ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង អ្នក​អវកាសបាន​ឡើង​លើ​ឋាន​ព្រះ​ចន្ទ​មុនគេ

7 ឆ្នាំ មុន

តាម​រយៈ​ឯកសារ «​បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក » របស់​លោក​គី​ម ចាន់​ណា អត្ថាធិប្បាយ​ថា ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​១៩៦៩ នៅ​វេលា​ម៉ោង​២២ និង​៥៦​នាទី គឺជា​ខណៈ​ពេល​ដែល​នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង ឈាន

តាម​រយៈ​ឯកសារ «​បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក » របស់​លោក​គី​ម ចាន់​ណា អត្ថាធិប្បាយ​ថា ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​១៩៦៩ នៅ​វេលា​ម៉ោង​២២ និង​៥៦​នាទី គឺជា​ខណៈ​ពេល​ដែល​នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង ឈាន​ចូល​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការ​សម្រេច​ជោគជ័យ​លើ​បេសកកម្ម​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង​បង្អស់​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជាង​៥០០​លាន​នាក់ ទូ​ទាំង​ពិភពលោក​ដែល​កំពុង​រង់ចាំ​មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​សកម្មភាព​អ្នក​អវកាស​នឹង​ជាន់់​លើ​ដួង​ចន្ទ​តាម​កញ្ចក់​ទូរទស្សន៍ ។

នេះ​គឺជា​កិច្ច​ប្រតិបត្តិការ​ហោះហើរ​រំលង​លោក​របស់​គម្រោងការ​អា​ប៉ូ​ឡូ​ទី​១១ (Apollo 11) ដែល​បង្ហោះ​យានអវកាស​ឱ្យ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ ព្រមទាំង​ស្រាវជ្រាវ​ពិនិត្យ​មើល​ភព​អាថ៌​កំបាំង​មួយ​នេះ​ដែល​មនុស្ស​ធ្លាប់​ស្គាល់​តែ​ពី​ចម្ងាយ​អស់​រយៈកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ​។ នៅ​ខណៈនោះ​អាម​ស្ត្រ​ង​បាន​ពោល​ថា «​នេះ​គឺជា​ជំហាន​ដ៏​ខ្លី​របស់​មនុស្ស​ម្នាក់ តែ​វា​ជា​ជំហាន​ដ៏​ធំ​មហិមារ​របស់​មនុស្សជាតិ » ។

ជំហាន ខ្លី​ៗ​របស់​អាម​ស្ត្រ​ង
នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង កើត​ក្នុង​ឆ្នាំ​១៩៣០ នៅ​រដ្ឋ​អូ​ហៃ​យ៉ូ ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ សៅ​ធើ​ន កាលី​ហ្វ៊័​រ​នី​ញ៉ា (University of Southern California) និង​ជា​អ្នក​បើក​យន្តហោះ​សាកល្បង​នៃ​អង្គការ​ណា​សា (NASA) ។ អាម​ស្ត្រ​ង ត្រូវ​គេ​ជ្រើសរើស​ឱ្យធ្វើ​ជា​អ្នកបើកបរ​យានអវកាស និង​បំពេញ​កិច្ច​ប្រតិបត្តិការ​ជា​ច្រើន​ផ្នែក​នៅ​ក្នុង​គម្រោង​ជេ​មី​នី (Gemini Program) និង​គម្រោងការ​បង្ហោះ​យាន​អា​ប៉ូ​ឡូ ផ្តួចផ្តើម​ដោយ​លោក​ប្រធានាធិបតី​ច​ន អែ​ហ្វ កេ​ណ្ណឺ​ឌី ក្នុង​បំណង​បញ្ជូន​មនុស្ស​ទៅ​កាន់​ដួង​ចន្ទ ហើយ​ត្រូវ​ត្រឡប់​មក​កាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព ដែល​ក្នុង​បេសកកម្ម​អា​ប៉ូ​ឡូ​ទី​១១​មាន​អាម​ស្ត្រ​ង ជា​មេបញ្ជាការ​ដែល​មាន​សហការី​ពីរ​រូប​គឺ​ម៉ៃ​ឃើ​ល ខូ​លិ​ន (Michael Collins) និង​អេ​ដ​វិ​ន អាល់​ឌ្រិ​ន (Edwin Aldrin) ។

