ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​គរ​ទុក​ចោល​១០​ថ្ងៃ​​ហើយ​ជះ​ក្លិន​ស្អុយ ពល​រដ្ឋ​ត្អូញ​ត្អែរលំបាក​ទ្រាំ​ខ្លាំង​ណាស់

1 ឆ្នាំ មុន
  • ប៉ៃលិន

អ្នក​ភូមិ​ប៉ា​ហ៊ី​ជើង និង​អាជី​វករ​លក់ដូរ​នៅ​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង ហៅ​ផ្សារ​ជាង​អូន ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​នាំ​គ្នា​រអ៊ូរទាំ និង​ត្អូញត្អែរ​ពី​បញ្ហា​ក្លិនស្អុយ​សំរាម​ដែល​គរ​ទុក​ចោល អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ នៅ​តាម

ខេត្ត​ប៉ៃលិន ៖ អ្នក​ភូមិ​ប៉ា​ហ៊ី​ជើង និង​អាជី​វករ​លក់ដូរ​នៅ​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង ហៅ​ផ្សារ​ជាង​អូន ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​នាំ​គ្នា​រអ៊ូរទាំ និង​ត្អូញត្អែរ​ពី​បញ្ហា​ក្លិនស្អុយ​សំរាម​ដែល​គរ​ទុក​ចោល អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ នៅ​តាម​មុខ​ផ្ទះ និង នៅ​ក្នុង​ផ្សារ ។ ពួក​គាត់​ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ៃលិ​ន សូម​ឱ្យ​មេការ​ប្រមូល​សំរាម​ខេត្ត​ប៉ៃលិន ប្រញាប់​កើប​ដឹក​យក​ទៅ​ចាក់ចោល​ផង ព្រោះ​ពួក​គាត់​លំបាក​ទ្រាំ​ខ្លាំង​ណាស់ ដោយសារ​ជះក្លិន​ស្អុយ​ខ្លាំង​ពេក បណ្តាល​ឱ្យ​អ្នក​ខ្លះទៅ​ជា​កើត​ជំងឺ​រលាក​ផ្លូវដង្ហើម និង​ឈឺក្បាល​វិលមុខ​ជាដើម ។

អ្នក​ភូមិ​ឈ្មោះ ផល និង​ឈ្មោះ ធា​វី បាន​រៀបរាប់​ទាំង​ខឹងសម្បា និង​បារម្ភ​ពី​សុខភាព​ផង​ថា អ្នក​ភូមិ​ទ្រាំ​លែង​បាន​តទៅ​ទៀត​ហើយ ខណៈ​ដែល​សំរាម​គរ​ទុក​នៅ​មុខ​ផ្ទះ​អស់​រយៈពេល​១៥​ថ្ងៃ​ហើយ មិនឃើញ​​​​ខាង​ក្រុមហ៊ុន​អនាម័យ​ដឹក​សំរាម​ខេត្ត​ប៉ៃលិន មក​ប្រមូល​ទាល់តែ​សោះ ។

ក្លិន​កាក​សំណល់​ផ្ទះបាយ ដូច​ជា​ក្បាល​ត្រី ស្រកាត្រី សម្បក​បន្លែ សម្បក​ពងមាន់​ពង​ទា ដែល​ច្រក
ថង់​គរ​ទុក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ បាន​បញ្ចេញក្លិនស្អុយ​ឆួល​ចូល​ពេញ​ក្នុងផ្ទះ លំបាក​ដកដង្ហើម លំបាក​ហូប​អាហារ ដេក​លែង​លក់ និង​លំបាករស់នៅ​យ៉ាង​ខ្លាំង ។

