ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់ រឿង​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​យក​ទៅ​រត់ការ​ចូល​ក្រប​ខណ្ឌ​ការងារ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២២ បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់ ដាក់​ពន្ធនាគារ ដើម្បី​

រាជធានី​ភ្នំពេញ ៖ លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២២ បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់ ដាក់​ពន្ធនាគារ ដើម្បី​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ជនជាប់ចោទ​ខាងលើ​មានឈ្មោះ ពៅ វណ្ណ​ឌី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​នៅ​នាយកដ្ឋាន​អាវុធ​ជាតិ​ផ្ទុះ​ក្រសួងមហាផ្ទៃ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​១៦ កែង​ផ្លូវ​លេខ​១៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​របស់​លោក ធ្នាំ ប៊ុ​ណ្ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សាលក្រម​នោះ មាន​សេចក្តីសម្រេច​ផ្តន្ទាទោស​ឈ្មោះ ពៅ វណ្ណ​ឌី ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១​ឆ្នាំ ពី​បទ​.​ឆ​បោ​.​ក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែមេសា ឆ្នាំ​២០២០ តាម​បញ្ញា​តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។ ហើយ​សាលក្រម​សម្រេច​ឲ្យ​ជនជាប់ចោទ​សង​ប្រាក់​ចំនួន ២០ ០០០ ដុល្លារ​អា​មេ​រិ​ក និង​សំណង​ការ​ខូច​ខាត​ពេលវេលា​ការ​ចំណាយ​ថ្លៃ​សេវា​ច្បាប់ និង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ចំនួន ១៥ ០០០ ដុល្លារ​អា​មេ​រិ​ក ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី ។

សំណុំរឿង​នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៣ ខែ​ឆ្នាំ​ដដែល ដោយ​កំបាំង​មុខ​ជនជាប់ចោទ តែ​ចំពោះ​មុខ​ដើមបណ្តឹង និង​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

ចំណែក​ដើមចម បណ្តាល​ឲ្យ​មានការ​ចាប់ខ្លួន និង​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ ពៅ វណ្ណ​ឌី ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា រឿង​ផ្តើម​ចេញពី​ជនជាប់ចោទ​បាន​ទទួលយក​ប្រាក់​ពី​ដើមបណ្តឹង​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិក ដើម្បី​យក​ទៅ​រត់ការ​ផ្ទេរ​ក្រម​ខណ្ឌ​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ ប៉ុន្តែ​លទ្ធផល​មិន​បាន​សម្រេច​ដូច​ការ​និយាយ​គ្នា មុន​ពេល​ទទួលយក​ប្រាក់​ពី​ភាគី​ដើមបណ្តឹង​នោះ​ទេ ទើប​កើតជា​រឿង​ប្តឹងផ្តល់ រហូត​មាន​សាលក្រម​ផ្តន្ទាទោស និង​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​តាម​អំណាច​សាលក្រម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