ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដងស្ទឹង​ប​រយ៉ា​ខា បញ្ចេញ​សម្រស់​ស្រស់​ត្រកាល ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​កាន់តែ​ច្រើន

1 ឆ្នាំ មុន
  • ស្វាយរៀង

គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​ៗ ដែល​មាន​ដី​ទំហំ​ធំ​ល្មម នៅ​ជាប់​នឹង​មាត់​ស្ទឹង​ប​រយ៉ា​ខា បាន​នាំ​គ្នា​រៀបចំ​បង្កើត​ទៅ​ជា​រមណីយដ្ឋាន និង​អាហារ​ដ្ឋា​ន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កម្សាន្ត​កាន់តែ​ភ្លូកទឹកភ្លូកដី ខណៈ​ពេល​ដែល​ស្ទឹង​នេះ មាន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​ៗ ដែល​មាន​ដី​ទំហំ​ធំ​ល្មម នៅ​ជាប់​នឹង​មាត់​ស្ទឹង​ប​រយ៉ា​ខា បាន​នាំ​គ្នា​រៀបចំ​បង្កើត​ទៅ​ជា​រមណីយដ្ឋាន និង​អាហារ​ដ្ឋា​ន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ភ្លូកទឹកភ្លូកដី ខណៈ​ពេល​ដែល​ស្ទឹង​នេះ មានទឹក​ថ្លាឈ្វេង​ហូរ​ឥត​ដាច់ ត្រជាក់​ស្រេ​ប ជា​អំណោយផល​ដល់​ភ្ញៀវ​ទេសចរ ចុះ​ទៅ​ងូតទឹក​លេង​បំបាត់​ភាព​ក្តៅស្អុស​ស្អាប់ និង​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ថែម​ទៀត​ផង​។

បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ យ៉ា​ន់ ជ្រី​ក ហៅ​ប៉ា​អា​ពៅ ភេទ​ប្រុស រស់នៅ​ភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ លោក​ទើបបាន​បង្កើត​រមណីយដ្ឋាន និង​អាហារ​ដ្ឋា​ន​មួយ​កន្លែង​យីហោ «​ដងស្ទឹង​ប​រយ៉ា​ខា​» នៅ​ជាប់មាត់​ស្ទឹង​ភូមិ​ខាងលើ ដែល​មាន​ផ្ទៃដី​ទំហំ​ទទឹង​ប្រវែង​ប្រមាណ​ជាង​៥០​ម៉ែ​ទ្រ និង​បណ្តោយ​ជាង​២០០​ម៉ែត្រ ដែល​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ប៉ៃលិន ជាង​២​គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង​។

លោក​បាន​បន្ត​ទៀត​ថា កន្លែង​លេង​កម្សាន្ត​នេះ មាន​រៀបចំ​ធ្វើ​ខ្យូ​ស​សម្រាប់​ឱ្យ​ភ្ញៀវ​អង្គុយ​លេង​ហូប​អាហារ​ជា​ហូរហែ​តាំងពី​ក្បាលដី រហូត​ដល់​មាត់​ស្ទឹង មាន​តុបតែង​កន្លែង​ដាក់​ទោង​សម្រាប់​ឱ្យ​ភ្ញៀវ​នាំ​កូន​ៗ​ជិះ​លេង និង​ថត​ស៊ែ​ល​ហ្វី​ផង​ដែរ​។ លោក​ក៏​បាន​រៀបចំ​ថ្ម​មាត់​ស្ទឹង​ឱ្យ​រាបស្មើ ងាយស្រួល​ឱ្យ​ភ្ញៀវ​ចុះ​ងូតទឹក​លេង ដែល​ទឹកស្ទឹង​នេះ ហូរ​ឥត​ឈប់​ចេញពី​ប្រទេស​ថៃ ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​មក​ជើង ហើយ​ក៏​មាន​ទូក​ជ័រ​សម្រាប់​ភ្ញៀវ​អុំ​លេង​កម្សាន្ត ខណៈ​ពេល​ដែល​ទឹកស្ទឹង​នេះ មិន​ជ្រៅ​ប៉ុន្មាន​នោះ​ទេ អាច​ឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ហែល​លេង​បាន​យ៉ាង​ងាយស្រួល​។

