ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ទារក​កើតមក​ភ្លាមស្រាប់តែ​មាន​បញ្ហា​ភ្នែក​ក្រហម ?

7 ឆ្នាំ មុន

លោក​វេជ្ជបណ្ឌិត ហេង សុផល ឯកទេស​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជំងឺភ្នែកក្រហម​ដែល​កើត​មាននៅ​លើ​ទារក​ទើបតែ​សម្រាល​(១​ខែ​ដំបូង​)​នេះ វា​អាច​បណ្តាល​មក​

លោក​វេជ្ជបណ្ឌិត ហេង សុផល ឯកទេស​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជំងឺភ្នែកក្រហម​ដែល​កើត​មាននៅ​លើ​ទារក​ទើបតែ​សម្រាល​(១​ខែ​ដំបូង​)​នេះ វា​អាច​បណ្តាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូច​ជា​៖

-​ការ​បង្ក​រោគ​នៅ​លើ​ភ្នែក​ទារក​នៅ​ក្នុង​កំឡុង​ពេល​ផ្តល់​កំណើត ឬ​ក្រោយ​ពេល​កើត ។
-​ការ​កង្វះ​អនាម័យ​ក្នុង​ការ​ថែទាំ​ទារក​មិន​បាន​ស្អាត​ល្អជា​ពិសេស​ភ្នែក ។
 -​ករណី​មួយ​ចំនួន​អាច​កើត​មាន​ឡើង ដោយសារ​ប្រតិកម្ម​តប​ទៅ​នឹង​ការ​រលាក​សារធាតុ​គីមី​ណាមួយ ។
-​ការ​បង្ក​រោគ អាច​បណ្តាល​ពី​ពពួក​បាក់តេរី​ដូច​ជា Chlamydia trachomatis, Neisseriagonorrhoeae, Staphylococcus aureus, Streptococcus pneumoniae និង​ប្រភេទ​មេរោគ​ផ្សេង​ទៀត ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ម្តាយ ឬ​អាណាព្យាបាល​ទារក​គ្រប់​រូប​អាច​សម្គាល់​ជំងឺភ្នែកក្រហម​នេះ​តាម​រយៈ​សញ្ញា​មួយ​ចំនួន​ដូច​ជា ៖
-​ទារក​អាច​មានការ​ឈឺចាប់​ហើយ​យំ
-​មាន​ហើម​ត្របកភ្នែក
-​ភ្នែក​ក្រហម
-​ហើម​ភ្នាស​គ្រាប់ភ្នែក
-​មាន​អាចម៍​ភ្នែក​ជា​សំបោរ​អន្ធឹល​ៗ
-​អាច​មាន​ជា​ខ្ទុះ​ស្អិត​នៅ​លើ​ភ្នែក​ម្ខាង ឬ​ទាំង​សងខាង​របស់​ទាក ។

ភាគច្រើន​នៃ​ជំងឺ​នេះ ជំងឺភ្នែកក្រហម​គឺជា​ជំងឺ​ស្រាល​កម្រ​នឹង​មាន​គ្រោះថ្នាក់​ដល់​ភ្នែក​ទារក​ណាស់ ប៉ុន្តែ​បើសិនជា​ជំងឺ​មានការ​ឆ្លង​មេរោគ​ដោយសារ​តែ​ពពួក​មេរោគ Neisseria gonococcal នោះ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ទារក ព្រោះ​ដោយសារ​តែ​មេរោគ​ប្រភេទ​នេះ វា​មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស ដែល​វា​ធ្វើ​ឱ្យ​សភាព​ជំងឺ​កាន់តែ​ធ្ងន់​រហូត​ដល់​មានការ​ខូច​កញ្ចក់ភ្នែក ឬ​ធ្វើ​ឱ្យ​ទារក​មើល​មិនឃើញ​ជា​រៀង​រហូត ។

ដូច្នេះ​អ្វី​ដែល​ល្អ​បំផុត នៅ​ពេល​ដែល​មានការ​សង្ស័យ​ថា កូនលោក​អ្នក​កើត​មាន​ជំងឺភ្នែកក្រហម គួរតែ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ និង​ព្យាបាល​ទាន់​ពេលវេលា ៕