យានអវកាស​អា​ប៉ូ​ឡូ​ទី​១១ ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ឱ្យ​ឆ្លងកាត់​លំហ​អាកាស​ដោយ​កាំជ្រួច​សា​ធើ​នទី​៥(Saturn V) នៅ​ឯ​ស្ថានីយ​អវកាស​ជ្រោយ​កេ​ណ្ណឺ​ឌី ក្នុង​រដ្ឋ​ហ្ល្វ័​រ​រី​ដា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​១៩៦៩ ។ ៤​ថ្ងៃ​ក្រោយមក វា​ក៏​អាច​មក​ចត​នៅ​ត្រង់់​តំបន់ «​សុ​សញ្ញា​កាស​-Mare Tranquilitatis » បាន​សម្រេច​ក្នុង​រយៈពេល​១០២ ម៉ោង​៤៥​នាទី​និង​៤០​វិនាទី ។ នៅ​ពេល​ដែល​យានអវកាស​កំពុង​តែ​ចុះ​ចត​នោះ​អាម​ស្ត្រ​ង និង​អាល់​ឌ្រិ​ន បាន​ត្រៀម​ប្រព័ន្ធ​យាន​ចម្លង​អីុ​ហ្កឺ​ល (Eagle) ទុក​រួច​ជា​ស្រេច​ដើម្បី​ការពារ​ក្រែង​ត្រូវការ​បង្ហោះ​ជា​បន្ទាន់​នៅ​​ពេល​មាន​ហេតុការណ៍​អាសន្ន​កើតឡើង រួច​គេ​ក៏​នាំ​គ្នា​ទទួលទាន​អាហារ និង​ត្រៀមខ្លួន​ដើម្បី​ចុះ​ទៅ​កាន់​ផ្ទៃដី​របស់​ដួង​ចន្ទ ។

ភារកិច្ច សំខាន់​ៗ
អាម​ស្ត្រ​ង​ឈាន​ជើង​ចេញពី​យាន​ចម្លង​មុនគេ ។ គេ​ធ្វើ​ចលនា យឺត​ៗ​យ៉ាង​ប្រយ័ត្នប្រយែង​ដើម្បី​ស្ទាបស្ទង់​មើល ព្រោះ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មាន​ទំនាញ​ត្រឹមតែ​១/៦ នៃ​ទំនាញ​នៅ​លើ​ផែនដី​ប៉ុណ្ណោះ «​ផ្ទៃដី​លើ​ដួង​ចន្ទ​មាន​សភាព​ម៉ដ្ឋ​ផង់​ដូច​ម្សៅ​» អាម​ស្ត្រ​ង រាយការណ៍​មក​កាន់​មូលដ្ឋាន​បញ្ជាការ​ហោះហើរ​ហុ​ល​តុ​ន «​ខ្ញុំ​អាច​យក​ចុងជើង​កៀរ​វា​បាន​… កម្ទេច​វា​តោង​ជាប់​នឹង​ស្បែកជើង​ដូច​កម្ទេច​ធ្យូង​អុ​ី​ចឹ​ង​ដែរ ស្នាម​ដានជើង​ទ្រុឌ​ចូល​ទៅ​ក្នុង​ដី​ជម្រៅ​រហូត​ដល់​១​អីុ​ញ (1Inch=2.54cm) ឬ​វា​អាច​ត្រឹម​១/៨​អុ​ី​ញ​ក៏​មាន​ដែរ ហើយ​ខ្ញុំ​អាច​មើលឃើញ​ស្នាម​ដានជើង​ដាម​ជាប់​នៅ​លើ​ផ្ទៃដី​ទៀត​ផង » ។

