ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានអះអាងថា ប្រពន្ធខ្លួនចុះចោលទៅមានប្រុសថ្មីចោលប្តី និងកូនប្រុសស្រី៣នាក់បាត់ទៅហើយ ឱ្យខ្លួនជាអ្នកគ្រប់គ្រង ដែលពេលនេះគាត់កំពុងជួបបញ្ហាកង្វះខាតជីវភាពជាខ្លាំង ណាខ្លួនឈឺ ណាប្រពន្ធខ្លួនដែលចុះចោល ទៅខ្ចី ប្រាក់ពីអង្គការជាច្រើនទៀត ទុកបន្ទុកលើគាត់ជាអ្នកសងជំនួស។ បុរសនិងកូន៣នាក់ ដែលត្រូវប្រពន្ធចុះចោលខាងលើនេះ មានទីលំនៅភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅលើគ្រែរនាបឫស្សី ក្រោមផ្ទះម្តាយបង្កើតបុរសអភ័ព្វសេ្នហ៍បានរៀបរាប់ថា គាត់មានឈ្មោះហឿន សីហា អាយុ៣៧ឆ្នាំ កាលពីជាង១០ឆ្នាំមុន គាត់បានរៀបការជាមួយនារីម្នាក់ឈ្មោះ វន ស្រីណេន អាយុប្អូនគាត់២ឆ្នាំ ដែលជាអ្នកស្រុកភូមិជាមួយគ្នា និងបានរស់នៅដោយមានសេចក្តីសុខក្សេមក្សាន្ត ក្នុងមុខរបរគាត់ជាជាងសំណង់ក្នុងខេត្ត ហើយចំណងដៃស្នេហាបង្កើតបានកូនប្រុសស្រី៣នាក់ កូនបងអាយុ១២ឆ្នាំ កូនប្អូនអាយុ៥ឆ្នាំ ។
ដោយសារស្ថានភាពគ្រួសារ និងដោយសារធ្វើសំណង់នៅក្នុងខេត្ត ជិតៗផ្ទះមិនសូវបានប្រាក់ច្រើន គាត់ក៏ទៅធ្វើការជាជាងសំណង់នៅរាជធានីភ្នំពេញ ជាមួយប្រពន្ឋ ដោយទុកកូន៣នាក់ឱ្យនៅជាមួយជីដូនវា ។ ក្រោយពីធ្វើជាងសំណង់នៅភ្នំពេញ បានជាងកន្លះឆ្នាំ មិនទទួលបានលទ្ធផលសល់ប្រាក់កាស គឺគ្រាន់តែបានមួយរស់ៗ ណាថ្លៃឈ្នួលស្នាក់នៅ ណាប្រាក់ផ្ញើឱ្យកូន គាត់ក៏បបួលប្រពន្ធត្រឡប់មកផ្ទះវិញ ។ កាលណោះគាត់និងប្រពន្ធបានមកផ្ទះនៅខេត្តកំពង់ឆ្នាំងវិញ នៅខែមិនា ឆ្នាំ២០១៦ និងបានរកការងារធ្វើជាជាងសំណង់បន្តទៀត ។ តែកាលនោះរកការងារមិនទាន់បានធ្វើ ប្រពន្ធគាត់បានសុំគាត់ទៅធ្វើការនៅភ្នំពេញវិញ ទោះបីគាត់ឃាត់បែបណា ក៏មិនព្រមស្តាប់ដែរ នាងក៏បានចេញទៅធ្វើការនៅភ្នំពេញវិញបាត់ទៅ ។
បុរសជាប្តីបានបន្តដោយទឹកមុខស្រងូតថា ពេលទៅធ្វើការនៅភ្នំពេញ ប្រពន្ធគាត់មិនដែលផ្ញើប្រាក់កាសមកគាត់ជួយចិញ្ចឹមកូនឡើយ ។ មិនត្រឹមតែប៉ុណ្ណឹងទេ កាលពីជាង៣ខែមុននេះ ប្រពន្ធគាត់បានត្រឡប់មកវិញ តែមិនបានមកផ្ទះគាត់មើលកូននិងប្តីទេ នាងបានទៅផ្ទះម្តាយនាង ដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាន ។ ពេលនោះគាត់ខំនាំកូនទាំង៣នាក់ទៅជួបម្តាយវា ស្រាប់តែអ្វីដែលស្មានមិនដល់ ប្រពន្ធគាត់មិនខ្ចីមើលមុខកូន និងរូបគាត់ឡើយ ហើយនាងបានទូរស័ព្ទទៅណាមិនដឹងទេ ស្រាប់តែរំពេចនោះមានមនុស្សប្រុសម្នាក់ បានជិះម៉ូតូមួយគ្រឿងមកដឹកប្រពន្ធគាត់ ចេញទៅភ្នំពេញវិញយ៉ាងប្រញាប់បំផុត ទោះបីកូនៗខំស្រែកហៅម៉ែៗយ៉ាងណាក្តី ។
