ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​ប្លូ ពី​កា​ស្សូ វិចិត្រករដ៏​អស្ចារ្យ​ក្នុង​សតវត្ស​ទី​20

7 ឆ្នាំ មុន

ប៉ា​ប្លូ ពី​កា​ស្សូ ជា​បុគ្គល​ម្នាក់​ដែល​ទស្សនាវដ្តី​ថែម​ស៍ ​(Times Magazine) បាន​ចុះ​ស្ងើចសរសើរ​ថា​ជា​មនុស្ស​ម្នាក់​មាន​ទេព​កោសល្យ​ដ៏​អស្ចារ្យ​អំពី​គំនិត​ច្នៃប្រឌិត​ក្នុង​សតវត្ស​ទី​២០​។ គាត់​បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី និង

ប៉ា​ប្លូ ពី​កា​ស្សូ ជា​បុគ្គល​ម្នាក់​ដែល​ទស្សនាវដ្តី​ថែម​ស៍ ​(Times Magazine) បាន​ចុះ​ស្ងើចសរសើរ​ថា​ជា​មនុស្ស​ម្នាក់​មាន​ទេព​កោសល្យ​ដ៏​អស្ចារ្យ​អំពី​គំនិត​ច្នៃប្រឌិត​ក្នុង​សតវត្ស​ទី​២០​។ គាត់​បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី និង​ធ្វើ​បដិវត្តន៍​ផ្នែក​សិល្បៈ​គូរ​ដោយ​បោះបង់​ចោល «​របៀប​គូររូប​តាម​បែប​ចាស់​» មិន​ថា​ជា​ការ​រៀបចំ ផ្សេង​ៗ ។ យោង​តាម​ឯកសារ «​បុគ្គល​ខ្លាំង​អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​» រៀបរៀង​ដោយ​លោក​គឹ​ម ចាន់​ណា បាន​ពណ៌នា​ថា ការ​ប្រើ​ពណ៌​បែប​រាបស្មើ ហើយ​អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​វិភាគ​រូបភាព​តាម​ទស្សនៈ​ថ្មី នោះ​គឺ​ការ​កាត់​បន្ថយ​ភាព​លម្អិត​ឱ្យ​អស់ ហើយ​បែរជា​មក​ផាត់​ជាន់​ពីលើ​គ្នា​ទៅ​តាម​ទម្រង់​បែប ងាយ​ៗ រឹង​ៗ ចំណែកឯ​ពណ៌​ដែល​ត្រូវ​ប្រើ ក៏​មិន​ត្រូវ​ចម្រុះ​គ្នា​ច្រើន​ពេក​។ ប៉ុន្តែ​អ្វី​ទាំងនេះ​ត្រូវ​ដាក់​នៅ​លើ​រូបភាព​ណា​ដែល​ចង់​បង្ហាញ​ពី​អត្ថន័យ (​ប្រភេទ​ឃ្យូ​ប៊ិ​សម៍​-Cubism, ។ ស្នាដៃ​របស់​លោក​អាច​ចាត់​ទុក​ថា «​លឿន​ហួស​សម័យ​» ហើយ​វា​ជា​ការ​ចាប់ផ្តើម​នៃ​សិល្បៈ​សម័យ​ថ្មី (Modern Art) ដែល​ចម្រើន​ជឿនលឿន​ខ្លាំង​បំផុត​ក្នុង​សតវត្ស​ទី​២០ ។