នៅ​ខណៈនោះ​ដែរ​អាល់​ឌ្រិ​ន ដែល​កំពុង​តែ​ស្ថិត​នៅ​យាន​ចម្លង​អុ​ី​ហ្កឺ​ល​នៅឡើយ គេ​បាន​មើល​តាម​កញ្ចក់​បង្អួច​រាយការណ៍​ថា ផ្ទៃដី​បរិវេណ​នេះ​មាន​សុទ្ធតែ​រណ្តៅ ជ្រៅ​ៗ ទំហំ​ប្រមាណ​៥-៥០​ហ្វូ​៊​ត (1 Foot=30,48cm) ជា​ច្រើន​… មាត់​រណ្តៅ​ខ្លះ​មាន​គែម​កម្ពស់​ប្រមាណ​២០-៣០​ហ្វូ​៊​ត នៅ​ជុំវិញ​បរិវេណ​នេះ​មាន​រណ្តៅ តូច​ៗ​រាប់​ពាន់​រណ្តៅ ។

បន្ទាប់​មក​ទៀត ពួក​គេ​ក៏​ដាក់​ឧបករណ៍​វាស់​កម្លាំង​រញ្ជួយ​ដី កញ្ចក់​ឡាស៊ែរ ឧបករណ៍​រាស់​កម្លាំង​ខ្យល់ និង​ដាក់​ម៉ាស៊ីន​វី​ដេ​អូ​ដើម្បី​ថត​យក​រូបភាព ។ អាម​ស្ត្រ​ង​ចាប់ផ្តើម​កើប​យក​ដី​និង​កម្ទេច​ថ្ម​យ៉ាង​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ  បាន ។ គេ​ប្រមែប្រមូល​បាន​រាប់​សិប​គីឡូក្រាម​។ អ្នក​ទាំង​ពីរ​បំពេញភារកិច្ច​ជា​លំដាប់លំដោយ​ទៅ​តាម​ផែនការ​កំណត់​ដូច​ជា ការ​ធ្វើតេស្ត​Solar Wind Composition(SWC: ការ​ប្រមូល​យក​វត្ថុ ផ្សេង​ៗ​នៅ​ឋាន​ព្រះ​ចន្ទ​ដែល​មាន​កម្រិត​ច្រើន​ជាង​លើក​មុន​) ការ​ថត​យក​រូបភាព ជិត​ៗ​របស់​វត្ថុ​លើ​ឋាន​ព្រះ​ចន្ទ ការ​សាក​ពិសោធន៍​ដោយ​ឧបករណ៍ Lascr-Ranging Retro Reflector (LRRR) និង Passive Seismic Experiment Package (PSEP) ព្រមទាំង​ការ​រើស​វត្ថុ​នៅ​លើ​ដួង​ចន្ទ ដែល​មាន​ទ្រង់ទ្រាយ​ដូច​បំពង់​ចំនួន​២​ដុំ​ទៀត ។

ក្រោយ​ពី​ចុះ​ដើរ​លើ​ឋាន​ព្រះ​ចន្ទ បាន​ប្រហែល​២​ម៉ោង អ្នក​អ​វ​វ​កាស​ទាំង​ពីរ​ក៏​ត្រៀមខ្លួន​ឡើង​ទៅ​លើ​យាន​អីុ​ហ្កឺ​ល​វិញ ដើម្បី​ដេក​សម្រាក​ក្នុង​រយៈពេល​វែង​រហូត​ដល់​២១​ម៉ោង​និង​៣៦​នាទី ។ ក្រោយ​ពី​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ យាន​ចម្លង​អីុ​ហ្កឺ​ល ក៏​រំកិល​ខ្លួន​ត្រឡប់​មក​តំបន់​សុញ្ញកាស​វិញ ។ យាន​អា​ប៉ូ​ឡូ​ទី​១១ វិល​ត្រឡប់​មក​កាន់​បរិយាកាស​ផែនដី​ក្នុង​ល្បឿន​៣៦.១៩៤​ហ៊្វូ​ត ក្នុង​១​វិនាទី ហើយ​ក៏​ទម្លាក់​ខ្លួន​ចូល​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ សរុប​ពេលវេលា​ចាប់ពី​ពេល​ចេញដំណើរ​រហូត​ត្រឡប់​មក​ដល់​វិញ​មាន​រយៈពេល​១៩៥​ម៉ោង​១៨​នាទី​៣៤​វិនាទី ។

