបនេះ ខាងក្រុមហ៊ុនក៏បានផ្អាកអោយប្រាក់ទៅលោកទាំងពីរសិន ដើម្បីរកដំណោះស្រាយថ្មី ព្រោះថា បើលោកទាំងពីរនៅតែអាងអំណាចមកទារប្រាក់ពីក្រុមហ៊ុន ដែលមកវិនិយោគស្របច្បាប់ ដើម្បីជួយអភិវឌ្ឍប្រទេសរបស់ខ្លួនបែបហ្នឹង វាពិតជារឿងគួរឲ្យខកចិត្ត និងសោកស្ដាយបំផុត ដែលក្រុមហ៊ុនពុំធ្លាប់ជួបកន្លងមកទេ ។
ក្រោយពីផ្អាកឱ្យប្រាក់ឈ្មោះ យឹម ណន និងឈ្មោះ ផល មុនី ស្រាប់តែនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅពេលដែលក្រុមហ៊ុនខ្ញុំបាទ បានប្រើគ្រឿងចក្រមកធ្វើការឈូសឆាយសម្អាតដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍដូចរាល់ដងនោះ ស្រាប់តែឈ្មោះ យឹម ណន និងឈ្មោះ ផល មុនី បានចុះមកធ្វើការហាមឃាត់ក្រុមហ៊ុនខ្ញុំបាទ មិនឱ្យឈូសឆាយបន្តទៀតទេ។ ដោយពុំបានប្រាប់អំពីមូលហេតុ ឬបង្ហាញលិខិតគតិយុត្តណាមួយដើម្បីមកបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនទេ នឹងបាននិយាយគំរា.មតំណាងក្រុមហ៊ុនជាច្រើនដងថា បើមិនបញ្ឈប់សកម្មភាពឈូសឆាយនេះទេ ពួកគាត់នឹងចាប់តំណាងក្រុមហ៊ុនរួមទាំងប្រធានក្រុមហ៊ុនដាក់ពន្ធនាគារជាមិនខាន។
សកម្មភាពរបស់ឈ្មោះ យឹម ណន និងលោក ផល មុនី គឺពិតជាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរជាទីបំផុត ទង្វើរបស់ឈ្មោះ យឹម ណន និងឈ្មោះ ផល មុនី គឺបានស្ដែងឡើងជាបទ គំរា.មកំហែង និងស៊ីសំណូកដែលមានចែងក្នុងមាត្រា ២៣១ និងមាត្រា ៥៩៤ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះដែរ ខាងក្រុមហ៊ុនក៏បានស្នើសុំឱ្យផ្តន្ទាទោសឈ្មោះទាំងពីរ តាមនីតិវិធីច្បាប់ និងទាមទារប្រាក់ដែលឈ្មោះទាំងពីរ បានយកទៅត្រឡប់មកវិញ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួនប្រាំម៉ឺនដុល្លារផងដែរ។
ចំណែកឯលិខិតមួយច្បាប់ទៀត លេខ ៥១១ ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ ដូចគ្នាតំណាងក្រុមហ៊ុនក៏បានធ្វើការប្តឹងលោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីបទគំរា.មកំហែង ជេរប្រមាថផងដែរ។
ហើយនៅក្នុងលិខិតបណ្ដឹងបានរៀបរាប់ថា កាលពីថ្ងៃទី១២ មេសា ឆ្នាំ២០២២ ក្រុមហ៊ុនបានធ្វើការឈូសសម្អាតដី ស្រាប់តែពេលកំពុងឈូស មានវត្តមានលោក យឹម ណន អនុប្រធានមន្ទីរកសិកម្ម និងលោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើ បានចុះធ្វើការហាមឃាត់ក្រុមហ៊ុនមិនអោយឈូសឆាយបន្តទៀតទេ។ ពេលនោះតំណាងក្រុមហ៊ុនក៏បានទំនាក់ទំនងទៅលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈាង