ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា មិនអាចជ្រើសរើសរវាងអាមេរិក និងចិននោះទេ!

1 ឆ្នាំ មុន
  • ភ្នំពេញ

សហរដ្ឋអាមេរិក៖ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយ​លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅក្រុងវ៉ាស៊ីនតោន…

សហរដ្ឋអាមេរិក៖ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយ​លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ ​ម៉ោងនៅក្រុងវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលមានរយៈពេល ៧២ឆ្នាំមកហើយនោះ កំពុងឈានដល់កម្រិតល្អប្រសើរ មិនធ្លាប់មាននោះឡើយនៅក្នុងប្រវត្តិសាស្ត្រ។ ​កម្ពុជា ពិតជាចង់ធ្វើជាមិត្តរបស់អាមេរិក តែមិនអាចកំណត់ឱ្យកម្ពុជា ជ្រើសរើសរវាងអាមេរិក និងចិននោះឡើយ។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នៅក្នុងជំនួបនេះ សម្តេចតេជោ ​ហ៊ុន សែន បានលើកបង្ហាញពី​គោលបំណងនៃដំណើរទស្សនកិច្ចរបស់សម្តេច នៅសហរដ្ឋអាមេរិក នាពេលនេះ គឺ​មានកិច្ចការសំខាន់ពីរ។ កិច្ចការសំខាន់ទី១ គឺបញ្ហាអាស៊ាន-អាមេរិក និងទី២ បញ្ហាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។

លោកបណ្ឌិត កៅ គឹមហួន បន្ថែមថា ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីសារៈសំខាន់នៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក រយៈពេល ៧២ឆ្នាំកន្លងមកនេះ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក កំពុងវិវឌ្ឍន៍ឈានឡើងក្នុងស្ថានភាពដ៏ល្អប្រសើរ មិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ។

​សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនង ៧២ឆ្នាំនេះ គឺយើងឈានដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមករវាងប្រទេសទាំងពីរ។ កម្ពុជា ពិតជាចង់ធ្វើមិត្តរបស់អាមេរិក ហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ។ កម្ពុជា មាននយោបាយអព្យាក្រឹត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ដូច្នេះកម្ពុជា ចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់ រួមទាំងអាមេរិកផងដែរ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក ក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

ចំណែក​បញ្ហាអាស៊ាន-អាមេរិក ក៏ត្រូវបាន​សម្តេចតេជោនាយករដ្ឋមន្ត្រី លើក​បង្ហាញពីតួនាទីដ៏សំខាន់រវាងអាស៊ាន និងអាមេរិក ដោយ​សម្តេចតេជោ បានហៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នាពេលនេះ គឺជាឱកាសដ៏កម្រសម្រាប់អាស៊ាន-អាមេរិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-អាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអតីតសមាជិកសភាអាមេរិកដែរថា សម្តេចចង់ឃើញទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក ឈានពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតកំពូលមួយ។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពលោក Douglas John Ericksen សមាជិកសភាអាមេរិកមួយរូប ដែលបានធ្វើមរណកាល កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ដូណាល់ បេនតុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ការ​អនុញ្ញាត​ឱ្យរូបលោក ជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ពីគោលបំណងនៃដំណើរ​បំពេញទស្សនកិច្ច​នៅរដ្ឋធានី​វ៉ាស៊ីនតោន នាពេលនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