សហរដ្ឋអាមេរិក ៖ គួរឱ្យភ្ញាក់ផ្អើល លោក ម៉ៃ ថៃសាន់ (Mike Tyson) អតីតអ្នកប្រដាល់សកលទម្ងន់ធ្ងន់របស់អាមេរិក បានបញ្ចេញកំហឹងដាល់ទៅលើអ្នកដំណើរម្នាក់ ដែលនិយាយដដែលៗមិនឈប់ពីលោក នៅលើយន្តហោះ “ដែលខ្មែរច្រើនហៅថា និយាយសាំត្រប៉ែ” នេះបើតាមសារព័ត៌មាន Dailymail ចេញផ្សាយនៅថ្ងៃទី២១ មេសា ២០២២នេះ ។
លោក ម៉ៃ ថៃសាន់ ហាក់ដូចជាបាត់បង់ភាពត្រជាក់របស់គាត់នៅលើយន្តហោះ បានបញ្ចេញកំហឹងដាល់អ្នករួមដំណើរម្នាក់ នៅលើជើងហោះ ដែលកំពុងហើរពីរដ្ឋ សាន់ហ្វ្រានស៊ីស្កូ ទៅកាន់រដ្ឋ ផ្លរីដា កាលពីម៉ោងប្រហែល១០និង៣០យប់ថ្ងៃពុធ ទី២០ មេសា ២០២២ បណ្ដាលអោយបុរសនោះ មានស្នាមឈាមនៅលើថ្ងាស ។
រូបភាពដែលថតបានតាមទូរសព្ទដៃ បានបង្ហាញពីអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ បានវាយអ្នកគាំទ្រម្នាក់ ដែលនៅកៅអីពីក្រោយខ្នងរបស់លោក ។
យោងតាមសាក្សីម្នាក់ និយាយថា បុរសនោះ និងមិត្តម្នាក់ទៀត បានស្វាគមន៍អ្នកប្រដាល់ វ័យ ៥៥ឆ្នាំរូបនេះ នៅពេលដែលពួកគេឡើងយន្តហោះ ហើយថែមទាំងបានថតរូបជាមួយ ថៃសាន់ ទៀតផង ។
សាក្សីដដែលបន្តថា មិនយូរប៉ុន្មាន លោក ម៉ៃ ថៃសាន់ ធុញទ្រាន់នឹងការនិយាយភ្ជាប់ពីលោកច្រំដែលៗរបស់បុរសនោះ ហើយ ថៃសាន់ បានសុំឱ្យបុរសនោះនៅស្ងៀម! ប៉ុន្តែបុរសនោះបន្តនិយាយទៀត ស្រាប់តែ ថៃសាន់ បានងើបបែរក្រោយ ចាប់ផ្តើមដាល់ជាច្រើនដៃ ទៅលើមុខបុរសនោះ ខណៈមិត្តភក្តិម្នាក់ ជួយចាប់ដៃ ឃាត់លោក ម៉ៃ ថៃសាន់ ។
បុរសម្នាក់ដែលនិយាយនៅក្នុងវីដេអូ កំពុងថតតាមទូរសព្ទ ក៏បានស្រែកឃាត់លោក ម៉ៃ ថៃសាន់ ឲ្យឈប់វាយ ផងដេរ ។ វីដេអូមួយទៀត បង្ហាញពីបុរសអ្នកដំណើរនោះ មានស្នាមឈាមនៅលើថ្ងាស ។
សាក្សីនិយាយថា ក្រោយពីលោក ម៉ៃ ថៃសាន់ បានដើរចុះពីយន្តហោះរួចមក បុរសរូបនោះទៅព្យាបាលរបួស រួចហើយបានទៅប្រាប់ប៉ូលិសជុំវិញហេតុការណ៍ខាងលើនេះ ។
សូមជម្រាបប្រវត្តិខ្លីៗថា លោក ម៉ៃ ថៃសាន់ ចាប់ផ្ដើមអាជីពជាអ្នកប្រដាល់ ក្នុងឆ្នាំ១៩៨៥ បានចូលនិវត្តកាលពីឆ្នាំ២០០៥ Mike Tyson ធ្លាប់ប្រកួត ៥៨ដង ឈ្នះ៥០ដង (ឈ្នះដោយផ្ដួលគូប្រកួតឲ្យសន្លប់ ៤៤ដង) ចាញ់៦ដង និងស្មើ ២ដង ។
លោក ម៉ៃ ថៃសាន់ ជាជនជាតិអាមេរិក កើតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៦៦ នៅក្នុងទីក្រុងញូយ៉ក ។ ត្រឹមតែអាយុ១៣ឆ្នាំ លោកត្រូវប៉ូលីសចាប់ខ្លួន ចំនួន៣៨ដង ។ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ រួមមាន ៖ ធ្លាប់ជាប់ចោទពីបទចាប់រំលោភបេក្ខនារីបវរកញ្ញាវ័យក្មេងម្នាក់ ពីបទប្រើហិង្សា និងពីបទកាន់កាប់សារជាតិញៀន ជាដើម ៕
ខាងក្រោម មានវីដេអូឃ្លីប ៖








ចែករំលែកព័តមាននេះ