យោងតាមអ្នកស្រាវជ្រាវបានរកឃើញថា ការលេងកីឡាវាយកូនហ្គោលអាចបង្កើនអាយុរបស់អ្នក និងបង្ការជំងឺធ្ងន់ធ្ងរដូចជាជំងឺបេះដូង និងជំងឺវង្វេងវង្វាន់។ កីឡាប្រភេទនេះមានអត្ថប្រយោជន៍ចំពោះសុខភាពទាំងរាងកាយនិងផ្លូវចិត្តសម្រាប់មនុស្សគ្រប់វ័យ ។
ក្រុមអ្នកវិទ្យាសាស្ដ្របានវិភាគលើការរកឃើញពីការសិក្សាចំនួន5000 ដែលពួកគេរកមើលទំនាក់ទំនងរវាងកីឡាវាយកូនហ្គោល និងសុខុមាលភាព ។ តាមការពិនិត្យលើការបោះពុម្ភផ្សាយនៅក្នុងកាសែតកីឡាវេជ្ជសាស្ត្រនៃចក្រភពអង់គ្លេស បានសន្និដ្ឋានថា ការវាយកូនហ្គោលអាចពង្រឹងសុខភាពបេះដូង សរសៃអាកទែរ សួត និងមានឥទ្ធិពលវិជ្ជមានលើការរំលាយអាហារ ។
វាក៏អាចជួយមនុស្សដែលមានបញ្ហាជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ 2 មហារីកសុដន់ និងពោះវៀន រួមនឹងផលប៉ះពាល់នៃជំងឺដាច់សរសៃឈាមខួរក្បាល។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អត្ថប្រយោជន៍នៃការវាយកូនហ្គោលចំពោះរាងកាយអាចជួយបង្កើនអាយុ និងចំពោះអ្នកលេងដែលមានវ័យចំណាស់ ការវាយកូនហ្គោលធ្វើឱ្យប្រសើរឡើងនូវតុល្យភាព និងកម្លាំងរបស់ពួកគេ ។
ការសិក្សារបានរកឃើញថា កីឡាករវាយកូនគោលជាធម្មតាអាចដុតកាឡូរីបានក្នុងអប្បបរមាប្រហែល៥០០កាឡូរីនៅពេលពួកគេលេងបាន ១៨ រន្ធ។ កីឡាករវាយកូនហ្គោលអាចដើរបានបួនទៅប្រាំបីម៉ាយល៍សម្រាប់ការលេងមួយចប់ ខណៈដែលអ្នកប្រើប្រាស់រថយន្តអគ្គិសនីអាចដើរបានបួនម៉ាយល៍ ។
កីឡាវាយកូនហ្គោលក៏អាចជួយបន្ថយហានិភ័យនៃជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺវង្វេង នេះបើយោងតាមអ្វីដែលអ្នកស្រាវជ្រាវបានរកឃើញ ។ ការសិក្សានេះគឺជាផ្នែកមួយនៃគម្រោងកីឡាវាយកូនហ្គោលនិងសុខភាព ដឹកនាំដោយមូលនិធិកីឡាវាយកូនហ្គោលពិភពលោក ។ ការស្រាវជ្រាវនាពេលអនាគតនឹងផ្តោតលើឥទ្ធិពលនៃកីឡាវាយកូនហ្គោលលើសុខភាពផ្លូវចិត្ត ការពង្រឹងសាច់ដុំនិងតុល្យភាពជាច្រើនទៀតនៃរាងកាយ ៕
ចែករំលែកព័តមាននេះ