គូស្នេហ៍ជនជាតិឥណ្ឌាលោកDinesh និងនាងTara Kesh Wari ជាប៉ូលិសនៅក្រុង Pune បានប្រកាសថាពួកគេឡើងដល់កំពូលភ្នំអេវើរ៉េសដែលខ្ពស់បំផុតនៅលើពិភពលោក កាលពីថ្ងៃទី២៣ ឧសភា ២០១៦ ។ គូស្នេហ៍នោះបានធ្វើសន្និសីទកាសែតនៅក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ កាលពីថ្ងៃទី៥ មិថុនា ធ្វើឱ្យមានការចាប់អារម្មណ៍ថាជាគូស្នេហ៍ដំបូងគេឡើងដល់កំពូលភ្នំនោះ ។ ទោះជាយ៉ាងណាក្តី អ្នកឡើងភ្នំដូចគ្នាបានសង្ស័យថារូបភាពកំពូលភ្នំដែលពួកគេបង្ហាញនោះទំនងជារូបភាពកាត់ត ។
នាយកដ្ឋានទេសចរណ៍របស់នេប៉ាល់បានប្រគល់លិខិតទទួលស្គាល់ការឡើងដល់កំពូលភ្នំអេវើរ៉េសដល់គូស្នេហ៍នោះ ។ ទោះជាយ៉ាងណាក្តី ដោយមានការសង្ស័យបែបនោះទើបស៊ើបអង្កេត ហើយសន្និដ្ឋានកាលពីថ្ងៃទី២៩ សីហាថា គូស្នេហ៍ឥណ្ឌានោះកុហក ដូច្នេះដាក់ទោសពួកគេដោយហាមឡើងភ្នំនៅនេប៉ាល់ ក្នុងរយៈពេល១០ឆ្នាំ ។
លោក Sudarshan Prasad ប្រធាននាយកដ្ឋានទេសចរណ៍នេប៉ាល់ថ្លែងថា តាមការវិភាគលើរូបថតឃើញថា ពួកគេយករូបថតរបស់ខ្លួនទៅដាក់ពីលើរូបថតរបស់អ្នកឡើងភ្នំជនជាតិឥណ្ឌាម្នាក់ទៀតនៅកំពូលភ្នំអេវើរ៉េស ខណៈពេលនាយកដ្ឋានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកទាំង២ ជាច្រើនលើក ប៉ុន្តែមិនទទួលកិច្ចសហការក្នុងពេលស៊ើបអង្កេតទេ ។
អាជ្ញាធរនេប៉ាល់បញ្ជាក់ថា មានអ្នកជោគជ័យឡើងដល់កំពូលភ្នំអេវើរ៉េសសរុបចំនួន៤៥៦នាក់ ក្នុងនោះមានជនបរទេសជាង២៥០នាក់ និងរដូវនៃការឡើងភ្នំចុងក្រោយទើបបញ្ចប់កាលពីពេល ថ្មីៗកន្លងមក ។
ការឡើងភ្នំអេវើរ៉េសជាប្រភពនៃចំណូលដ៏សំខាន់របស់ប្រទេសក្រីក្រនៅតំបន់ហិមាល័យ និងក្នុងរដូវនៃការឡើងភ្នំដែលដំណើរការយ៉ាងល្អនៅក្នុងឆ្នាំនេះ រំពឹងថានឹងជួយជំរុញឧស្សាហកម្មទេសចរណ៍យ៉ាងច្រើន ក្រោយពីរងការប៉ះពាល់ធ្ងន់ពីរញ្ជួយដីកាលពីឆ្នាំ២០១៥ បង្កឱ្យមានអ្នកស្លាប់បាត់បង់ជីវិតជិត៩ពាន់នាក់នៅទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