ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានឧបទ្ទវហេតុបាក់ថ្មភ្នំសង្កត់អ្នកបច្ចេកទេស៣នាក់ និងអេស្កាវ៉ាទ័រ២គ្រឿងនៅការដ្ឋានកិនថ្មីភ្នំក្រុមហ៊ុន លឹម ហេង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ មន្ត្រីចម្រុះបានចុះទៅពិនិត្យ និងស្រាវជ្រាវរកមូលហេតុ និងកត្តាដែលបណ្ដាលឲ្យកើតឧបទ្ទវហេតុនេះហើយ ។
សូមរំលឹកថា ពុទ្ធោ ! ដាច់ជាកំណាត់ៗស្លាប់យ៉ាងអាណោចអាធ័ម
លោក ម៉ុក សុភ័ត្ត្រា អគ្គយករង នៃនាយកដ្ឋានរ៉ែ និងថាមពល បានប្រាប់ឲ្យដឹងថា ក្រោយពេលឧបទ្ទវហេតុកើតឡើងដោយថ្មភ្នំបាក់សង្កត់បណ្តាលមនុស្ស៣នាក់បានស្លាប់កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅការដ្ឋានម៉ាស៊ីនកិនថ្មរបស់ក្រុមហ៊ុន លឹម ហេង ដែលស្ថិតក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យនាយកដ្ឋានរ៉ែ និងថាមពល សហការជាមួយអង្គការចៃការដែលបណ្តុះបណ្តាលសុវត្ថិភាព និងមន្ទីរ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យ និងសិក្សាមើលពីស្ថានភាពគ្រោះដែលកើតឡើង ។
លោកបញ្ជាក់ថា ក្រោយពេលដែលឧបទ្ទវហេតុបាក់ថ្មភ្នំសង្កត់បណ្តាលស្លាប់៣នាក់ជាអ្នកបញ្ចេកទេស និងខូចគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ២គ្រឿងក្នុងការដ្ឋានម៉ាស៊ីនកិនថ្មភ្នំធំនោះ ក្រុមហ៊ុន លឹម ហេង ត្រូវបានក្រសួងរ៉ែ និងថាមពល បិទអាជ្ញាប័ណ្ណឲ្យផ្អាកសកម្មភាពហើយ ។
លោកអគ្គនាយករងបានបន្តថា ការចុះសិក្សា និងស្រាវជ្រាវករណី ឃើញថាមានកក្តា៣យ៉ាងដែលបណ្ដាលឲ្យបាក់ថ្មភ្នំសង្កត់ស្លាប់៣នាក់ក្នុងការដ្ឋានកិនថ្មភ្នំក្រុមហ៊ុន លឹម ហេង គឺ ១-កត្តាមនុស្ស ដោយក្រុមហ៊ុនធ្វើការគ្មានការប្រុងប្រយ័ត្ន, ២-កត្តាបញ្ចេកទេស ដោយក្រុមហ៊ុនធ្វើគ្មានលក្ខណៈបច្ចេកទេស និង ៣-កត្តាធម្មជាតិ គឺរយៈពេលប៉ុន្មានថ្ងៃមុនភ្លៀងធ្លាក់ជាប់គ្នា ។ កក្តារួមផ្សំទាំង៣នេះហើយដែលបណ្តាលគ្រោះថ្នាក់កើតឡើងរហូតដល់ស្លាប់មនុស្សនាក់ក្នុងការដ្ឋានម៉ាស៊ីនកិនថ្មក្រុមហ៊ុន លឹម ហេង ។
លោកអគ្គនាយករងឲ្យដឹងទៀតថា ក្រោយពេលសិក្សាស្រាវជ្រាវរួចយកទៅវិភាគ រួចបង្កើតគណៈកម្មការវាយតំលៃនៅក្រសួងរ៉ែ និងថាមពល រង់ចាំលទ្ធផលតើគ្រោះថ្នាក់កើតឡើងដោយកក្តាណាមួយ ។ មុនថ្ងៃដែលឧបទ្ទវហេតុកើតឡើង គឺមានភ្លៀងជាប់គ្នារាល់ថ្ងៃ ហើយដោយថ្មកំបោមានជាតិសំណើមបាក់ធ្លាក់បណ្តាលគ្រោះថ្មាក់កើតឡើង តាមការសន្និដ្ឋានដំបូង ប្រហែលជាគ្រោះថ្នាក់ដោយធម្មជាតិភាគច្រើន ។
លោក ម៉ុក សុភ័ត្ត្រា បន្ថែមថា ក្រោយពេលដែលចុះពិនិត្យ និងស្រាវជ្រាវការដ្ឋានក្រុមហ៊ុន លឹម ហេង រួច ចុះទៅពិនិត្យការដ្ឋាន ៣កន្លែងទៀតមាន ១-ការដ្ឋានម៉ាស៊ីនកិនថ្ម អ៊ិត លឿ, ២-ការដ្ឋានកិនថ្ម ទុប តូច និង ៣-ការដ្ឋានកិនថ្ម កូ ណៃ ដើម្បីធ្វើការណែនាំពីអង្គការចៃការដែលបណ្តុះបណ្តាលសុវត្ថិភាពក្នុងការដ្ឋានម៉ាស៊ីនកិនថ្មដែលកំពុងធ្វើសកម្មភាព ៕
ចែករំលែកព័តមាននេះ