ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត​ទឹកដី​មាត់សមុទ្រ​រៀបចំ​ខ្លួន​ទទួល​អំណរ​ឆ្នាំ​ថ្មី

2 ឆ្នាំ មុន
  • កំពត

លោក សយ ស៊ី​ណុ​ល ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​ខេត្តកំពត នា​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ហាក់ដូចជា

ខេត្តកំពត ៖ លោក សយ ស៊ី​ណុ​ល ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​ខេត្តកំពត នា​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ហាក់ដូចជា​មិន​ទាន់​មាន​ភ្ញៀវ​មក​កក់​បន្ទប់​ឲ្យ​បាន​ផុលផុស​នៅឡើយ​ទេ មក​ដល់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២២ គឺ​ទើបតែ​បាន​ប្រមាណ​ជាង​៣០% ប៉ុណ្ណោះ ។

លោក សយ ស៊ី​ណុ​ល ឲ្យ​ដឹង​ទៀត​ថា សម្រាប់បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ក្នុង​ក្រប​ខណ្ឌ​ខេត្ត រដ្ឋបាល​ខេត្ត​បាន​រៀបចំ​កែ​លំអ​ដាក់​ភ្លើង​បំភ្លឺ​តាម​ដងព្រែក និង​តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុង​ក្រុង ធ្វើ​ឲ្យ​មាន​សភាព​ប្លែក​ខុស​សព្វមួយដង ដោយ​បង្ហាញ​ពី​ភាព​ស្អាត ដោយសារ​ការ​បំភ្លឺ​ភ្លើង​នៅ​ពេល​រាត្រី​ផង​ដែរ ។

រីឯ​នៅ​តាម​រមណីយ​ដ្ឋា​ន​នានា ក៏​មានការ​ត្រៀម​រៀបចំ​សម្រាប់​ការ​ទទួលភ្ញៀវ​ទេសចរ​ដែរ ដូច​ជា​នៅ​ភ្នំ​បូកគោ និង​នៅ​តាម​រមណីយដ្ឋាន​តូច​ៗ​មួយ​ចំនួន​ទៀត ។ នៅ​ដូង​ទេរ តំបន់​ទឹកឈូ​ជាដើម ក៏​មានការ​ត្រៀម​រៀបចំ​ល្បែង ប្រជា​​ប្រី​យ ក៏​ដូច​ជា​ការ​ប្រគំ​តន្ត្រី​សម្រាប់​បម្រើ​ការ​កម្សាន្ត​សប្បាយ​ជូន​ភ្ញៀវ និង​នៅ​កន្លែង​ផ្សេង​ទៀត ក៏​មានការ​ត្រៀម​រៀបចំ​ការ​ទទួលភ្ញៀវ​មួយ​ចំនួន​ធំ​ដែរ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា មន្ទីរ​ទេសចរណ៍​ខេត្ត មក​ដល់​ពេល​នេះ​យើង​បាន​រៀបចំ​បង្កើត​ក្រុមការងារ​៤​ក្រុម សម្រាប់​ចុះ​រៀបចំ​គ្រប់គ្រង​សកម្មភាព​សេវាកម្ម​ទេសចរណ៍​ផ្សេង​ៗ នៅ​គ្រប់​តំបន់​រមណីយដ្ឋាន​ដូច​ជា ណែនាំ​ការ​ថែរក្សា​អនាម័យ​បរិស្ថាន សុវត្ថិភាព និង​អនាម័យ​ចំណី​អាហារ បដិសណ្ឋារកិច្ច ការ​គ្រប់គ្រង​តម្លៃ​សេវា​កម្ម​ម្ហូបអាហារ​ផ្សេង​ៗ ។

លោក​បន្ថែម​ថា នេះ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​និង​រៀបចំ ហើយ​កន្លង​មក​ថ្មី​ៗ​នេះ ក្រសួង​ទេស​ចរណ៍​បាន​ចេញ​នូវ​ការ​ណែនាំ​មួយ ហើយ​រដ្ឋបាល​ខេត្ត​ក៏​បាន​ចេញ​ការ​ណែនាំ​មួយ ។ ដោយ​យោង​តាម​រយៈ​ការ​ណែនាំ​របស់​ក្រសួង និង​រដ្ឋបាល​ខេត្ត ក្នុង​នាម​មន្ទីរ​ជំនាញ ក៏​បាន​ចេញ​លិខិត​មួយ​ណែនាំ​ដល់​សេវាកម្ម​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​រក្សា​នូវ​ភាព​សុក្រឹត និង​សុវត្ថិភាព រាល់​សេវាកម្ម​ជូន​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក្នុង​ទឹកដី​ខេត្ត​កំពត​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