ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ផា ធ្វើ​ពី​ដើម​ឬ​ស្សី នៅ​តែ​ជា​ប្រ​យោន៍​ប្រើប្រាស៎​របស់​អ្នកស្រុក​សេ​សាន

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

អ្នកស្រុក​សេ​សាន បន្ត​ទម្លាប់​បុរាណ ផលិត​ឧបករណ៍​ប្រើប្រាស់​ធ្វើ​ពី​ដើម​ឫស្សី ដើម្បី​ដាក់​របស់របរ​ជំនួស​កន្ត្រក​យួរដៃ ហើយ​អាច​ស្ពាយ​ខាង​ខ្នង​បាន​នោះ អ្នក​ភូមិភាគ​ឥ​សាន្ត ហៅ​ថា

ខេត្តស្ទឹងត្រែង ៖ អ្នកស្រុក​សេ​សាន បន្ត​ទម្លាប់​បុរាណ ផលិត​ឧបករណ៍​ប្រើប្រាស់​ធ្វើ​ពី​ដើម​ឫស្សី ដើម្បី​ដាក់​របស់របរ​ជំនួស​កន្ត្រក​យួរដៃ ហើយ​អាច​ស្ពាយ​ខាង​ខ្នង​បាន​នោះ អ្នក​ភូមិភាគ​ឥ​សាន្ត ហៅ​ថា កា​ផា ។

បើ​តាម​ស្ត្រី​ម្នាក់​វ័យ​៦៣​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច គាត់​មានឈ្មោះ ខាំ ប៉ង់ បាន​បញ្ជាក់​ប្រាប់​ថា កា​ផា ជា​សម្ភារៈ​ប្រើប្រាស់​មួយ​បែប​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ហើយ​សម្ភារៈ​ទាំងនេះ ផលិត​ឡើង​អំពី​ឫស្សី​, ផ្ដៅ​, រំ​ពាក់ ឬ​វ័​ល្លិ​ស្នឹង​ជាដើម តែ​បច្ចុប្បន្ន​នេះ ពុំ​សូវ​មាន​អ្នក​ផលិត​ប្រើប្រាស់ និង​លក់ដូរ​ទេ​។

ស្ត្រី​រូប​នេះ​បន្ត​ថា ការ​ផលិត​សម្ភារៈ​នេះ ត្រូវ​បាន​បោះបង់​ចោល​ក្នុង​របប​ខ្មែរក្រហម ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ក្រោយ​ថ្ងៃ​រំដោះ​៧​កម​រា ទើប​នាំ​គ្នា​ធ្វើ គ្រាន់តែ​ប្រើប្រាស់​ប្រចាំ​គ្រួសារ និង​លក់ដូរ​ខ្លះ​ដើម្បី​កុំឱ្យ​បាត់​ចំណេះ​តំណ​ពី​ឪពុក​ម្ដាយ​។ ដែល​ម៉ែ​តែង​ណែនាំ​ថា អស់ពី​គាត់​ទៅ អត់​មាន​អ្នក​ណា​ធ្វើ​ឱ្យ​ប្រើ​ទេ ចង់​ឲ្យ​កូន​ខ្មែរ​យើង​ចេះ​ធ្វើ​បន្ត​ទៀត កុំអោយ​បាត់ យក​គំរូ​ដើម តាំងពី​បុ​រម​បុរាណ​ជីដូន​ជីតា​មក​។

បើ​តាម​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សែន ញ៉ុ​ប រស់នៅ​ភូមិ​កំ​ភុ​ន បាន​លើក​ឡើង​ថា សម្ភារៈ​មួយ​បែប​នេះ ប្រជាជន​យើង​នៅ​ទី​ជនបទ​មិន​ដែល​មើល​រំលង​ទេ ទោះបី​បច្ចុប្បន្ន មាន​សម្ភារៈ​និយម​ច្រើន ដែល​នាំ​ចូល​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទិញ​យក​ទៅ​ប្រើប្រាស់​ជំនួស​ក៏​ដោយ​។

ស្ត្រី​ដដែល​ថា បងប្អូន​ជនជាតិ​ដើម​ភាគតិច​យើង​នៅ​តែ​ព្យាយាម​ប្រើប្រាស់ កា​ផា នេះ ជា​ប្រចាំ ព្រោះ​វា​ស្រួល​ថែរក្សា​មិន​បែកបាក់ នៅ​ពេល​ដាក់​របស់របរ​យក​ទៅ​ស្រែ​ចម្ការ ។ ទៅ​តាម​ស្រែ​តាម​ចម្ការ​វា​ស្រួល​ដាក់​បាយ ដាក់​ចាន ដាក់​ម្ហូប​ទៅ​រក​ដំឡូង រក​កង្កែប អី​គេ​ស្ពាយ​វា​ស្រួល ឥឡូវ​គេ​នៅ​តែ​មិន​ចោល​ទេ នៅ​តែ​ប្រើ​រហូត​។

ចំណែក​លោក ខាវ វិ​ន មេ​ភូមិ​កា​រតូត តំណាង​ឱ្យ​បងប្អូន​ជនជាតិ​ដើម​ភាគតិច បាន​កត់​សម្គាល់ថា សម្ភារៈ​ប្រើប្រាស់ កា​ផា គឺជា​អត្តសញ្ញាណ​មួយ ដែល​បងប្អូន​ជនជាតិ​គួ​យ​, ព្នង​, ព្រៅ​, ស្ទៀង​, ចា​រាយ​, កា​វែ​ត​, ទំពួន​, គ្រឹ​ង​, ខិ និង​លន់​ជាដើម នៅ​និយម​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

លោក​បន្ត​ថា នេះ​ក៏​ជា​ផលិតផល​មួយ ចាត់ទុកជា​មរតក ដែល​បងប្អូន​យើង​ចេះ​ធ្វើ​ពី​ដូនតា​មក ហើយ​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ពេញ​និយម​ចង់​ដឹង ចង់​ឃើញ និង​ស្វែង​យល់​ពី​ប្រវត្តិ កា​ផា នេះ ហើយ​ភ្ញៀវ​ខ្លះ​ទៀត បាន​ទិញ​យក​ទៅ​រក្សា​ទុក ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ​។

សូម​បញ្ជាក់​ថា សម្ភារៈ​ប្រើប្រាស់​មួយ​បែប​នេះ មាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង​ផលិត​នៅ​ឃុំ​ក្បាល​រមាស​, ជនជាតិ​ព្រៅ ផលិត​នៅ​ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន និង​បងប្អូន​ជនជាតិ​គួ​យ ផលិត​នៅ​ឃុំ​ចំការលើ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