ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច ​ដើម្បី​ឲ្យ​ជីវិត​គ្រួសារ​ មាន​ក្តីសុខពោរពេញ​​ដោយ​ភាព​កក់ក្តៅ​ ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រៀប​មង្គលការ​រួច​ហើយ បុរស​ស្ត្រី​ពីរ​នាក់​បាន​ក្លាយជា​គ្រួសារ​មួយ ជា​ភរិយា​ស្វាមី​ដែល​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​គោរព​ប្រតិបត្តិ​ចំពោះ​គ្នា​នេះ​ធ្វើ​ឲ្យ​ជីវិត​គូស្នេហ៍​មាន​សេចក្តីសុខ​ទាំង​ផ្លូវ​កាយ និង​ទាំង​ផ្លូវចិត្ត នេះ​ជា​សកម្មភាព​មួយ​ដ៏​សំខាន់​ដែល​ស្វាមីភរិយា​ទាំងឡាយ​គួរ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ស៊ីជម្រៅ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រៀប​មង្គលការ​រួច​ហើយ បុរស​ស្ត្រី​ពីរ​នាក់​បាន​ក្លាយជា​គ្រួសារ​មួយ ជា​ភរិយា​ស្វាមី​ដែល​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​គោរព​ប្រតិបត្តិ​ចំពោះ​គ្នា​នេះ​ធ្វើ​ឲ្យ​ជីវិត​គូស្នេហ៍​មាន​សេចក្តីសុខ​ទាំង​ផ្លូវ​កាយ និង​ទាំង​ផ្លូវចិត្ត នេះ​ជា​សកម្មភាព​មួយ​ដ៏​សំខាន់​ដែល​ស្វាមីភរិយា​ទាំងឡាយ​គួរ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ស៊ីជម្រៅ ។ ក្នុង​គ្រួសារ​ស្វាមីភរិយា​ដែល​មិន​យោគយល់​គ្នា មិន​យល់ចិត្ត​គ្នា​នឹង​ធ្វើ​ឲ្យ​កើត​មានការ​ឈ្លោះប្រកែក បែក​សំឡេង​រហូត​ដល់​ត្រូវ​លែងលះ​ព្រាត់ប្រាស​គ្នា ។

តាម​ពិត​ទៅ​ក្នុង​គ្រួសារ​គ្មាន​ស្វាមី ភរិយា​ណា​ប្រាថ្នា​ចង់​ជួប​ការ​បែកបាក់​ប្រេះឆា​នោះ​ឡើយ ដូច្នេះ​តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ជីវិត​គ្រួសារ​មាន​សេចក្តីសុខ ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្តៅ​នោះ ? វិធី​ដែល​ស្វាមី ភរិយា​គប្បី​ប្រតិបត្តិ​ចំពោះ​គ្នា​មាន​ដូច​តទៅ​៖

តួនាទី​ស្វាមី​ចំពោះ​ភរិយាៈ ១-​ការ​លើកតម្កើង​តម្លៃ​ជា​ភរិយា​ពិត ២- នាំ​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​តាម​ច្បាប់​រដ្ឋ ៣- លើ​តម្កើង​ភរិយា​ឲ្យ​ពេញ​មុខ ដោយ​ការ​ណែនាំ​ឲ្យ​ទទួលភ្ញៀវ នាំ​ទៅ​ដើរ​កម្សាន្ត ៣- លើកតម្កើង​ការ​រស់នៅ​ឲ្យ​ស្មើភាព​គ្នា​ដូច​ជា បរិភោគ​រួម​គ្នា អង្គុយ​ស្មើគ្នា ដើរ​កៀក​គ្នា ៤- មិន​ឲ្យ​ភរិយា​ធ្វើការ​ធ្ងន់​ហួសកម្លាំង មាន​ពេល​រីករាយ និង​ឈប់​សម្រាក​ខ្លះ ជួយ​ភរិយា​ក្នុង​កិច្ចការ​ផ្ទះ​តាម​សមគួរ ៥- ជួយ​ភរិយា​ពេល​ចេញ​ក្រៅ​ផ្ទះ​ដូច​ជា ជួយ​កាន់​របស់របរ ពរ​កូន​ជាដើម ៦- ប្រើ​ពាក្យ​សម្ដី​សរសើរ សាទរ និង​អរគុណ​នូវ​កិច្ចការ​ដែល​ភរិយា​ធ្វើ​ឲ្យ ៧- លើកតម្កើង​សេចក្តី​ល្អ​របស់​ភរិយា​តាម​កាលៈទេសៈ មិន​និន្ទា ឬ​មាក់ងាយ​ទោះជា​ប្រការ​ណា​ក៏​ដោយ ។