មាគ៌ា​ឆ្ពោះទៅ​សភាព​អច្ឆរិយ
ប៉ា​ប្លូ ពី​កា​ស្សូ ចេះ​ទាំង​គូររូប សូន​រូប និង​ជា​អ្នក​ចម្លាក់ ។ គាត់​ចូល​ចិត្ត​ការងារ​ផ្នែក​ផលិត​គ្រឿង​សេ​រ៉ា​មិច និង​គូរគំនូរ ។ ឪពុក​របស់​គាត់​ជា​វិចិត្រករ​ជើង​ខ្លាំង និង​ជា​គ្រូបង្រៀន​នៅ​សាលា​វិចិត្រសិល្បៈ​នៃ​ទីក្រុង​បា​សេ​ឡូ​ណា ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​មូលដ្ឋាន​គ្រឹះ​ផ្នែក​សិក្សា​របស់​កូនប្រុស​ខ្លួន ។ ពី​កា​ស្សូ ចូល​ចិត្ត​គូររូប​លេង​តាំង​តែ​ពី​នៅ​កុមារ​មក​ម្ល៉េះ ។ សមត្ថភាព​ខាង​វិចិត្រកម្ម​របស់​គាត់ បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។ ភាព​អច្ឆរិយ​នេះ​កាន់តែ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​រហូត​ដល់​គាត់​អាច​រៀបចំ​ពិធី​តាំងពិព័រណ៍​រូបគំនូរ​របស់​ខ្លួន​បាន​តាំង​តែ​ពី​ពេល​គាត់​មាន​អាយុ​ត្រឹម​១៣​ឆ្នាំ​ប៉ុណ្ណោះ ។

ឪពុក​របស់​ពី​កា​ស្សូ បាន​នាំ​កូន​ទៅ​រៀន​គូរគំនូរ​នៅ​ទីក្រុង​ឡុ​ង​ដ៍ តែ​ពី​កា​ស្សូ នៅ​មិន​ទាន់​គ្រប់​អាយុ​កំណត់​របស់​សាលា ទើប​គ្រូ​នៅ​ទីនោះ​កំណត់​ឱ្យធ្វើ​តេស្ត​សាកល្បង ដោយ​ឱ្យ​ពី​កា​ស្សូ​គូរគំនូរ​ជា​ច្រើន​ប្រភេទ និង​ផ្តល់​ពេល​កន្លះ​ខែ​។ ថ្វីបើ​ខ្លួន​នៅ​មាន​អាយុ​តិច តែ​សមត្ថភាព​ខ្ពស់​ហួស​ពី​ការ​ស្មាន ។ ពី​កា​ស្សូ គូរគំនូរ​នោះ​រួច​ក្នុង​រយៈពេល​ត្រឹមតែ​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ ទើប​គេ​ព្រម​អនុញ្ញាត​ឱ្យ​ចូល​រៀន ។ ក្រោយមក​ពី​កា​ស្សូ ក៏​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​សិល្បៈ​២​ទៅ​៣​កន្លែង​ទៀត ហើយ​លោក​ក៏​សម្រេចចិត្ត​ឈប់​រៀន​នៅ​ពេល​មាន​អាយុ​១៧​ឆ្នាំ ។

ជីវិត​ហក់លោត
នៅ​ពេល​ធំ​ពេញវ័យ​ពី​កា​ស្សូ បាន​រៀបចំ​ដំណើរ​ជីវិត​របស់​ខ្លួន​យ៉ាង​សេរី និង​ពោរពេញ​ដោយ​សេចក្តីសុខ ដោយ​លោក​មិនសូវ​គិត​ខ្វល់​អំពី​របប​សង្គម​របស់​ក្រុង​បា​សេ​ឡូ​ណា អ្វី​ប៉ុន្មាន​ទេ ។ លោក​បាន​ផ្សងព្រេង​ទៅ​រស់នៅ​ឯ​ទី​ក្រុងប៉ារីស​វិញ ក្នុង​សម័យ​ផ្លាស់​ប្តូរ​សតវត្ស​ថ្មី ។ ប៉ា​រី​ស​ជាទី​ក្រុង​ដែល​រីក​ដុះដាល​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ ដែល​ជំរុញ​ឱ្យ​ពី​កា​ស្សូ កាន់តែ​មាន​ទឹកមាត់ និង​មានជីវិត​កាន់តែ​ស្រស់បំព្រង ។ លោក​បាន​កម្លាំង​ជំរុញ​ពី​ឌូ​លូ​ស ឡូ​ត្រេក​-​វ៉ា​ន់​ហ្កូ​ក និង​សេសា​នេ ដែល​ធ្វើ​ឱ្យ​ខ្លួន​លោក​ក្លាយជា​វិចិត្រករ​សាង​ស្នាដៃ​បាន​យ៉ាងច្រើន​លើសលប់ ។

