ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា ក្មេងៗប្រសូតពីម្តាយដែលផឹកទឹកដោះគោជាប្រចាំអំឡុងពេលពពោះអាចនឹងមានកម្ពស់ខ្ពស់នៅពេលពួកគេធំពេញវ័យ។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រទេសអីុស្លង់ដាណឺម៉ាក និងសហរដ្ឋអាមេរិកដែលបានតាមដានពិនិត្យលើក្មេងៗ៨០៩នាក់កើតក្នុងទសវត្សឆ្នាំ១៩៨០រហូតដល់ធំពេញវ័យ រកឃើញថា កម្ពស់របស់ពួកគេពេលធំពេញវ័យជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបរិមាណទឹកដោះគោដែលម្តាយរបស់ពួកគេផឹកអំឡុងពេលពពោះ ។
លទ្ធផលនៃការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ European Journal of Clinical Nutrition នេះបង្ហាញទៀតថា ក្មេងៗវ័យជំទង់ដែលកើតពីម្តាយធ្លាប់បានផឹកទឹកដោះគោច្រើនអំឡុងពេលពពោះ(ចំណុះច្រើនជាង១៥០មីល្លីលីត្រក្នុងមួយថ្ងៃ)ជាទូទៅមានកម្ពស់ខ្ពស់ជាងក្មេងដែលកើតពីម្តាយមិនផឹកទឹកដោះគោឬផឹកតិចតួចអំឡុងពេលពពោះ ។ បន្ថែមពីលើនេះទៀត ក្មេងៗដែលកើតពីម្តាយផឹកទឹកដោះគោច្រើនក្នុងពេលពពោះប្រឈមតិចតួចនឹងជំងឺទឹកនោមផ្អែមប្រភេទ២ ដ្បិតនៅក្នុងចរន្តឈាមរបស់គេមានផ្ទុកអ័រម៉ូនអាំងស៊ុយលីនកម្រិតខ្ពស់ ។
បញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ក្រុមអ្នកស្រាវបានរៀបរាប់ថា ការប្រើប្រាស់ទឹកដោះគោអំឡុងពេលពពោះ មានប្រសិទ្ធភាពលើទម្ងន់និងកម្ពស់របស់កូន ។ លទ្ធផលនៃការសិក្សាបានបង្ហាញទៀតថា ប្រសិទ្ធភាពខាងដើមអាចលេចរូបរាងកាន់តែច្បាស់នៅពេលក្មេងឈានចូលដល់វ័យជំទង់ ។
ដោយឡែក កាលពីដើមឆ្នាំក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសក៏បានរកឃើញផងដែរថា ស្ត្រីមានផ្ទៃពោះអាចបង្កើនកម្រិតវ័យឆ្លាត (IQ)របស់កូនខ្លួនបាន ដោយគ្រាន់តែផឹកទឹកដោះគោប៉ុណ្ណោះ ។ ប្រសិទ្ធភាពបែបនេះ ក៏ព្រោះនៅក្នុងទឹកដោះគោត្រូវគេរកឃើញសម្បូរទៅដោយសារធាតុអីុយ៉ូដ (iodine) ។ ក្រោយពីការសិក្សាពិសោធន៍លើស្ត្រីមានផ្ទៃពោះ១ពាន់នាក់ អ្នកស្រាវជ្រាវបានពិនិត្យឃើញថា ស្ត្រីមានផ្ទៃពោះដែលប្រើប្រាស់អីុយ៉ូដ(ជាសារធាតុមាននៅក្នុងសាច់ត្រីនិងបណ្តាផលិតផលធ្វើពីទឹកដោះគោផងដែរនោះ)កម្រិតតិចតួច ភាពវៃឆ្លាតកូនៗរបស់គេក៏ដូចជាសមត្ថភាពអានស្ថិតក្នុងកម្រិតមួយយ៉ាងទាប ៕
ចែករំលែកព័តមាននេះ