ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទៅ​ឆក់​ត្រី អត់​ឃើញ​មក​វិញ តាម​រក​ឃើញ​តែ​ប្រដាប់​ឆក់

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​កសិករ​២​នាក់​បាន​ចេញ​ទៅ​ឆក់​ត្រី​ជាមួយ​គ្នា តែ​មិនឃើញ​ត្រឡប់​មក​វិញ​សោះ ត្រូវ​បាន​ក្រុម​គ្រួសារ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​រក …

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​កសិករ​២​នាក់​បាន​ចេញ​ទៅ​ឆក់​ត្រី​ជាមួយ​គ្នា តែ​មិនឃើញ​ត្រឡប់​មក​វិញ​សោះ ត្រូវ​បាន​ក្រុម​គ្រួសារ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​រក ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ច្បារ ស្ថិត​ក្នុងភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

លោក ខ្លូត សុ​ឃា អធិការ​នគរបាល​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ទាក់ទិន​ករណី​បាត់​មនុស្ស​ពី​ក្រុម​គ្រួសារ​រង​គ្រោះ លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​ដុតដៃដុតជើង​ដើរ និង​មុជទឹក​រាវរក​បុរស​២​នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ខែសីហា អំឡុង​ពេល​ដែល​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​ឆក់​ត្រី​នៅ​ចំណុច​អូរ​ច្បារ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ ។ 

លោក​អធិការ​នគរបាល​ស្រុក​កោះ​ញែក​បាន​បន្ត​ថា ក្រោយ​ការ​រ​រាវរក​រយៈពេល​ជា​ច្រើន​ម៉ោង ក្រុម​កា​ងារ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ក្នុង​ចំណោម​២​នាក់​ដែល​បាត់​ខ្លួន សង្ស័យ​លង់ទឹក​ពេល​កំពុង​តែ​នាំ​គ្នា​មក​ឆក់​ត្រី​នៅ​ចំណុច​កើតហេតុ រួម​ជាមួយ​ទូក​មួយ​គ្រឿង​ដែល​មាន​សម្ភារៈ​ឆក់​នៅ​លើ​ទូក​នោះ​ផង​ដែរ ។

លោក ខ្លូត សុ​ឃា បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ទាំង​២​នាក់ មាន ១-​ឈ្មោះ បាយ ឡោះ អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ឡាវ (​រាវរក​សព​ឃើញ​) , ២-​ឈ្មោះ គង់ គី​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ទាំង​២​នាក់​មានមុខរ​បរជា​កសិករ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​បុរស​ម្នាក់​ទៀត​សង្ស័យ​បាត់​ខ្លួន​ដោយ​លង់ទឹក​ជាមួយ​គ្នា ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​បន្ត​ការ​ស្វែងរក​បន្ត​ទៀត ៕