ពី​កា​ស្សូ ស្នាក់​នៅផ្ទះ​ជួល​រខេករខាក​មួយ​នៅ​ម្តុំ​ម៉​ង់​ម៉ាត ដែល​ជា​តំបន់​ប្រមូលផ្តុំ​ខាង​ផ្នែក​សិល្បៈ ទើប​ស្ទូ្​ឌី​យោ​គូរគំនូរ​របស់​លោក​ក្លាយទៅជា​កន្លែង​ជួបជុំ​របស់​ក្រុម​សិល្បករ ក្មេង​ៗ និង​បណ្តា​អ្នកនិពន្ធ​ទាំងឡាយ​តែ​ក្នុង​រយៈពេល​ដ៏​ខ្លី ។

រូបគំនូរ​តាម​ស្ទីល​របស់​ពី​កា​ស្សូ
មនុស្ស​ទូទៅ​អាច​ស្គាល់​ស្នាដៃ​របស់​ពី​កា​ស្សូ តាម​រយៈ​គំនូរ​រូបភាព​បែប​ឃ្យូ​ប៊ិ​សម៍ (Cubism) និង​អាប់​ស្ត្រា​ត់ (Abstract) ។ ប៉ុន្តែ​ទម្រាំ​តែ​ខ្លួន​អាច​ឈាន​មក​ដល់​ចំណុច​នេះ ពី​កា​ស្សូ បាន​ឆ្លងកាត់​ការ​សាកល្បង​ជា​ច្រើន​លើក​ច្រើន​សា ជា​ពិសេស​ស្នាដៃ​ក្នុង​ទម្រង់​អិុ​ម​ប្រិ​ស​ស្សូ​នី​សត៍ ឬ​ទម្រង់​រី​អា​លឺ​ស្ទិ​ច (ReaIistic) រហូត​ដល់​គំនូរ​ផ្សំ​បែប​ប្រជាប្រិយ (Folk Art) ។

ស្ទីល​គូរគំនូរ​របស់​ពី​កា​ស្សូ​មានការ​ផ្លាស់​ប្តូរ ធំ​ៗ​សំខាន់​ៗ​ជា​ច្រើន​លើក​ច្រើន​សា ។ មុន​ពេល​លោក​ទៅ​រស់នៅ​ប៉ា​រី​ស ហៅ​ថា​សម័យ «​ប្លូ​៊​ពេ​រី​យ៉ូ​ដ​»(Biue Period) (១៩០១-១៩០៤) ជា​ស្នាដៃ​ដែល​កើតឡើង​ដោយសារ​តែ​មិត្តសម្លាញ់​របស់​លោក​ធ្វើ​អត្តឃាត បណ្តាល​ឱ្យ​ពី​កា​ស្សូ រំជួល​ចិត្តជា​ខ្លាំង​រហូត​ដល់​បញ្ចេញ​មនោសញ្ចេតនា​របស់​ខ្លួន​តាម​រយៈ​រូបគំនូរ ដោយ​ប្រើ​ពណ៌​ទឹក​ប៊ិក​ស្រទន់ និង​ស្រងូតស្រងាត់​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​អារម្មណ៍​ទុក្ខ​ព្រួយ ចងគំនុំ​ជាដើម ។ លុះ​ពេល​មក​ដល់​ប៉ា​រី​ស លោក​ក៏​ផ្ចិតផ្ចង់​ទៅ​ខាង​គំនូរ​បែប​មាន​សរសៃ ល្អិត​ៗ និង​រំលេច​ដោយ​ពណ៌​ស៊ី​ជម្ពូ​ស្រាល ជា​អត្តសញ្ញាណ​នៃ​ជីវិត​ស្រស់ស្រាយ ដែល​គេ​ហៅ​សម័យនេះ​ថា រ៉ូ​ស​ពេ​រី​យ៉ូ​ដ (Rose Period) គឺ​ក្នុង​អំឡុង​ឆ្នាំ​(១៩០៤-១៩០៦) ។

