ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញ​នូវ​សារាចរ​ណែនាំ និង​សារលិខិត ដើម្បី​បំផុស​លើកទឹកចិត្ត និង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត សហការ​ជាមួយ​អង្គការ​វិជ្ជាជីវៈ​ព្រមទាំង​និយោជក​ត្រូវ​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញ​នូវ​សារាចរ​ណែនាំ និង​សារលិខិត ដើម្បី​បំផុស​លើកទឹកចិត្ត និង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត សហការ​ជាមួយ​អង្គការ​វិជ្ជាជីវៈ​ព្រមទាំង​និយោជក​ត្រូវ​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត សហជីព និង​តំណាង​មន្ត្រីរាជការ គ្រូបង្រៀន​ក្នុង​ឱកាស​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៦ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​សន្តិភាព សុខភាព និង​សន្តិសុខ​ការងារ​» ក្នុង​ទ្រង់ទ្រាយ​តូច និង​តាម​ស្ថានភាព​ជាក់ស្តែង ហើយ​និយោជក​ត្រូវ​ស្វ័​យ​រៀបចំ​ក្នុង​កម្រិត​រោងចក្រ សហគ្រាស តាម​ស្ថានភាព​ជាក់ស្តែង​។

ដោយឡែក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២២ បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្ដរជាតិ ១​ឧសភា​នេះ​ដោយសារ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​កម្មករនិយោជិត​ដែល​ត្រូវ​បាន​ប្រារឰ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ ដោយ​មានការ​ចូលរួម​ពី​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) តំណាង​សមាគម​និយោជក តំណាង​សហជីព និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់​ពន្ធ​ផង​ដែរ ។

ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​នេះ​មាន​ប្រសាសន៍​ថា ការ​ប្រារឰ​ខួប​ទិវា​ពលកម្ម​អន្ដរជាតិ ១​ឧសភា​នា​ឆ្នាំ​នេះ ស្រប​ពេល​ដែល​សភាពការណ៍​ប្រទេស​ជាតិ​យើង​បាន​សម្រេច​បាន​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​យើង​អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ប្រសើរ​ធ្វើ​ឱ្យ​យើង​អាច​បើក​ដំណើរការ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​យើង​ឡើង​វិញ​ប្រជាជន​រស់នៅ​ដោយ​ក្តី​សប្បាយ​រីករាយ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ដែល​យើង​បាន​សប្បាយ​រីករាយ​បំផុត​បន្ទាប់​ពី​អាក់ខាន​ក្នុង​ការ​សប្បាយ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ខិតខំ​ក្នុង​ការ​ជំរុញ​ការ​ស្តារ​សកម្មភាព​សេដ្ឋកិច្ចជាតិ​ឡើង​វិញ និង​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​ដែល​អាច​ធ្វើ​ឱ្យ​ប្រជាជន​យើង​រស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី រោងចក្រ សហគ្រាស អាច​ដំណើរការ​បាន​ប្រកបដោយ​និរន្តរភាព ធានា​បាន​នូវ​ច្រ​វ៉ា​ក់​ផលិតកម្ម ផ្តល់​មុខរបរ និង​ការងារ​ប្រាក់​ចំណូល​ជូន​បងប្អូន​កម្មករនិយោជិត ដែល​យើង​សង្ឃឹមថា សកម្មភាព​សេដ្ឋកិច្ច​គ្រប់​វិស័យ រួម​ទាំង​វិស័យ​ទេសចរណ៍​នឹង​ដំណើរការ​ឡើង​វិញ​ពេញលេញ រួមចំណែក​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ចជាតិ​យើង​នឹង​បន្ត​កើនឡើង ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​ក្នុង​ឆ្នាំ​២០២២​នេះ​នឹង​កើន ៤.៨​ភាគរយ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​ដៃគូ​ពាក់ព័ន្ធ​សមាគម​និយោជក អង្គការ​សហជីព កម្មករនិយោជិត​ថា ដើម្បី​បន្ត​ស្មារតី​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បាន​ដាក់​ចេញ​រួច​ហើយ​នៅ​ទិស​ដៅ​ការងារ​ដូចដែល​បាន​កំណត់​ក្នុង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២២ ដែល​សន្និបាត​បូក​សរុប​ការងារ​ក្រសួង​បាន​សម្រេច រួម​មាន ៖ ១-​បន្ត​ខិតខំ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ទាំង ១០ ចំណុច​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។

២-​បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ។ ៣ ពង្រឹង​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ លើកកម្ពស់​ការ​យល់​ដឹង​អំពី​សិទ្ធិ កាតព្វកិច្ច និង​ការ​ទទួលខុសត្រូវ​ស្របច្បាប់​របស់​កម្មករនិយោជិត និង​និយោជក ។

៤ បង្កើន​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បទបញ្ជា​លេខ​០១​បប ចុះ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ ស្តី​ពី​ការ​អនុវត្ត​ផែនការ​ស្តី​ពី​ការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា ឆ្នាំ​២០២០ ២០២៤ បទបញ្ជា​លេខ​០៣​បប ចុះ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៣ ស្តី​ពី​ការ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅ​តាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់ឧស្សាហកម្ម វិធានការ​ការពារ​ទប់ស្កាត់​កូដកម្ម បាតុកម្ម និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ស្រប​តាម​នីតិវិធី​ច្បាប់ បទ​ប្បញ្ញត្តិ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។

៥ ជំរុញ​ការ​អនុវត្ត​យន្តការ​អធិការកិច្ច និង​ធ្វើ​ទំនើប​កម្ម​ការ​ធ្វើ​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ទិន្នន័យ​ព័ត៌មានវិទ្យា និង​បន្ត​ពង្រឹង​ការងារ​ចុះ​អធិការកិច្ច​អន្តរក្រសួង ស្ថាប័ន​ដោយ​ធ្វើ​អធិការកិច្ច​ការងារ និង​កម្រិត​ហានិភ័យ​របស់​រោងចក្រ សហគ្រាស​ជា​មូលដ្ឋាន ចំនួន ១​លើក​/​ឆ្នាំ សំដៅ​ធានា​បាន​នូវ​វប្បធម៌​អនុលោម​ភាព ធានា​ប្រសិទ្ធភាព​គុណភាព និង​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា ដោយ​ដាក់​រាល់​សេវា​ទាំងអស់​របស់​ក្រសួង​ទៅ​ក្នុង​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​។

៦-​បន្ត​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​ទទួល​បាន​អត្រា​សះជា​ឱ្យ​កាន់តែ​ខ្ពស់ សំដៅ​ឆ្លើយ​តប​នឹង​តម្រូវការ​ភាគី​វិវាទ និង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ការ​ដោះស្រាយ​វិវាទ​បុគ្គល ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ព្រមទាំង​ពង្រឹង​ការ​អនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជាតិ ជា​ធរមាន និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។

៧-​បន្ត​ប្រែក្លាយ​រោងចក្រ សហគ្រាស មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​របស់​កម្មករនិយោជិត​ដែល​ពោរពេញ​ដោយ​សមត្ថភាព លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ផលិតភាព ឥរិយាបថ​ការងារ ការ​ទទួលខុសត្រូវ​សង្គម និង​មាន​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ដោយ​ក្រសួង​នឹង​ផ្តល់​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ជូន​រោងចក្រ សហគ្រាស ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​តាម​លក្ខណ​វិនិច្ឆ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