យាន​អាថ៌​កំបាំង​នៅ​លើ​ឋាន​ព្រះ​ចន្ទ ?
បន្ទាប់​ពី​អាម​ស្ត្រ​ង ចុះ​ពី​យានអវកាស​មក​ជាន់​ផ្ទៃ​ដួង​ចន្ទ​ភ្លាម គេ​បាន​រាយការណ៍​ថា​មាន​ឃើញ​ពន្លឺ​នៅ​លើ​នៅ​ត្រង់​រណ្តៅ​មួយ​កន្លែង តែ​ភ្លាម​ៗ​នោះ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ក៏​ដាច់​តែត្រឹម​ហ្នឹង ។ លោក​អុត​តួ​បាញ​ឌ័​រ អតីត​សមាជិក​របស់​អង្គការ​ណា​សា បាន​បង្ហើប​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ស្តាប់​សំឡេង​ក្នុង​ប្រដាប់​ស្រូប​សំឡេង​រវាង​យាន​អវកាស​អា​ប៉ូ​ឡូ និង​បរិយាកាស​ជុំវិញ (​ដែល​ពុំ​មាន​ជា​ផ្លូវការ​)​នោះ​ថា ណា​សា បាន​ត្រួតពិនិត្យ និង​កាត់ត​ហេតុការណ៍​មួយ​ចំនួន មុន​នឹង​បន្ត​ផ្សាយ​ទៅ​កាន់​ប្រជាជន​ដើម្បី​ការពារ​ពុំ​ឱ្យ​មនុស្ស​ទូ​ទាំង​ពិភពលោក​មានការ​រំជើបរំជួល ។ អាម​ស្ត្រ​ង​បាន​រាយការណ៍​មក​ផែនដី​ថា «​អា​ពួក​នេះ​មាន​មាឌ ធំ​ៗ​ណាស់ ពួក​លោក​ពិតជា​មិន​ជឿ​ទេ​… ខ្ញុំ​ប្រាប់​ឱ្យ​ដឹង​ថា​មាន​យានអវកាស​ពី​ក្រុម​(…) ផ្សេង​ៗ ចត​តម្រៀប​គ្នា​ជា​ជួរ​នៅ​ឯនាយ​ដាច់​កន្ទុយភ្នែក​នោះ​… ពួក​គេ​នៅ​លើ​ឋាន​ព្រះ​ចន្ទ និង​កំពុង​តែ​សង្កេត​មើល​ពួក​យើង​… »​។ វា​ជា​ការណ៍​ពិត​ដូចដែល​អាម​ស្ត្រ​ង​និយាយ​នោះ​ហើយ ! មិន​មាន​អ្នក​ណា​ម្នាក់​ជឿ​ថា មាន​ក្បួន​យានអវកាស​ចាំ​ស្វាគមន៍​ពួក​គេ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​នោះ​ទេ ។