ប្តីអង្គុយអោបកូននិយាយរៀបរាប់ទៀតថា ជាមួយនិងទង្វើមិនគប្បី ជាស្ត្រីខ្មែរខាងលើនេះ ប្រពន្ធគាត់បានផ្តាំផ្ញើតាមគេមកប្រាប់គាត់ថា យើងអស់កម្មពៀរនឹងគ្នាហើយ បែកគ្នាត្រឹមហ្នឹងចុះ។ គាត់បានដឹកដៃនិងពរកូនតូចត្រឡប់មកផ្ទះវិញ ទាំងរន្ធត់ និងនឹកក្នុងចិត្តថា ប្រពន្ឋគាត់មានថ្មីចោលគាត់ នេះបានហៅថា នាំឱ្យស្គាល់ភ្នំពេញឈ្លក់ទឹកម៉ាស៊ីនមែន ។
បុរសរូបនោះបានបន្តដោយក្តីអស់សង្ឃឹមថា ប្រពន្ធគាត់មិនត្រឹមតែក្បត់ចិត្តគាត់ប៉ុណ្ណឹងទេ កាលនៅជាមួយគ្នាប្រពន្ឋគាត់បានខ្ចីលុយ អង្គការជាច្រើន ដែលពេលនេះដីដែលគាត់រស់នៅបានស្ថិតក្នុងដៃស្ត្រីម្នាក់ ដែលជាអ្នកចេញលុយសងអង្គការជំនួស និងបានពពាយនាយលក់ដីនោះសងស្ត្រីនោះវិញ សល់ប៉ុន្មានគ្រាន់នឹងចិញ្ចឹមកូនបន្ត ។ ពាក់ព័ន្ធដល់ថា ចុះបើលក់ដីបានដីអីនៅ បុរសរូបនោះថា ពេលនេះម៉ែបង្កើតក៏ឱ្យមករស់នៅជាមួយគាត់វិញដែរ ។
ជាចុងក្រោយ បុរសរូបនោះថា គាត់មិនអាចយកប្រពន្ធនោះទៀតបានទេ បើទោះជានាងត្រឡប់មកវិញក្តី គឺសុំតែម្យ៉ាងឱ្យប្រពន្ធគាត់ផ្ញើលុយកាក់មកជួយចិញ្ចឹមកូនៗផង ព្រោះពេលនេះគាត់អស់លទ្ធភាពហើយ និងម្យ៉ាងវិញទៀត សូមជួយសងប្រាក់ដែលខ្ចីអង្គការផង ព្រោះពេលនេះម្ចាស់លុយដែលគេជួយចេញសងជំនួស ជិតរឹបអូសយកដីនោះអស់ហើយ ។
ស្ត្រីម្នាក់ឈ្មោះ ស៊ុន ធំ ដែលត្រូវជាម្តាយមីងបុរសខាងលើបានប្រាប់ថា វេទនាទាំងរស់ពូ ! (ប្រាប់ភ្នាក់ងារយើង) សព្វថ្ងៃរកអីស៊ីមិនបាន ជើងដំបៅដើរមិនរួច (ចង្អុលទៅបុរសកូនបីប្រពន្ឋរត់ចោល) កុំតែបានម្តាយប្រកបរបរធ្វើអំបោសលក់ ចេះតែជួយចញ្ចឹមទៅ ។ សព្វថ្ងៃនេះបានវិហារយ៉េស៊ូនៅជិតនឹង ក្មេងៗវាទៅស៊ីជាមួយគេទៅ ព្រោះគេធ្វើបាយម្ហូបឱ្យក្មេងៗមួយពេលថ្ងៃត្រង់ដែរ ។ គាត់បន្តថា សូមសប្បុរជនមេត្តាអាណិតជួយវា និងកូនៗវាទាំង៣នាក់នេះផង ។
ទោះយ៉ាងណា នេះជាការបកស្រាយរបស់ភាគីខាងប្តីតែប៉ុណ្ណោះ ។ ចំណែកភាគីខាងប្រពន្ធវិញ យើងមិនអាចសុំការបំភ្លឺបានទេ ហើយយើងនឹងរីករាយរង់ចាំបំភ្លឺជូនគ្រប់ពេលវេលា ប្រសិនបើនាងបានទទួលដំណឹងនេះ ៕


ចែករំលែកព័តមាននេះ