៨- និយាយ​លួងលោម​ពេល​ភរិយា​មាន​អាសន្ន ៩- ផ្តល់​ភាព​កក់ក្តៅ និង​ចែករំលែក​ភារកិច្ច​ស្រាល​ធ្ងន់ និង​មិន​ធ្វើ​ឲ្យ​មាន​វិបត្តិ​ផ្លូវចិត្ត ១០- គោរព​ក្នុង​ឋានៈ​ជា​ភរិយា និង​ជា​មិត្ត​រួម​ជីវិត ១១- ព្យាយាម​ស្ទាបស្ទង់ ឲ្យ​ស្គាល់​និស្ស័យ​ចិត្តថ្លើម​ភរិយា ១២- សន្ទនា​ប្រាស្រ័យ និង​ពោល​ពី​កិច្ចការ​របស់​ខ្លួន​ឲ្យ​ស្តាប់​តាម​សមគួរ ១៣- ប្រឹក្សា​ណែនាំ និង​ផ្តល់​យោបល់​តាម​សមគួរ ១៤- លះបង់​ថ្ងៃ​ទំនេរ​ឲ្យ​ទៅ​ជា​ថ្ងៃ​របស់​គ្រួសារ​តាម​សមគួរ ។

១៥-​ការ​មិន​និយាយ​មើលងាយ ១៦- មិន​វាយដំ ឬ​ធ្វើ​ទារុណកម្ម​ភរិយា ១៧- ប្រើ​ពាក្យ​សម្ដី​ទន់ភ្លន់​ជាមួយ​ភរិយា ១៨- ប្រសិនបើ​ភរិយា​ខុស​ភ្លាត់ភ្លាំង​ដោយ​ប្រការ​ណា គួរ​ណែនាំ​ដាស់តឿន​ដោយ​ទន់ភ្លន់ មិន​ប្រើ​វាចា​អាសអាភាស ១៩- កាលបើ​ដឹងខ្លួន​ខុស​ត្រូវ​ទទួលខុស ២០- រាល់​លើក​ដែល​ខ្លួន​ទទួល​គុណ​បំណាច់​ក្នុង​អំពើ​ល្អ គប្បី​នឹក​ជា​និច្ច​ថា​ភរិយា​ជា​អ្នកមាន​ចំណែក​ចូលរួម​ជាមួយ​ផង ២១- មិន​មាក់ងាយ មើល​ថោក​មាតាបិតា ញាតិ​មិត្ត ឬ​អ្នក​រាប់អាន​របស់​ភរិយា ២២- មិន​ប្រៀបធៀប​ស្ត្រី​ដទៃ និង​ភរិយា​ខ្លួន​ក្នុង​ផ្លូវ​ដែល​នាំ​ឲ្យ​កើត​មានការ​អាក់អន់ចិត្ត ២៣- មិន​យក​ចំ​ណុ​ខ​ខ្សោយ​របស់​ភរិយា មក​និយាយ​នាំ​ឲ្យ​ខ្មាស​អៀន និង​ឈឺចាប់​ក្នុង​ចិត្ត ២៤- ប្រកាន់​នាទី​ជា​ស្វាមី​ដែល​ត្រូវ​ដាស់តឿន​សេចក្តី​ធ្វេសប្រហែស​របស់​ភរិយា​តាម​កាលៈទេសៈ ។

២៥-​ការ​មិន​ប្រព្រឹត្ត​រំលង​ចិត្ត ២៦- ស្មោះត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ២៧- ត្រូវ​ចង​ចាំ​ជា​និច្ច​ថា​ទ្រព្យសម្បត្តិ​ដែល​មាន ឬ​រកម​កបាន​ក៏​ជា​ការ​រួមចំណែក​របស់​ភរិយា​ផង​ដែរ ២៨- គប្បី​រំលឹក​ជាប់​ជា​និច្ច​ភរិយា​ជា​ភេទ​ទន់ខ្សោយ ហើយ​ទុក្ខ​របស់​ភរិយា​ក៏​ជា​ទុក្ខ​របស់​ខ្លួន​ដែរ ២៩- រក្សា​ព្យាបាល​ភរិយា​ដោយ​ប្រពៃ​ពេល​ភរិយា​មាន​ជំងឺ​ឈឺ​ថ្កាត់ ៣០- មិន​ប្រព្រឹត្ត​អាក្រក់​ដូច​ជា លេងល្បែង​ស៊ីសង ជក់​កញ្ឆា ស្រា អាភៀន ។ ៣១-​ការ​ប្រគល់​តួនាទី​ជា​ធំ ៣២- ទុក​ភរិយា​ជា​អាណាព្យាបាល មើលថែ​ទាំ​ទ្រព្យសម្បត្តិ និង​កិច្ចការ​ក្នុងផ្ទះ​សម្បែង ៣៣- ធ្វើ​ចិត្តថ្លើម​ឲ្យ​ធន់ មិន​ឆេវឆាវ និង​អត់​ឳ​ន​ចំពោះ​កំហុស​ភ្លាត់ភ្លាំង​របស់​ភរិយា ៣៤- ជួយ​ការពារ​ភរិយា​គ្រប់​ផ្លូវ ដើម្បី​ឲ្យ​ចាក​ផុត​ពី​ការ​មាក់ងាយ ៣៥- ធ្វើខ្លួន​ឲ្យ​សមជា​មេ​គ្រួសារ ។