វិចិត្រកម្ម​បែប​ឃ្យូ​ប៊ិ​សម៍
បន្ទាប់​ពី​នោះ​មក កា​ពី​ស្សូ ក៏​ឈាន​ចូល​មក​ដល់​សម័យ​ឃ្យូ​ប៊ិ​សម៍ យ៉ាង​ឆាប់រហ័ស ។ លោក​គួរ​គំនូរ​បែប​បដិសេធ​គំនិត​ដែល​ផ្តល់​តម្លៃ​ទៅ​លើ​រូប «​ស្អាត​ហួស​ពី​ការណ៍​ពិត -Surrealist » ជា​វិធី​វាយតម្លៃ​របស់​លោក​ដែល​ទទួល​ឥទ្ធិពល​ពី​វិចិត្រករ​ផ្នែក​អុ​ី​ម​ប្រិ​ស​ស្យូ​នី​សម៍ ប៉ូ​ល​សេសា​នេ ដោយ​វិចិត្រករ​ជា​អ្នក​រៀបចំ​តុបតែង​ធម្មជាតិ ឬ​វត្ថុ​នៅ​ជុំវិញ​ខ្លួន​ទៅ​តាម​ទម្រង់​ថ្មី ។ លោក​បាន​យក​រូប​ទម្រង់​រេខា​គណិត ផ្សេង​ៗ​ដូច​ជា រូប​រង្វង់​មូល រូប​សាជី ឬ​រូប​បំពង់​មក​បន្ស៊ី​ភ្ជាប់​ជាមួយ​គ្នា​ដោយ​មិន​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ថា​ជា​រូប​អ្វី​ពិតប្រាកដ​ឡើយ ។

ចំណែក​ផ្ទៃ​ពីក្រោយ​រូបភាព​ក៏​ពុំ​មែន​ស្មើគ្នា​ដែរ មើលទៅ​ច្រ​ពេ​ច​ច្រ​ពិល ខ្លះ​ក៏​ខូង ខ្លះ​ក៏​អណ្តែត​មិន​ដូច​គ្នា អាច​សន្និដ្ឋាន​ទៅ​តាម​បែប​ផ្សេង​ៗ ក្នុង​គំនូរ​តែ​មួយ​ធ្វើ​ឱ្យ​វិចិត្រកម្ម​គំនូរ​បែប​ឃ្យូ​ប៊ិ​សម៍ បាន​បង្កើត​លំនាំ ថ្មី​ៗ​ដល់​ផ្នែក​គូរគំនូរ​ក្នុង​សតវត្ស​ទី​២០​ជា​ខ្លាំង ។ តែ​ក្នុងអំឡុងពេល​នោះ​ស្នាដៃ​របស់​ពី​កា​ស្សូ ពុំ​បាន​ទទួល​ការ​គាំទ្រ​ពី​សាធារណជន​ទូទៅ​ប៉ុន្មាន​ទេ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ត្រូវ​គេ​សើចចំអក​ឡកឡាយ​ទៀត​ផង ។