មន្ទិល​សង្ស័យ​អំពី​រឿង​អា​មេ​រិ​ក​ទៅ​ឋាន​ព្រះ​ចន្ទ​ពិត​មែនឬ ?
៣៥​ឆ្នាំ​កន្លង​ផុត​ទៅ មនុស្ស​ទូ​ទាំង​ពិភព លោក​សុទ្ធតែ​ជឿ​ថា មហាអំណាច​ដូច​ជា​សហរដ្ឋអាមេរិក​នេះ​ពិត​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​ប្រាកដ​មែន ។ តែ​លុះដល់​ឆ្នាំ​២០០៤ ស្រាប់តែ​មាន​មនុស្ស​ជា​ច្រើន​គ្នា​លើក​ជា​សំណួរ​ឡើង​ថា តើ​សហរដ្ឋអាមេរិក​ពិតជា​បាន​បញ្ជូន​យានអវកាស​អា​ប៉ូ​ឡូ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​មែនឬ? ដែល​ស្ថានីយ​ទូរទស្សន៍​ហ្វ​ក្ស​(Fox) របស់​អា​មេ​រិ​កបាន​ចាក់​ផ្សាយ​នូវ​ឯកសារ​មាន​ចំណងជើង​ថា «Conspiracy Theory: Did we Iand on the Moon ? ហើយ​អ្វី​ដែល​បន្ថែម​ទម្ងន់​ទៅ​លើ «​ការ​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ​របស់​អាម​ស្ត្រ​ង​គ្រាន់តែ​ជា​រឿងប្រឌិត​» នៅ​ត្រង់​ថា កាលពី​សម័យ​នោះ ការ​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់​សហរដ្ឋអាមេរិក​នៅ​យឺត​ជាង​សហភាព​សូ​វៀត​ឆ្ងាយ​ណាស់ ។ មហាអំណាច​ទាំង​ពីរ​សុទ្ធតែ​មានគំនិត​ផ្ទុយ​គ្នា​ដាច់​ស្រឡះ ហេតុនេះ​វា​ពុំ​មែន​ជា​រឿង​ចម្លែក​ទេ ដែល​សហរដ្ឋអាមេរិក​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ខ្លួនឯង «​ឈានមុខ​» គេ​សូ​ម្បី​តែ​ការ​ប្រឌិត​រឿង​ដំណើរ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​នេះ​ក៏​ដោយ ។

-​នៅ​ក្នុង​ទី​អវកាស​គ្មាន​ទំនាញផែនដី​ទេ ហេតុ​អ្វី​ក៏​ទង់ជាតិ​អា​មេ​រិ​កបក់ រវិច​ៗ​?
-​កាលបើ​មាន​ផង់​ធូលី​ច្រើន ហេតុ​អ្វី​ក៏​ខោអាវ​របស់​អ្នក​អវកាស​មិន​មាន​ប្រឡាក់​ដី ?
-​ព្រះអាទិត្យ​ជា​ប្រភព​កំណើត​នៃ​ពន្លឺ​ចក្កវាឡ ហេតុ​អ្វី​ក៏​ស្រមោល​អ្នក​អវកាស​បាញ់​ខុស​ទិស​គ្នា ?
-​បើ​អាម​ស្ត្រ​ង​ជា​អ្នក​ជាន់​លើ​ផ្ទៃ​ព្រះ​ចន្ទ​មុនគេ តើ​អ្នក​ណា​ជា​អ្នក​ថតរូប ?
-​បើ​កន្លែង​ចុះ​ចត​យានអវកាស​គឺជា​ផង់​ធូលី ហេតុ​អ្វី​ស្នាម​ដានជើង​ច្បាស់​ម្ល៉េះ ?
-​ហេតុ​អ្វី​ក៏​ក្នុង​រូបភាព​មិន​មាន​ឃើញ​រូបភាព​ផ្កាយ​ដទៃ​ណាមួយ​សោះ ?

ការ​ស្រាយ​បំភ្លឺ​ច​ម្ង​ល់​ទាំងឡាយ
ទោះជា​យ៉ាងណា​អង្គការ​ណា​សា និង​អ្នក​វិទ្យាសាស្ត្រ​បាន​ចេញ​មក​អះអាង​បញ្ជាក់​ថា ការ​ដែល​នៅ​ក្នុង​រូបភាព​ពុំ​មាន​រូប​ដួងតារា​ណាមួយ ព្រោះតែ​ម៉ាស៊ីន​ថត​មាន​កម្រិត​កំណត់​របស់​វា គឺ​វា​អាច​ចាប់​យក​រូបភាព​បាន​ត្រឹមតែ​ត្រង់​បរិវេណ​ដែល​មាន​ពន្លឺ ជិត​ៗ​ប៉ុណ្ណោះ ចំណែក​បរិវេណ​ដែល​នៅ ឆ្ងាយ​ៗ គឺ​សុទ្ធតែ​ងងឹត ។