ពួក​គាត់​ក៏​បាន​រិះគន់​ដែរ​ថា ការ​បង់ប្រាក់​ថៃ្ល​សំរាម​គឺ​រៀង​រាល់​ខែ មិន​ដែល​ខាន​១​ថ្ងៃ​ឡើយ ប៉ុន្តែ​អ្នកម៉ៅការ​ហាក់ដូចជា​មិន​អើពើ​នឹង​បញ្ហា​សុខភាព​របស់​ពួក​គាត់​ទាល់តែ​សោះ គួរតែ​៣​ទៅ​៤​ថ្ងៃ មក​ប្រមូល​ម្តង ព្រោះ​បើ​លើស​ពី​នេះ នឹង​បង្ក​បញ្ហា​ដល់​សុខភាព​អ្នក​ភូមិ ។

ចំណែក​អ្នក​ភូមិ​ប៉ា​ហ៊ី​ជើង ក៏​បាន​ធ្វើការ​រិះគន់​អាជ្ញាធរ​ក្រុង ក៏​ដូច​ជា​មេការ​ប្រមូល​សំរាម​ថា មិន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​ពួក​គាត់ ដោយ​មិន​គិត​ខ្វល់​មក​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹម ត្រូវ ។ ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព សុខភាព​ផ្លូវដង្ហើម ព្រោះ​អាច​កើតជា​ជំងឺ​ផ្សេង​ៗ ខណៈ​រាល់ថ្ងៃ​លំបាក​ក្នុង​ការ​រក​ប្រាក់​មក​ចិញ្ចឹមជីវិត​ហើយ បែរជា​មាន​បញ្ហា​សុខភាព​ថែម​ទៀត ធ្វើ​ឱ្យ​ពួក​គាត់​កាន់តែ​ក្រ​ទៅ​ៗ មិន​អាច​ងើប​ខ្លួន​រួច​ឡើយ ។ ពួក​គាត់​ស្នើ​សុំ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុង ក៏​ដូច​ជា​ខេត្ត គួរតែ​ចុះ​ពិនិត្យ​មើល​បញ្ហា​សំរាម​ទាំងនេះ បើ​នៅ​តែ​ព្រងើយកន្តើយ​ទៀត ពួក​គាត់​ពិតជា​អស់សង្ឃឹម​ខ្លាំង​ណាស់ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សែ​ប សារ៉ា​ន់ ហៅ​ចិន មេការ​អនាម័យ​ប្រមូល​សំរាម​នៅ​ផ្សារ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​គាត់​ប្រមូល​រាល់ថ្ងៃ គឺ​៣​ថ្ងៃ​ប្រមូល​ម្តង តែ​ដោយសារ​ជាប់រវល់​រៀបចំ​អាពាហ៍​ពិពាហ៍​កូន ទើប​មិន​បាន​យក​រថយន្ត​ទៅ​ប្រមូល​ដឹក​ចាក់ចោល​នៅ​ទីលាន​ចាក់​សំរាម ។ ប៉ុន្តែ​ពេល​នេះ បន្ទាប់​ពី​រួច​ធុ​រ​: គឺ​គាត់​ចាប់ផ្តើម​ដើរ​ប្រមូល​ជា​បណ្តើរ​ៗ​នៅ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ និង​ក្នុង​ផ្សារ​ផង​ដែរ ។

ចំណែក​លោក ចក់ រិ​ទ្ធី អភិបាលរង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ខាង​លោក​តែងតែ​ណែនាំ​ដល់​មេការ​សំរាម​ខាងលើ ឱ្យ​ចុះ​ប្រមូល​កម្ទេច​កាក​សំណល់​គ្រប់កន្លែង​គោលដៅ​របស់​ខ្លួន​ឱ្យទាន់​ពេលវេលា ដោយ​មិន​ត្រូវ​ទុក​គរ​ចោល​ឱ្យ​ស្អុយរលួយ​បែប​នេះ​ទេ ។ លោក​បន្ត​ថា លោក​ក៏​បាន​ស្រែក​តាម​គ្រុប​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ពេល​នេះ បន្ទាប់​ពី​បាន​ទទួល​សេចក្តីរាយការណ៍​ថា​អត់​មានការ​ប្រមូល​សំរាម​តាម​ភូមិ​យក​ទៅ​ចាក់ចោល លោក​នឹង​ទាក់ទង​ទៅ​ខាង​មេការ​ឱ្យ​ប្រមូល​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