ទេពអប្សរ​និង​កម្រាល​ជូត​ជើង
ពី​កា​ស្សូ ទទួល​បាន​រហស្សនាម​ថា​ជា «​បុរស​មិន​ប្រែប្រួល​» គឺ​ទោះបីជា​គេ​មាន​អាយុ​ច្រើន​ប៉ុនណា​ក៏​ដោយ គេ​នៅ​តែ​ស្រឡាញ់​ស្រី​ក្មេង​ជា​ដដែល ។ គេ​ជា​វិចិត្រករ​ដែល​ប្រើ​នារី ចុះ​ជាទី​បំផុត ។ នារី ក្មេង​ៗ​ជា​ភរិយា​របស់​គេ​មាន​ទាំង​ចេញ​មុខ និង​មិន​ចេញ​មុខ សុទ្ធតែ​ជា «​នារី​ម៉ូ​ដែល » សម្រាប់​ឱ្យ​គេ​គូររូប​ទាំងអស់​។ ដោយ​គេ​ជា​មនុស្ស​ម្នាក់​ដែល​មាន​និស្ស័យ​មិន​ចេះ​នៅ​មួយ​កន្លែង ពី​កា​ស្សូ តែងតែ​ផ្លាស់​ប្តូរ​នារី​ម៉ូ​ដែល និង​ប្រភព​ដែល​ផ្តល់​គំនិត ថ្មី​ៗ​ក្នុង​ការ​គូររូប​ជា​បន្តបន្ទាប់ ។

គេ​មាន​សម្ព័ន្ធ​ស្នេហា​នឹង​នារី​ជា​ច្រើន ។ ពេល​គេ​មាន​អាយុ​៦០​ឆ្នាំទៅ​ហើយ​ក៏​ចំណង់​ផ្លូវភេទ​របស់​គេ​មិន​បាន​ថយ​ចុះ​ឡើយ ។ ស្រី​ស្នេហ៍​របស់​ពី​កា​ស្សូ ទាំងអស់​សុទ្ធតែ​ស្រស់​ស្អាត ហើយ​គេ​បាន​ផ្តល់​ក្តី​ស្រឡាញ់​ទៅ​ឱ្យ​នារី​ទាំង​អស់នោះ ផ្សេង​ៗ​ពី​គ្នា​ទៅ​តាម​ពេលវេលា ។ តាម​ទស្សនៈ​របស់​ពី​កា​ស្សូ ក្តី​ស្នេហា​តែងតែមាន​កំហឹង និង​ក្តី​ស្អប់​នៅ​លាយឡំ​គ្នា​ជា​និច្ច ដូចដែល​គេ​បាន​ពោល​ថា «​សម្រាប់​ខ្ញុំ​នារី​មាន​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ គឺជា​ទេពអប្សរ ឬ​ជា​កម្រាល​ជូត​ជើង ! » ។