ចំណែក​តួនាទី​ភរិយា​ចំពោះ​ស្វាមី​៖ ១-​ការ​ចាត់​ការងារ​ប្រពៃ ២- គោរព​រាប់អាន​មាតាបិតា ញាតិ​មិត្ត​របស់​ស្វាមី​ឲ្យ​ដូច​ញាតិ​មិត្ត​របស់​ខ្លួនឯង ៣- សង្គ្រោះ​មាតាបិតា ញាតិ​មិត្ត​របស់​ស្វាមី​ឲ្យ​សម​ទៅ​នឹង​ឋានៈ​តាម​ឱកាស ៤- សម្ដែង​មេត្រី ចិត្ត​អាណិតអាសូរ​ដល់​ញាតិ​មិត្ត​របស់​ស្វាមី​ឲ្យ​ដូច​ជា​របស់​ខ្លួនឯង ៥-​សង្គ្រោះ​ដល់​អ្នក​ជិតខាង​របស់​ស្វាមី ។

៦- យកចិត្តទុកដាក់ ទទួល​រាក់ទាក់ ឱកាស​ទៅ​លេង ឲ្យ​ដំណឹង ឬ​សាកសួរ​ព័ត៌មាន សុខទុក្ខ​អ្នក​ជិតខាង​របស់​ស្វាមី​តាម​កាលៈទេសៈ ៧- មិន​ប្រកាន់​យក​រឿង​ឥតប្រយោជន៍ ឬ​ពាក្យ​សម្ដី​និយាយ​មិនល្អ អ្នក​ដែល​រាប់អាន​របស់​ស្វាមី ៨- ធ្វើ​ចិត្ត​ឲ្យ​ធន់ ព្យាយាម​អត់ឱន​ដល់​មាតា បិតា ញាតិ​មិត្ត និង​គោរព​រាប់អាន​របស់​ស្វាមី ៩- មិន​មាក់ងាយ មើល​ថោក​មាតាបិតា ញាតិ​មិត្ត និង​អ្នក​ជាទី​គោរព​រាប់អាន​របស់​ស្វាមី ទោះជា​ក្នុង​ប្រការ​ណា​ក៏​ដោយ ១០- ចរចា​ផ្អែម​ល្អែ​ម​ទន់ភ្លន់ យកចិត្តយកថ្លើម​ប្រតិបត្តិ​ស្វាមី​ឲ្យ​សមជា​ភរិយា​ដ៏​ល្អ ។

១១-​ការ​មិន​ប្រព្រឹត្ត​រំលង​ចិត្ត ១២- មាន​សេចក្តី​ស្មោះត្រង់​ស្នេហា ស្វាមីភក្តិ​ចំពោះ​ស្វាមី​ដោយ​សេចក្តី​គោរព ១៣- មិន​បែកចិត្ត​ទៅ​និយម​ប្រុស​ដទៃ មិន​ប្រព្រឹត្ត​ស្និទ្ធស្នាល ឬ​ដើរ​លេង​ជាមួយ​ប្រុស​ដទៃ​លើស​ការ​គួរ ១៤- ស្ទាបស្ទង់ ឲ្យ​ស្គាល់​និស្ស័យ​ចិត្តថ្លើម​របស់​ស្វាមី ១៥- ប្រកាន់​នាទី​ជា​ភរិយា ដែល​ត្រូវ​ឧស្សា​ព្យាយាម កែខៃ​សេចក្តី​ធ្វើ​ប្រហែស​ឆ្គាំឆ្គង​របស់​ស្វាមី ស្រប​តាម​កាលៈទេសៈ ១៦- មិន​នាំ​រឿង​ប្រុស​ដទៃ​មក​និយាយ ឬ​សម្ដែង​ការ​ពេញចិត្ត​នឹង​ប្រុស​ដទៃ ជា​ហេតុ​នាំ​ឲ្យ​ស្វាមី រ​ង្គៀ​ស​ចិត្ត ។

