ទទួលទានអាហារដែលជួយផ្តល់នូវកម្លាំងថាមពលដល់រាងកាយនិងផ្លូវចិត្ត គឺជារឿងសំខាន់បំផុតដែលស្ត្រីគួរធ្វើបន្ទាប់ពីការសម្រាលកូនរួច ។ អាហារដែលសម្បូរដោយសារធាតុចិញ្ចឹមគឺជាតម្រូវការចាំបាច់ជួយទ្រទ្រង់ដល់គុណភាពទឹកដោះម្តាយ ។ មួយវិញទៀត ស្ត្រីនឹងត្រូវប្រើប្រាស់ថាមពលបម្រុងទ្រទ្រង់រាងកាយរបស់ខ្លួនដើម្បីចិញ្ចឹមកូន។ តើអាហារអ្វីខ្លះដែលពួកគេគួរទទួលទាន ?
១-ត្រីសូម៉ុង ៖ ដូចជាពពួកត្រីសម្បូរខ្លាញ់ដទៃទៀតដែរ សូម៉ុងផ្ទុកទៅដោយប្រភេទខ្លាញ់មានឈ្មោះថា DHA ។ DHA ជាអាហារចិញ្ចឹមដ៏សំខាន់ដែលផ្តល់គុណប្រយោជន៍ជាពិសេសលើការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទរបស់ទារកកំពុងស្ថិតក្នុងការបំបៅដោះ ។ ពិតណាស់ ក្នុងទឹកដោះម្តាយរាល់រូបគឺសុទ្ធតែមាន DHA ប៉ុន្តែអ្វីដែលខុសគ្នារវាងម្តាយម្នាក់ទៅម្តាយម្នាក់គឺកម្រិតនៃសារធាតុចិញ្ចឹមនេះ ។ ស្ត្រីខ្លះមានសារធាតុនេះខ្ពស់ក្នុងទឹកដោះ គឺតាមរយៈរបបអាហារទទួលទានប្រចាំថ្ងៃ ។ ប៉ុន្តែស្ត្រីដែលកំពុងពពោះគួរតែកំណត់ចំនួនទទួលទានត្រីសូម៉ុងដ្បិតត្រីនេះក៏មានផ្ទុកសារធាតុបារ៉តផងដែរ ។
២-ផលិតផលទឹកដោះគោដែលមានខ្លាញ់តិច ៖ ផលិតផលធ្វើពីទឹកដោះគោមានដូចជា យ៉ាអួ ឬហ្វ្រូម៉ាគឺជាអាហារជួយជំរុញដល់សុខភាពស្ត្រីកំពុងបំបៅដោះកូន ។ ក្រៅពីផ្តល់ឱ្យនូវវីតាមីន B វីតាមីន D និងប្រូតេអុីន ផលិតផលពីទឹកដោះគោក៏ជាប្រភពដ៏សម្បូរបែបរបស់កាល់ស្យូមផងដែរ ។ ដើម្បីជំនួយដល់ការលូតលាស់ឆ្អឹងទារក ស្ត្រីជាម្តាយគួរទទួលទានអាហារដែលសម្បូរដោយសារធាតុកាល់ស្យូម ។ ស្ត្រីគួរផឹកទឹកដោះគោយ៉ាងហោចណាស់៣ពែងក្នុងមួយថ្ងៃ ។
៣-សាច់សុទ្ធគ្មានខ្លាញ់ ៖ សាច់គ្មានខ្លាញ់ជាពិសេសសាច់គោដែលសម្បូរដោយសារធាតុដែកពិតជាអាចជួយបង្កើនថាមពលដល់ស្ត្រីកំពុងបំបៅដោះកូន ។ ខ្វះខាតសារធាតុដែកអាចធ្វើឱ្យកម្រិតថាមពលថយចុះ មិនអាចឆ្លើយតបនឹងសេចក្តីត្រូវការរបស់ទារកទើបកើត ។ លើសពីនេះ ស្ត្រីបំបៅដោះកូនក៏គួរតែទទួលទានប្រូតេអុីនបន្ថែមនិងវីតាមីន B12ផងដែរ ហើយសាច់គោដែលគ្មានជាប់ខ្លាញ់សម្បូរដោយសារធាតុចិញ្ចឹមទាំងពីរនេះ ។
៤-ពពួកសណ្តែកធ្វើនំឬបង្អែម ៖ សណ្តែកទាំងនេះជាពិសេសសណ្តែកខ្មៅនិងសណ្តែកអង្គុយសម្បូរទៅដោយសារធាតុដែកដែលជាអាហារចាំបាច់សម្រាប់ស្ត្រីកំពុងបំបៅដោះកូន ។
៥-អង្ករសម្រូប ៖ អង្ករសម្រូបផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនយ៉ាង ។ បើទោះមិនមានរសជាតិឆ្ងាញ់ដូចអង្ករធម្មតា ប៉ុន្តែវាមិនមានផ្ទុកសារធាតុកាបូអីុដ្រាតច្រើនទេ ។ ទទួលទានអង្ករនេះនឹងជួយទប់ទល់ការឡើងទម្ងន់ទារកកំពុងបំបៅដោះ ជាពិសេសជួយផ្តល់កាឡូរីបន្ថែមដល់ម្តាយ ។
៦-ក្រូចពោធិ៍សាត់ ៖ វាជាអាហារដ៏ល្អឯកជួយបង្កើនថាមពលដល់ស្ត្រីទើបសម្រាលកូនរួច ។ ក្រូចពោធិ៍សាត់និងក្រូចផ្សេងៗទៀតជាប្រភពនៃវីតាមីន C ដែលជាតម្រូវការចាំបាច់សម្រាប់ស្ត្រីកំពុងបំបៅដោះកូន ។
៧-ស៊ុត ៖ ស៊ុតជាប្រភពដែលសម្បូរបែបដោយប្រូតេអុីន ។ អ្នកអាចច្នៃទទួលទានជាមួយអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ។
៨-ពពួកបន្លែស្លឹកពណ៌បៃតង ៖ បន្លែស្លឹកពណ៌បៃតងជាពិសេសបណ្តាបន្លែស្ពៃ(ខាត់ណា ស្ពៃស្លឹកធាងពណ៌ក្រហម ស្ពៃស្លឹក Spinach…) សម្បូរទៅដោយវីតាមីន A ដែលជាតម្រូវការចាំបាច់សម្រាប់ម្តាយនិងកូន ។
៩-ទឹក ៖ ស្ត្រីកំពុងបំបៅដោះកូនប្រឈមខ្លាំងបំផុតនឹងការខ្វះជាតិទឹកក្នុងខ្លួន ។ ដើម្បីរក្សាបាននូវកម្រិតថាមពលនិងកំណើនផលិតកម្មទឹកដោះ ស្ត្រីគប្បីរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់។ អ្នកអាចផ្លាស់ប្តូរជម្រើសផ្សេងៗដើម្បីបំពេញសេចក្តីត្រូវការវត្ថុរាវប្រចាំថ្ងៃតាមរយៈការផឹកទឹកដោះគោឬទឹកផ្លែឈើស្រស់ ប៉ុន្តែភេសជ្ជៈកាហ្វេនិងតែគួរតែជៀសវាង ៕
ចែករំលែកព័តមាននេះ