លោក​បន្ត​ទៀត​ថា ចំណែក​ម្ហូបអាហារ​វិញ គឺ​ធ្វើ​ដោយ​ចុងភៅ​កូនចៅ​ខ្លួនឯង​ជា​លក្ខណៈ​គ្រួសារ និង​ម្ហូប​ស្រុកស្រែ ដែល​មាន​តម្លៃ​សមរម្យ ទោះបីជា​ថ្ងៃ​បុណ្យ​ទាន ក៏​ដូច​ជា​ថ្ងៃ​ធម្មតា​ដែរ មិន​ឡើងថ្លៃ​នោះ​ឡើយ ដោយ​មាន​ម្ហូប​កុម្ម​ង់​ដូច​ជា មាន់​ដុត ត្រី​រ៉ស់​បំពង ឆា​ក្រ​វ៉ា​ញ​សាច់​ជ្រូក សាច់​មាន់ សាច់​ទា និង​ឆា​ក្តៅ​អន្ទង់​ជាដើម ហើយ​ក៏​មាន​ភេសជ្ជ​:​កុម្ម​ង់ ដូច​ជា​តែ​ជ្រក់ កាហ្វេ​ផង​ដែរ​… ។ ហាង​របស់​លោក​ចាប់ផ្តើម​បើក​ទទួលភ្ញៀវ​ពី​ម៉ោង​៨​និង​០០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​៩​និង​០០​នាទី​យប់​ទើប​ឈប់​សម្រាក ក៏​មាន​ថ្ងៃ​ខ្លះ​ភ្ញៀវ​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​កូនចៅ​នៅ​កន្លែង​របស់​ខ្លួន រហូត​ដល់​យប់​ជ្រៅ​បន្តិច​ដែរ ដោយ​មាន​នាំ​មិត្តភក្តិ​មក​ទទួលទាន​អាហារ​កុម្ម​ង់​យ៉ាងច្រើន​កុះករ​។

លោក​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ មាន​ភ្ញៀវ​ទេសចរ ចូល​មក​លេង​យ៉ាងច្រើន ស្ទើរតែ​រក​កន្លែង​ចត​ម៉ូតូ រថយន្ត​មិន​បាន​នោះ​ឡើយ ដោយ​អត់​គិតថ្លៃ​ផ្ញើ ឬ​ថ្លៃ​ចំណត​នោះ​ឡើយ គឺ​បើសិនជា​ភ្ញៀវ​យក​ម្ហូបអាហារ​ពី​ខាងក្រៅ​ចូល ខាង​លោក​គិតតែ​ថ្លៃ​ខ្យូ​ស ១​កន្លែង​តម្លៃ​២០០០​រៀល​តែ​ប៉ុណ្ណោះ សម្រាប់​ជួល​ឱ្យ​កម្មករ​បោសសម្អាត​កន្លែង​។

លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត ក៏​ដូច​ជា​ភ្ញៀវ​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ ដែល​បាន​គាំទ្រ​កន្លែង​របស់​ខ្លួន ហើយ​នៅ​ពេល​មានកម្ម​វិធី​បុណ្យ​ទាន​ផ្សេង​ៗ សូមកុំ​ភ្លេច​ចូល​មក​លេង​ក្នុង​អាហារ​ដ្ឋា​ន​របស់​គាត់​។ នៅ​ថ្ងៃ​ខាង​មុខ លោក​នឹង​រៀបចំ​ជា​ផ្ទះសំណាក់​លំហែកាយ​នៅ​ក្បែរ​មាត់​ស្ទឹង ដើម្បី​ឱ្យ​ភ្ញៀវ​អាច​ជួល​ស្នាក់​នៅ​ជា​លក្ខណៈ​គ្រួសារ ហើយនឹង​រៀបចំ​បន្ថែម​ខ្យូ​ស​ឱ្យ​កាន់​ច្រើន​ថែម​ទៀត ដើម្បី​ទទួលភ្ញៀវ​មក​ពី​ឆ្ងាយ​ជិត​មិន​ឱ្យ​ខ្វះចន្លោះ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