១៧- គិតដល់​ជីវិត និង​អនាគត​កូន​ជាប់​ជា​និច្ច និង​ចាត់​ទុក​ថា​ជា​ភារៈកិច្ច​ចំបង​នៃ​គ្រួសារ ១៨- រំលឹក​ជាប់​ជា​និច្ច​ថា នឹង​ធ្វើខ្លួន​ឲ្យ​ទៅ​ជា​ភរិយា​ដ៏​ល្អ​បំផុត​របស់​ស្វាមី និង​មាតា​ដ៏​ល្អ​របស់​បុត្រា បុត្រី ១៩- លាក់​អា​ថ៍កំ​បាំង​របស់​ស្វាមី និង​គ្រួសារ​មិន​ឲ្យ​លេចលឺ​ទៅ​ក្រៅ​ផ្ទះ ២០- គិត​ជា​និច្ច​ថា កិច្ច​ធុរៈ​របស់​ស្វាមី​ក៏​ជា​របស់​ខ្លួនឯង​ដែរ ២១- ពេល​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ហើយ គួរតែ​ទទួល​សារភាព និង​សុំ​ទោស ២២- មិន​នាំ​យក​រឿង​ដែល​មិន​សមគួរ​មក​និយាយ​ឲ្យ​ស្វាមី ឬ​គ្រួសារ​ទទួល​សេចក្តី​ក្តៅក្រហាយ ។

២៣-​ការ​ថែរក្សា​ទ្រព្យសម្បត្តិ​ដែល​ស្វាមីរ​កមក​ឲ្យ ២៤- រក្សាទ្រព្យ​សម្បត្តិ​ដែល​មាន​ឲ្យ​នៅ​គង់វង្ស ២៥- ហ្មត់ចត់ ចេះ​ចាយ​ក្នុង​ផ្លូវ​ដែល​គួរ​ចាយ មិន​កំណាញ់​ស្វិត ឬ​ខ្ជះខ្ជាយ​ជ្រុល​ហួស ២៦- មិន​លេងល្បែង​ស៊ីសង ឬ​សេព​គ្រឿង​ស្រវឹង ២៧- មិន​លាក់ កិប ឬ​បិទ​បាំង​ស្វាមី​ក្នុង​រឿង​លុយកាក់ ២៨- សន្សែសន្សំ​ទ្រព្យសម្បត្តិ​ដែល​រកបាន​ដោយ​គន្លង​ធម៌ ឲ្យ​កើន​ទ្វេ​ឡើងជា​លំដាប់ ២៩- ព្យាយាម​ធ្វើខ្លួន​ជា​អ្នកមាន​ចិត្តថ្លើម​ធន់ និង​ទូលាយ ។

៣០-​ការ​មិន​ខ្ជិលច្រអូស​ដោយ​ប្រការ​ទាំងពួង ៣១- គ្រប់គ្រង​និង​ថែរក្សា​ផ្ទះសម្បែង​ឲ្យ​បាន​ស្អាត មាន​របៀបរៀបរយ ៣២- ប្រើ​ពេលទំនេរ​ឲ្យ​ទៅ​ជា​ប្រយោជន៍ ដោយ​ជួសជុល​របស់​ដែល​ខូច ឬ​ផ្លាស់​ប្តូរ​សភាព​របស់ ដែល​ខូច​ឲ្យ​បានជា​ប្រយោជន៍​ទៀត ៣៣- មើលថែ​ទាំ​ប្រតិបត្តិ​ស្វាមី​ដោយ​ខ្លួនឯង ៣៤- យកចិត្តទុកដាក់​មើលថែ​ទាំ​រឿង​ហូប​ចុក រឿង​រស់នៅ និង​ការ​សិក្សា​របស់​បុត្រ​ធីតា ៣៥- យកចិត្តទុកដាក់​មើលថែ​ទាំ​សុខទុក្ខ​របស់​បុគ្គល​ដែល​នៅ​ក្នុងផ្ទះ ៣៦- ចេះ​បម្រុង រក្សា​ខ្លួនឯង​ឲ្យ​រឹងប៉ឹង ស្អាត និង​ស្រស់ញញឹម​ជាប់​ជា​និច្ច ៣៧- ធ្វើខ្លួន​ឲ្យ​ស្អាតបាត រៀបរយ​ជាប់​ជា​និច្ច ៣៨- មិន​ខ្ចិ​ល​ច្រអូស​ក្នុង​ការ​ស្វែងរក​ចំណេះដឹង ដូច​ជា​អាន​សៀវភៅ​ដែល​ជា​ប្រយោជន៍ ។

ការ​បំពេញ​តួនាទី​បាន​ល្អ​របស់​ស្វាមី និង​ភរិយា គឺជា​ចំណុច​គន្លឹះ​ក្នុង​ការ​កសាង​ជីវិត​គ្រួសារ​ពោរពេញ​ដោយ​ក្តី​រីករាយ ភាព​កក់ក្តៅ ការ​យល់​ចិត្តថ្លើម​គ្នា គ្មាន​ហិង្សា និង​សុភមង្គល​មហាប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