សេចក្តីស្រលាញ់គ្មាននរណាម្នាក់កំណត់បានទេថាតើវានឹងទៅជាបែបណា?មានពេលខ្លះបុរសដែលមានវ័យចំណាស់ទៅជាចងចិត្តស្នេហាជាមួយនារីវ័យក្មេងជាងខ្លួនច្រើនឆ្នាំ។ ការស្នេហាបញ្ច្រាសទិសបែបនេះជួនកាលធ្វើឱ្យនាងស្រួលចិត្ត តែពេលខ្លះក៏ធ្វើឱ្យស្រីក្មេងនោះភ័យខ្លាចក៏មាន ។ ដូច្នេះដើម្បីសម្រួលស្ថានការណ៍ សាមីខ្លួនខាងប្រុសគប្បីអនុវត្តវិធីសាស្ត្រមួយចំនួនដូចតទៅ៖
១-ត្រូវធ្វើខ្លួនជាចាស់ទុំ ៖ មានអ្នកខ្លះយល់ថា ប្រសិនបើចង់ញ៉ែស្រីដែលមានអាយុតិចជាងខ្លួនឆ្ងាយនោះ ត្រូវព្យាយាមធ្វើឫកពាឱ្យដូចអ្នកកំលោះវ័យក្មេង ។ គំនិតនេះមិនទាន់យល់ឃើញត្រឹមត្រូវទេ។ តាមធម្មតា ស្ត្រីភាគច្រើនពេញចិត្តលើបុរសដែលមានអត្តចរិតជាចាស់ទុំ និងចេះយល់ចិត្តនាង ។ ហេតុដូច្នេះប្រសិនបើចង់ឱ្យនាងងាកមកចាប់អារម្មណ៍លើខ្លួន ត្រូវរៀបឫកជាចាស់ទុំ ត្រូវចេះសម្របខ្លួនតាមកាលៈទេសៈ ហើយប្រើកែវភ្នែក និងបង្ហាញស្នាមញញឹមធ្វើឱ្យភាគីម្ខាងទៀតបានដឹង ក្រោយមកក៏រកឱកាសល្អចូលទៅនិយាយជាមួយនាងដោយសុភាពរាបសា ។
២-បង្ហាញភាពប្រាកដប្រជាឱ្យភាគីម្ខាងទៀតបានឃើញ ៖ ដោយសារខ្លួនមានលក្ខណៈចាស់ទុំ និងចង់ចងសម្ព័ន្ធមេត្រីភាពជាមួយនាង ដូច្នេះគួរបង្ហាញអាការនៃភាពប្រាកដ ប្រជានៅក្នុងខ្លួន ទាក់ទងនាងដោយមិនបាច់ចំណាយពេលយូរ ។
៣-សួរត្រង់ៗថា អាចទទួលយកភាពខុសគ្នារវាងអាយុចាស់ និងក្មេងបានទេ? លោកអ្នកត្រូវយល់ថា នារីមិនសូវពេញចិត្តលើបុរសដែលមានអាយុច្រើនឡើយ ។ បញ្ហានេះអ្នកគួរសាកសួរប្រាប់នាងឱ្យត្រង់ៗទៅជាការល្អជាង កុំស៊ូទ្រាំលេបថ្មលេបក្រួសយូរពេកនាំតែខាតបង់ពេលវេលា រីឯស្ត្រីក៏ត្រូវការបុរសដែលក្លាហានហ៊ាននិយាយ ហ៊ានថាត្រង់ៗអញ្ចឹងដែរ ។
៤-មិនចាំបាច់ដើរតាមប្រកិត ឬឃ្លាំមើលនាងទេ ៖ ជាទូទៅស្ត្រីចូលចិត្តឱ្យបុរសយកចិត្តទុកដាក់លើខ្លួន តែមិនដល់ថ្នាក់ឱ្យតាមជាប់គ្រប់ពេលវេលទេ ឬបង្ហាញអាការបារម្ភហួសហេតុនោះដែរ ។ អ្វីដែលសំខាន់ជាងនេះ គួរកុំញក់ញី មិនបាច់ចង់ដឹងថា តើនាងទៅណា? ធ្វើអ្វីជាមួយអ្នកណា? គួរបណ្តែតបណ្តោយតាមចំណង់ចិត្តរបស់នាងទៅ និងកុំបាច់រឹតបន្តឹងពេកទេនាំឱ្យនាងរអាចិត្ត ។
៥-កុំមានចំណង់ចិត្តលើនាងខ្លាំងពេក ឬរហ័សដៃលូកលាន់ ៖ រឿងរ៉ាវខាងលើត្រូវចំណាយពេលបន្តិច គួរបណ្តោយឱ្យនារីមានអារម្មណ៍សប្បាយចិត្ត និងសុវត្ថិភាពដែលបាននៅជាមួយអ្នក ។ មិនមែនមានន័យថា គ្រាន់តែដើរកម្សាន្តជាមួយខ្លួនតែប៉ុន្មានលើក អ្នកបែរជាចង់ចាត់ការក្នុងផ្លូវអាក្រក់លើរូបនាង ត្រង់ចំណុចនេះធ្វើឱ្យនាងគិតថា យើងជាព្រាននារីក៏ថាបាន ។
៦-គោរពគោលគំនិត និងការសម្រេចចិត្តរបស់នាង ៖ ជាធម្មតានារីរមែងពេញចិត្តបុរសដែលមាននិស្ស័យល្អ ទោះជាបែបនេះក៏ដោយ យើងជាបុរសគួរបណ្តោយឱ្យនារីធ្វើអ្វីទៅតាមគំនិតយល់ឃើញរបស់ខ្លះនាងផង ។
៧-បើសម្ព័ន្ធភាពមិនបានទទួលជោគជ័យ គួរតែបញ្ចប់ត្រឹមនឹងទើបជាការល្អ ៖ ប្រសិនបើលោកអ្នកខំប្រតិបត្តិខ្លួនយ៉ាងល្អដាក់នាង ប៉ុន្តែនាងគ្មានអារម្មណ៍ល្អជាមួយអ្នក ដូច្នេះត្រូវទទួលស្គាល់ពីការពិត កុំប្រើអំពើហិង្សា ឬឆេវឆាវដាក់នាងឱ្យសោះព្រោះស្នេហាមិនអាចបង្ខិតបង្ខំបានទេ គួរបញ្ចប់សម្ព័ន្ធភាពជាគូស្នេហ៍ ដោយចាត់ទុកនាងជាប្អូនស្រីរាប់អានគ្នាទៅថ្ងៃមុខជារឿងមួយប្រសើរបំផុត៕
ចែករំលែកព័តមាននេះ