ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ដុត​ខ្លួន​ទាំង​គ្រួសារ​បើ​មិន​ព្រម​បើកផ្លូវ​ឱ្យ​ចូល​ផ្ទះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្មាន​ផ្លូវ​ចេញចូល​ទៅ​លំនៅ​ឋាន​របស់​ខ្លួន បាន​ចោទ​ថា លោក លឹ​ម សុ​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ

ខេត្តសៀមរាប ៖ ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្មាន​ផ្លូវ​ចេញចូល​ទៅ​លំនៅ​ឋាន​របស់​ខ្លួន បាន​ចោទ​ថា លោក លឹ​ម សុ​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​សាងសង់​សំណង់​អត់​ច្បាប់ ថែម​ទាំង​ធ្វើ​របង​បិទផ្លូវ​ចាក់សោ​មិន​ឱ្យ​ពួក​គាត់​ចេញចូល​រយៈពេល​៤​ថ្ងៃ​មក​ហើយ ។ ពលរដ្ឋ​ដែល​មាន​ប្រតិកម្ម​តវ៉ា​នេះ បាន​គំរាម​ថា ពួក​គាត់​នឹង​យក​សាំង​ដុត​សម្លាប់​ខ្លួន​ជាមួយ​ក្រុម​គ្រួសារ​គាត់​នៅ​ក្នុងផ្ទះ បើ​អាជ្ញាធរ​ខេត្ត នៅ​តែ​គ្មាន​ដំណោះស្រាយ​ជួយ​ដល់​ពួក​គាត់ ។

ហេតុការណ៍​ពលរដ្ឋ​៣​គ្រួសារ​នាំ​គ្នា​លើក​បដា​តវ៉ា ដើម្បី​សុំ​ឱ្យ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ បាន​កើតឡើង​កាលពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២០ តុលា ស្ថិត​នៅ​មុខ​របង​ផ្ទះ លោក លឹ​ម សុ​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ជាមួយ​គ្នា​នេះ​ដែរ  ពួក​គាត់​បាន​ស្រែក​អំពាវ​អំ​នាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ជួយ​រក​ដំណោះស្រាយ​ដល់​ពួក​គាត់​ផង ព្រោះ​រយៈពេល​៤​ថ្ងៃ​ហើយ ដែល​ពួក​គាត់​គ្មាន​ផ្លូវ​ដើរ ព្រោះតែ​គេ​សង់​របង​បិទផ្លូវ ។

ទោះបី​យ៉ាងណា ពួក​គាត់​បាន​បញ្ជាក់​ថា ក្រោយ​មានការ​តវ៉ា​នៅ​ថ្ងៃ​ទី​២០ តុលា ដដែល លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បាន​សន្យា​ចុះ​មក​ពិនិត្យ និង​ដោះស្រាយ​ជូន​ពួក​គាត់ ។ ពួក​គាត់​អះអាង​ថា បើ​រក​ដំណោះស្រាយ​មិន​បាន​ទេ ពួក​គាត់​យក​សាំង​ចាក់​ដុត​សម្លាប់​ខ្លួន​ទាំងអស់​គ្នា ។

ជុំវិញ​ការ​ផ្ទុះ​បាតុភាព​នេះ លោក ហ៊ី​សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២០ តុលា ថា សំណង់ផ្ទះ​របស់​លោក លឹ​ម សុ​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន គឺ​ពិតជា​បាន​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មែន គឺ​សង់​ស្រេច​តែ​ចិត្ត សំណង់​នោះ​ត្រូវ​បាន​គេ​សង់​រួចរាល់​ទៅ​ហើយ​ដែរ ។ លោក​បាន​បន្ត​ថា ទោះបី​សាងសង់​រួចរាល់​ហើយ​ក៏​ដោយ លោក​នឹង​ចាត់វិធានការ​តាម​ច្បាប់ (​ស្តី​ពី​ការ​សាងសង់​) ។

ចំណែក​លោក លឹ​ម សុ​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​ថា របង​ដែល​លោក​សាងសង់​បិទផ្លូវ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ឆ្លងកាត់​នោះ រឿង​នេះ​បាន​ទៅ​ដល់​ដៃ​តុលាការ​ហើយ បើ​ចង់​ដឹង​ទៅ​សួរ​តុលាការខេត្ត​ទៅ​នឹង​ដឹង​ហើយ ។

ចាំ​មើល​ទៀត តើ​អាជ្ញាធរ​ខេត្ត​ហ៊ាន​ដោះស្រាយ​សំណង់​អត់​ច្បាប់​នេះ បាន​កំរិត​ណា ? ស្រួល​មិន​ស្រួល​គ្រាន់តែ​ផោម​ឱ្យ​ក្របី​ហិត​តែ​ប៉ុណ្ណោះ ។

សូម​រម្លឹក​ផង​ដែរ​ថា ការ​សាងសង់​បិទផ្លូវ​ចាក់សោ​របង​របស់​លោក លឹ​ម សុ​ទ្រី បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់ ថ្ងៃ​ទី​១៧ តុលា កន្លង​ទៅ មិន​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ឆ្លងកាត់​ចេញចូល​ផ្ទះ​របស់​ពួក​គាត់​បាន ក៏​ផ្ទុះ​ការ​តវ៉ា​ឡើង​ផ្អើល​ដល់​សមត្ថកិច្ច​ទាំង​យប់ ។ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ សូម​សំណូមពរ​ដល់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត មេត្តា​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ផង ដែល​មន្ត្រី​មានបុណ្យ​ស័ក្ដិ យក​តួនាទី​មក​រំលោភ​បិទផ្លូវ​ចាក់សោ​របង មិន​ឱ្យ​ពួក​គាត់​ចេញចូល​បាន ។ ពួក​គាត់​គំរាម​ថា បើ​ពុំ​ដូច្នេះ​ទេ ពួក​គាត់​សុខចិត្ត​លើក​បដា​រហូត​ដល់​មាន​ដំណោះស្រាយ ព្រោះ​ជា​រៀងរាល់ថ្ងៃ​កូន​ចេញចូល​ទៅ​រៀនសូត្រ​មិន​បាន ព្រោះ​ជិត​ដល់​ថ្ងៃ​ចូល​រៀន​ហើយ ៕