ចំពោះ​រឿង​ទង់ជាតិ​ដែល​បក់ រវិច​ៗ​នោះ  តាម​ធម្មតា​វា​នឹង​ធ្លាក់​មក​ក្រោម ប៉ុន្តែ​ដោយសារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មិន​មាន​ទំនាញ ទើប​ទង់ជាតិ​ក៏​មាន​ចលនា យឺត​ៗ ។ ឯ​រឿង​ស្នាម​ដានជើង​ដែល​មើលឃើញ​យ៉ាង​ច្បាស់​ក្រឡែត​នោះ មក​ពី​ឋាន​ព្រះ​ចន្ទ​មាន​ល្អងធូលី​ដែល​គរ​ទុក​រាប់​លាន​ឆ្នាំ​មក​ហើយ ពុំ​មានការ​ផ្លាស់​ប្តូរ លុះ​ពេល​យើង​ជាន់​ទៅ​លើ វា​ៗ​ក៏​ត្រូវ​មាន​ជាប់​ស្នាម​ដូច្នេះ​ទៅ ។

ចំណែក​រឿង​សម្លៀក​បំពាក់​របស់​អ្នក​អវកាស​និង​យានអវកាស​ដែល​ពុំ​មាន​ជាប់​ធូលី​នោះ តាម​ពិត​ទៅ​សម្លៀក​បំពាក់​នោះ​សុទ្ធតែ​ប្រឡាក់​ធូលី​ទាំងអស់ ហើយ​ពួក​គេ​(​អ្នក​អវកាស​) ត្រូវការ​ពេល​ដ៏​យូរ​ទម្រាំ​តែ​បោសសម្អាត​ចេញ​អស់ ។

ព្រឹត្តិការណ៍ សំខាន់​ៗ​របស់​នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង
-​កើត​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​១៩៣០ ។
-​ទទួល​ជ្រើសរើស​ជា​អ្នកបើកបរ​អវកាស​នៅ​ឆ្នាំ​១៩៦២ ។
-​ចូលរួម​ក្នុង​គម្រោងការ​អា​ប៉ូ​ឡូ នៅ​ឆ្នាំ​១៩៦៩ ។
-​ទទួល​ជោគជ័យ​ក្នុង​ដំណើរ​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​១៩៦៩ ។
-​ត្រឡប់​មក​ដល់​ផែនដី​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​១៩៦៩ ។

-​ឆ្នាំ​១៩៧១ លាឈប់​ពី​អង្គការ​ណា​សា​ដើម្បី​មក​ធ្វើ​ជា​សាស្ត្រាចារ្យ​ខាង​បច្ចេកទេស​ហោះហើរ​នៅ​មហាវិទ្យាល័យ សិន​សិន​ណា​ទី និង​ធ្វើ​ជំនួញ​ផ្នែក​ថាមពល ព្រមទាំង​បច្ចេកវិទ្យា​អវកាស ។

-​ឆ្នាំ​២០០៤ ហ្វ​ក្ស (Fox) បាន​បង្កើត​ច​ម្ង​ល់​ទាក់ទង​នៅ​នឹង​បេសកកម្ម​អា​ប៉ូ​ឡូ​ទី​១១ ។
-​លោក​អាម​ស្ត្រ​ង រស់នៅ​តំបន់​ជាយក្រុង​សិន​សិន​ណា​ទី រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក និង​មិនសូវ​បង្ហាញ​មុខជា​សាធារណៈ​ប៉ុន្មាន​ទេ ។
-​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១២ នៅ​រដ្ឋ​អូ​ហៃ​យ៉ួ សហរដ្ឋអាមេរិក ៕