រូបគំនូរ​របស់​ពី​កា​ស្សូ​នៅ​ក្នុង​ប្រទេស​ថៃ
មាន​ព័ត៌មាន​ថា​មាន​រូបគំនូរ​អាយុប្រមាណ​ជាង​១០០​ឆ្នាំ របស់​ពី​កា​ស្សូ បាន​លាក់​ទុក​នៅ​ក្នុង​ប្រទេស​ថៃ ជា​ផ្ទាំងគំនូរ​ដែល​ពី​កា​ស្សូ​បាន​គូរ​កាលពី​អាយុ​១៦​ឆ្នាំ ។ មានរឿង​តំណាល ត​ៗ​គ្នា​ថា​កាលពី​នៅ​រស់ កា​ពី​ស្សូ ពេញចិត្ត​នឹង​រូបភាព​នេះ​ជា​ខ្លាំង​ព្យាយាម​តាម​រក​ទិញ​វា​យក​ទៅ​វិញ ប៉ុន្តែ​គេ​ត្រូវ​ខកបំណង ។ រូបភាព​នេះ​មានឈ្មោះ​ថា Original Carmen ជា​រូបភាព​របស់​ស្ត្រី​ក្រមុំ​ម្នាក់​កំពុង​ញញឹម ។ សព្វថ្ងៃ​រូបភាព​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកជំនួញ​ជាតិ​ថៃ​ម្នាក់​ដែល​ចូល​ចិត្ត​សន្សំទុក​រូបគំនូរ​បុរាណ​។ គាត់​បាន​យក​រូបគំនូរ​មួយ​ផ្ទាំង​នេះ​ទៅ​រក្សា​ទុក​យ៉ាង​ល្អ​នៅ​នឹង​ទូដែក​នៃ​ធនាគារ​មួយ​អស់​រយៈពេល​ជិត​២០​ឆ្នាំ មក​ហើយ ។ កាលពីមុន​នេះ​បន្តិច​គាត់​យក​រូបភាព​នេះ​ទៅ​ប្រទេស​បារាំង និង​អា​ល្លឺ​ម៉​ង់ ដើម្បី​ឱ្យ​អ្នកជំនួញ​វត្ថុ​បុរាណ​វាយតម្លៃ ។ ទាំង​នៅ​បារាំង និង​អា​ល្លឺ​ម៉​ង់ គេ​បាន​អះអាង​ថា នេះ​គឺជា​រូបគំនូរ​របស់​ពី​កា​ស្សូ ពិតប្រាកដ និង​មាន​អ្នកជំនួញ​បារាំង​បាន​សុំ​ធ្វើ​ជា​ឈ្មួញកណ្តាល​ដើម្បី​រៀបចំ​ការ​ដេញថ្លៃ​រូបគំនូរ​មួយ​ផ្ទាំង​នេះ​ដោយ​ចាប់ផ្តើម​ដាក់​តម្លៃ​ដេញថ្លៃ​ត្រឹមតែ​ពី​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

ព្រឹត្តិការណ៍សំខាន់​ៗ
កើត​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​១៨៨១ នៅ​ទីក្រុង​ម៉ា​ឡា​កា ប្រទេស​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៨៩១ គ្រួសារ​ផ្លាស់​ទៅ​នៅ​ក្រុង​ឡា​គូ​រូ​ញ៉ា ពេល​ពី​កា​ស្សូ មាន​អាយុ​១០​ឆ្នាំ ។
ឆ្នាំ​១៨៩៦ ចូល​រៀន​នៅ​សាលា​សិល្បៈ បា​សេ​ឡូ​ណា ដែល​ឪពុក​របស់​គេ​ជា​គ្រូបង្រៀន​នៅ​ទីនោះ​។
ឆ្នាំ​១៩០០ ទៅ​ទស្សនា​ទី​ក្រុងប៉ារីស លើក​ដំបូង ហើយ​សម្រេចចិត្ត​រស់នៅ​ទីនោះ ។
ឆ្នាំ​១៩០១-១៩០៤ វិចិត្រកម្ម​បែប​ប្លូ​៊ ពេ​រី​យ៉ូ​ដ (Blue Period) ចាប់កំណើត​ឡើង ។
ឆ្នាំ​១៩០៤-១៩០៦ យុគសម័យ​វិចិត្រកម្ម​បែប​រ៉ូ​ស ពេ​រី​យូ​ដ (Rose Period) ។
ឆ្នាំ​១៩០៦-១៩៧៣ យុគសម័យ​វិចិត្រកម្ម​បែប​ឃ្យូ​ប៊ី​ស (Cubism) ។

ឆ្នាំ​១៩៣៦ កើត​សង្គ្រាមស៊ីវិល​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ពី​កា​ស្សូ ក៏​មានគំនិត​គូររូប​គំនូរ​លើ​ក្រណាត់​ឈ្មោះ​ហ្គែ​រ​មី​កា (Guermica) ។ ក្រោយមក​រូប គំនូរ​នេះ​គឺជា​ស្នាដៃឯក​របស់​គេ ។

ទទួលមរណភាព​នៅ​ថ្ងៃ​ទី​៥ មេ​សា ឆ្នាំ១៩៧២ នៅ​ប៉ា​រី​ស ក្នុង​អាយុ​៩១​ឆ្នាំ ៕