តុលា ដើម្បីចង់រាយការណ៍អំពីដំណើរដើមទងនៃរឿងនេះប្រាប់គាត់ ប៉ុន្តែលោក ឈាង តុលា មិនបានស្ដាប់អំពីហេតុផលរបស់តំណាងក្រុមហ៊ុនទេ បែរជាធ្វើការជេរប្រមាថចោទប្រកាន់មកលើក្រុមហ៊ុនថា «ក្រុមហ៊ុនអ្ហែង ជាក្រុមហ៊ុនចោរចូលមកលួចដី ដីកន្តួយម៉ែឯងនៅហ្នឹងអី» ក្រោយមកតំណាងក្រុមហ៊ុនក៏បានប្រាប់លោក ឈាង តុលា ដែរថា «ក្រុមហ៊ុនលោកជាក្រុមហ៊ុនស្របច្បាប់តាមរយៈលិខិតលេខ ៥៦២៧ ពណចបព ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២ គឺក្រុមហ៊ុនបានទិញដីពីប្រជាពលរដ្ឋស្របច្បាប់ និងមានការដឹងឮពីអាជ្ញាធរផងដែរ។
ប៉ុន្តែត្រូវបានលោក ឈាង តុលា ស្រែកតាមទូរស័ព្ទមកវិញថា «កុំយកឈ្មោះក្រុមហ៊ុនមកនិយាយ ក្រុមហ៊ុនអ្ហែងជាក្រុមហ៊ុនចោរ ក្រុមហ៊ុនអ្ហែងទិញរបស់ពីចោរ ក្រុមហ៊ុនឯងមកឈូសដីរបៀបចោរ អញ្ចឹងអញចាំទាំងអស់» ពាក្យសំដីរបស់លោក ឈាង តុលា ដែលបានចោទប្រកាន់ និងជេរប្រមាថមកលើក្រុមហ៊ុន ពិតជាពុំអាចទទួលយកបានឡើយ នឹងធ្វើឲ្យក្រុមហ៊ុនខូចកេរ្តិ៍ឈ្មោះ បាត់បង់ទំនុកចិត្តជាខ្លាំង ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជាហើយបែរជាមកជួបមនុស្សបែបនេះ ។
តំណាងក្រុមហ៊ុនយល់ថា ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប មិនគួរណាមកធ្វើការជេរប្រមាថនិងចោទប្រកាន់ក្រុមហ៊ុនបែបនេះទេ ព្រោះថ្នាក់ដឹកនាំដែលល្អ គប្បីមានចំណេះដឹងខ្ពង់ខ្ពស់មានសីលធម៌ថ្លៃថ្នូរ ជាមនុស្សមានហេតុផល មិនមែនធ្វើការដោយប្រើប្រាស់កំហឹង និងអារម្មណ៍ហួសហេតុពេកបែបនេះទេ ហើយថែមទាំងយកអំណាចមកកៀបសង្កត់ក្រុមហ៊ុនវិនិយោគស្របច្បាប់ ដែលចូលមកអភិវឌ្ឍ ដើម្បីភាពរីកចម្រើនក្នុងប្រទេសរបស់ខ្លួនទៅវិញ ដែលនេះពិតជារឿងគួរឲ្យសោកស្ដាយបំផុត។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានថ្នាក់ដឹកនាំណាមួយចេញមុខប្រតិកម្មចំពោះទង្វើរបស់លោកទាំងបីនាក់នៅឡើយទេ ទំនងជាថ្នាក់ដឹកនាំយល់ថា តំណាងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងរួចហើយ គឺទុកឲ្យតំណាងអយ្យការចាត់ការតាមនីតិវិធី ឬក៏យ៉ាងណា ក៏គ្មានអ្នកណាដឹងឡើយ។ ចំណែកឯភាគីតំណាងក្រុមហ៊ុននៅតែប្រកាន់ជំហរមិនព្រមដកពាក្យបណ្ដឹងវិញឡើយ ដរាបណាក្រុមហ៊ុននៅមិនទាន់ទទួលបានភាពយុត្តិធម៌ត្រឹមត្រូវ។ មហាជនកំពុងរង់ចាំចាំមើកថា តើវាសនារបស់លោកទាំង៣នាក់ខាងលើ នឹងទៅជាយ៉ាងណា? ក្រោយរងនូវបណ្តឹងជាច្រើនបែបនេះ ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